មនុស្សរាប់ពាន់នាក់ចូលរួមធ្វើបាតុកម្ម ទាមទារឱ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីដំណែង

បាងកក៖ ​ក្រុម​បាតុករ​រាប់​ពាន់​នាក់​ជិះ​រថយន្ត​ និង​កង់​ ​ប្រមូល​ផ្តុំ​គ្នា​នៅ​សង្កាត់​ផ្សារ​កណ្តាល​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ដែល​ជា​ការ​ប្រមូល​ផ្តុំ​ចល័ត​មួយ​នៅ​ទូទាំង​ប្រទេស​ថៃ​ ទាមទារ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ប្រាយុទ្ធ​ ចាន់អូចា​ ចុះ​ចេញ​ពី​តំណែង​ដោយសា​រ​ការ​បរាជ័យ​របស់​រដ្ឋាភិបាល​លើ​ការ​គ្រប់​គ្រង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​។​

ប្រទេស​​នេះ ​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ ដោយ​រហូត​មក​ទល់​ពេល​នេះ​ ​មាន​អ្នក​ឆ្លង​​ជាង​ ៩០៧ ០០០​ ករណី​ និង​មាន​អ្នក​ស្លាប់​ ៧ ៥៥១ ​នាក់​ដោយ​សារ​កូវីដ-១៩​ ។ ​ភាព​យឺតយ៉ាវ​នៃ​វ៉ាក់សាំង​​ រួម​ជាមួយ​បញ្ហា​ហិរញ្ញវត្ថុ​ពី​ការ​រឹត​បន្តឹង​អាជីវកម្ម​ជា​ច្រើន​សប្តាហ៍​ បាន​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បារ​ចំពោះ​រដ្ឋបាល​​​លោក​ប្រាយុទ្ធ​។​

​​ក្រោយមាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រមូល​ផ្តុំ​សាធារណៈ​អាច​ធ្វើ​ឱ្យ​វីរុស​កាន់​តែ​រីក​រាល​ដាល​​ ក្រុម​អ្នក​តវ៉ា​បាន​ចាប់​ផ្តើម​រៀប​ចំ​ក្បួន​រថយន្ត​ និង​ម៉ូតូ​ដ៏​ធំ​នៅ​តាម​ផ្លូវ​បំបែក​ធំ​ៗ​ ដែល​ធ្វើ​ឱ្យ​ស្ទះ​ផ្លូវ​នៅ​ក្រុង​បាងកក​។ ​ក្រុម​អ្នក​តវ៉ា​ដែល​ចូ​ល​រួម​ដោយ​ព្រះ​សង្ឃ​ ​និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ​បាន​បញ្ចេញ​ពន្លឺ​នៃ​ការ​តស៊ូ​ដោយ​ម្រាម​ដៃ​បី​។​

​លោក​ Nattawut ​Saikuar​ អ្នក​នយោបាយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយក​រដ្ឋ​មន្រ្តី​លោក​​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ (Thaksin Shinawatra) បាន​និយាយ​ថា​៖​ «​ដល់​ពេល​លោក​ប្រាយុទ្ធ​ហើយ​។ ​រដ្ឋាភិបាល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ថា​ពួក​គេ​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​ណាមួយ​ឡើយ​»។​

​បាតុកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ​ កើត​ឡើង​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​សប្តាហ៍​រវាង​ក្រុម​បាតុករ​ និង​ប៉ូលីស​ដែល​បាន​ប្រើ​​គ្រាប់​កាំភ្លើង​ជ័រ​ កាណុង​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បញ្ឈប់​ការ​ប្រមូល​ផ្តុំ​គ្នា​។ ​ការ​ប្រមូល​ផ្ដុំ​ដោយ​យាន​ជំនិះ​បែប​នេះ ​ក៏​ត្រូវ​បាន​គេ​គ្រោង​ទុក​ធ្វើ​ឡើង​នៅ​​ក្រុង​ឆ្នេរ​ប៉ាតាយ៉ា ​​ក៏​ដូច​ជា​នៅ​​ឈៀងម៉ៃ​ផង​ដែរ​​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner