អ្នកភូមិហោងសំណំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននាំគ្នាដើរ​ចាប់​សត្វកណ្តូបលក់ ព្រោះកណ្តូប បានក្លាយជាអាហារដ៏ពេញ​និយមសម្រាប់អ្នកបរិភោគទូទៅ ហើយមានតំលៃថ្លៃគួរសម

អត្ថបទដោយ៖
ជា សេឌី

 គេថាកណ្តូបជាសត្វចង្រៃ វាតែងបំផ្លាញផលដំណាំប្រជាកសិករពិសេសស្រូវនៅពេលពួកវាប្រមូលផ្តុំ។ វាតែងចុះស៊ីស្លឹកស្រូវពេល​ដែលស្រូវកំពុង​លូតលាស់ល្អ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះសត្វកណ្តូបចង្រៃ វាបានក្លាយទៅជាអាហារដ៏ពេញនិយមសម្រាប់អ្នកដែលតែងចូលចិត្តបរិភោគវា ហើយក៏កំពុងមានតំលៃមិនធម្មតាផងដែរ។ អ្នកភូមិហោងសំណំក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ បាននាំគ្នាដើរចាប់សត្វកណ្តូប ដើម្បីលក់​និងខ្លះទៀតចាប់ដើម្បីទុកហូប។ ពួកគាត់ថា កណ្តូបឆ្ងាញ់ បច្ចុប្បន្នមានតំលៃខ្ពស់ខុសពីឆ្នាំមុនៗ ដោយសារតែឈ្មួញប្រជែងគ្នាទិញ។ពួកគាត់អាចលក់បានក្នុងមួយគីឡូ២០០០០រៀលទៅ២៣០០០រៀល ខុសពីឆ្នាំមុនលក់បានតែ១០០០០រៀលទៅ១៥០០០រៀលប៉ុណ្ណោះ។ ក្នុងមួយយប់ ពួកគាត់ម្នាក់ៗអាចចាប់សត្វកណ្តូបនៅទីវាលស្មៅឬចំការអំពៅបានពី១គីឡូកន្លះ ទៅ២គីឡូ ដោយផ្តើមចាប់ពីម៉ោង៨យប់រហូតដល់​ម៉ោង១០ទៅ១១យប់​ក្បែររំលងអាធ្រាត ពេលចាប់បានគឺមានឈ្មួញគេឈរចាំទិញទាំងយប់ស្រេចតែម្តង។

លោក ចាន់ វែន រស់នៅក្នុងភូមិហោងសំណំ ឃុំហោងសំណំ ស្រុកឱរ៉ាល់ បាននិយាយថា ថ្ងៃឡើងលោកទៅស៊ីឈ្នួលធ្វើស្មៅក្នុងចំការស្វាយឱ្យគេ ឯប្រពន្ធទៅធ្វើការនៅរោងចក្រ។ យប់ឡើងពេលហូបបាយរួចក៏នាំប្រពន្ធ និងកូនទៅចាប់កណ្តូបជាមួយអ្នកភូមិប្រមាណជិត១០០នាក់ ។លោកថា កន្លងមកមិនដែលបានមកចាប់ទេ តែដោយឃើញគេផ្អើលនាំគ្នាមកចាប់ច្រើនពេកក៏សម្រេចមកចាប់នឹងគេដែរទៅ។ គេចាប់បានច្រើនៗរាល់យប់ តែសម្រាប់លោកទើបតែបានកន្លះធុងប៉ុណ្ណោះ។

លោក ទូច សារេន ជាអ្នកឈរចាំទិញកណ្តូបបានឱ្យដឹងថា លោកទើបតែចុះទិញក្នុងឆ្នាំនេះទេដោយឃើញគេនាំគ្នាទិញព្រោងព្រាតហើយបានចំនេញគួរសម។ក្នុងមួយយប់លោកទិញបានពី៤០ទៅ៥០គីឡូ ដោយទិញក្នុងមួយគីឡូ២០០០០រៀលទៅ២៣០០០រៀលតាមកណ្តូបតូចឬធំ។ សត្វកណ្តូបមានទីផ្សារល្អទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក ហើយបច្ចុប្បន្នសត្វកណ្តូបត្រូវបានគេនាំចេញទៅលក់នៅឯប្រទេសថៃព្រោះអាចចំនេញច្រើន។ អាជីវកររូបនេះក៏បានបញ្ជាក់ផងដែរថា អ្នកចុះចាប់កណ្តូបក្នុងមួយយប់មិនក្រោម១០០នាក់ទេ ហើយអ្នកទិញក៏ច្រើនគ្នាដែរ មានអ្នកទិញខ្លះជិះម៉ូតូកាត់ព្រៃចុះទៅទិញដល់កន្លែងអ្នកចាប់ក៏មាន ដើម្បីកាត់មុខអ្នកទិញផ្សេងទៀត។ ដូច្នេះបើគិតទៅមួយយប់ៗសត្វកណ្តូបដែលចាប់បានមានរាប់រយគីឡូឯណោះ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner