មន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូប ទទួលបាននីតិសម្បទានយោបាយឡើងវិញ

ភ្នំពេញៈមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូបហើយ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញគិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។ ដោយក្នុងចំណោម២៦រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី។ ចំណែកមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូប គឺមិនត្រូវបានអនុញ្ញាតផ្តល់សិទ្ធិនយោបាយឡើងវិញ ដោយសារធ្វើសកម្មភាពបំពាននឹងសាលដីការបស់តុលាការ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការបដិសេធផ្តល់នីតិសម្បទាឡើងវិញដល់លោក ជួង ជូងី លោក ញឹម គឹមញ៉ុល ជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ស៊ុន ចន្ធី អតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដោយតុលាការ ដោយសារបុគ្គលទាំងបីរូបនេះនាពេលកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងសាលដីការបស់តុលាការកំពូលដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។ លោក ជូង ជូងី និងលោកញឹម គឹមញ៉ុល ជាអតីតសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ចំណែកលោក ស៊ុន ចន្ធី បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

ចំណែកលោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា “ការដែលខ្ញុំមកបង្កើតគណបក្សថ្មី ព្រោះមិនសង្ឃឹមថា គណៈបក្សសង្គ្រោះជាតិ អាចរស់ឡើងវីញបាន និងជាពិសេសឃើញផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរដែលមិនអាចស្តារបាន ហើយមិនដឹងថា នរណាជាមេដឹកនាំពិតប្រាកដ ម្នាក់យករួចខ្លួនគ្មានការទទួលខុសត្រូវច្បាស់លាស់ ហើយនៅក្រៅច្បាប់មិនអាចធ្វើអ្វីបាន”។ រីឯលោក ផាន់ ចាន់ស័ក្តិ អតីតមេធាវីការពារលោកកឹម សុខា បានបញ្ជាក់ថា “គេចេញ មិនមែនគេក្បត់ទេ មកពីគេមើលឃើញច្បាស់ថា មេចោលម្សៀត មិនកើតជាការ។ អ្នកក្បត់ឆន្ទៈរាស្រ្ត គឺ សម រង្សី និងកឹម សុខា ដែលយល់ព្រមចូលសភានៅក្នុងឆ្នាំ២០១៤ រំសាយមហាបាតុកម្មដែលបាតុករខំលក់ឆ្កែ លក់ឆ្មាយកលុយមកតវ៉ាឯណោះទេ។ ចំណែកអ្នកដែលបានសុំសិទ្ធិធ្វើនយោបាយ និងចេញបង្កើតបក្សពេលនេះ គឺជាជនរងគ្រោះពិតប្រាកដដល់ទៅពីរត្រួត និងមិនមែនជាអ្នកក្បត់ឆន្ទះរាស្រ្តឡើយ។ ដូច្នេះក្បត់ឆន្ទះរាស្រ្តខ្លួនឯង កុំបំភ្លៃទម្លាក់កំហុសឱ្យគេឱ្យឯង”។

មន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ទាំង២៦រូប ដែលទទួលបាននីតិសម្បទានយោបាយវិញ មានដូចជា:
១. លោក គង់ គាំ អតីតឧត្តមទីប្រឹក្សានៃអតីតគណបក្សសង្គ្រោះជាតិ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
២. លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
៣. លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរអភិរក្ស។
៤. លោក ជីវ កត្តា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។
៥. លោក កង គឹមហាក់ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៦. លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ (បង្កើតគណបក្សកែទម្រង់កម្ពុជា)
៧. លោក ច័ន្ធ សិលា ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៨. លោកស្រី ទេព សិទ្ធី ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៩. លោក ស៊ិន សុវណ្ណនី ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩)។
១០. លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០) ។
១១. លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១២. លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១៣. លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
១៤. លោកថាច់ សេដ្ឋា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ប្រភពអះអាងថា បង្កើតគណបក្សបេះដូងជាតិ)
១៥. លោកយ៉ែម បុញ្ញឫទ្ធិ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (បង្កើតគណបក្សកម្ពុជានិយម)
១៦. លោកមុត ចន្ថា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៧. លោកឡុង គឹមឃន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៨. លោកស្រី យ៉ង់ ផាន់ណេត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៩. លោក ជុំ ចាន់ដារិន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (កឹម សុខា)
២០. លោក ឡាត់ លិតេយ្យ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
២១. លោក ទួត ឃឿត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១៕
២២. លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ
២៣. លោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោកកឹម សុខា បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅដល់ក្រសួងមហាផ្ទៃជាផ្លូវការកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
២៤. លោក ស៊ុន សុភ័ក្ត្រ
២៥. លោក ឃីម ឡាគី ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
២៦. លោក ម៉ៅ សុផល ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

ប្រភពពីមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៦ ខែសីហា នេះថា នៅមានអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀត នឹងដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងហាផ្ទៃ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner