លោកជំទាវ ម៉ែន សំអន ៖ ការចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំ ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបាន ចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានថ្លែងថាការចូលរួមអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ដែលពេលនេះបាននឹងកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបាន ចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុក្ខជាវិស័យអប់រំជាវិស័យអាទិភាព ដោយបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ និងបានធ្វើយ៉ាងណា ដើម្បីបង្កើនចំណេះដឹងនៅមូលដ្ឋាន និងបង្ខិតជនបទឲ្យកៀកនឹងទីក្រុង។

ការថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសដែលលោកជំទាវ ម៉ែន សំអនអញ្ជើញជាអធីបតីក្នុងពិធី សម្ពោធអគារសិក្សា ១ខ្នង ៤បន្ទប់ និងសមិទ្ធិផលនានា នៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង ស្ថិតក្នុងភូមិ សំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០។ ពិធីនេះក៏មានការចូលរួមពី សំណាក់សមាជិក ព្រឹទ្ធសភា តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ ប្រមាណ ១.៤០០នាក់។

លោកជំទាវ ម៉ែន សំអន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក ។

លោកជំទាវបានបន្តទៀតថា អគារសិក្ស១ខ្នង ៤បន្ទប់ រួមជាមួយ សមិទ្ធផលនានា នៅសាលាបឋមសិក្សា ហ៊ុន សែន សំយ៉ោង បានចំណាយថវិការសរុប ៧៥.០០០ដុល្លារសហរដ្ឋអាម៉េរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧកញ៉ា ប៊ុន មុនី ប្រធានអង្គការស្ថាបនាសហគមន៍កម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក និងលោកជំទាវ បានជួយកសាងអគារសិក្សានេះឡើង ដើម្បីបំពេញតម្រូវការរបស់សិស្សដែលកំពុងមានកំណើនជារៀងរាល់ឆ្នាំ។

លោកជំទាវ ម៉ែន សំអន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត ។មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកជំទាវក៏បានសំណូមពរឲ្យក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគត គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែង ជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ ក៏ដូចអាជ្ញាធរខេត្ត ពិសេស មាតាបិតា និងអាណាព្យាបាលរបស់ក្មួយៗនោះតែម្តង។ ជាពិសេស ក៏សូមស្នើឲ្យលោកឧកញ៉ា ប៊ុន មុនី លោកសេនីយ៍ឯក ប្រាក់ សុវណ្ណា និងសប្បុរសជនដទៃទៀតបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ដទៃទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តស្វាយរៀងបន្តទៀត។ ជាទីបញ្ជប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បានដាំដើមឈើជានិមិត្តរូបផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner