ប្រមុខការទូតចិនបន្ទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តដកកងទ័ពខ្លួនចេញពីអាហ្វហ្គានីស្ថានលឿនពេក
ចិន៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បានប្រាប់សមាភាគីអាមេរិករបស់លោក គឺលោក អាន់តូនី ប្លីងខិន ថា ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័សបែបនេះមានផលអវិជ្ជមានធ្ងន់ធ្ងរ ប៉ុន្តែបានសន្យាធ្វើការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញស្ថេរភាពក្នុងប្រទេស ។
យោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិនថា លោក វ៉ាង បានប្រាប់លោក ប្លីងខិន អំពីការពិតនៅសមរភូមិក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបញ្ជាក់ថា ជាគំរូបរទេសមួយដែលមិនអាចត្រូវបានអនុវត្តតាមអំពើចិត្ត ដែលប្រទេសមួយមានវប្បធម៌ និងប្រវត្តិសាស្ត្រខុសគ្នាឡើយ។ លោក វ៉ាង បន្ថែមថា ប្រទេសចិនមានឆន្ទៈដើម្បីទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងការជួយទប់ស្កាត់សង្គ្រាមស៊ីវិលថ្មី ឬគ្រោះមហន្តរាយមនុស្សធម៌ បន្ទាប់ពីផលអវិជ្ជមានដ៏ធ្ងន់ធ្ងរនៃការដកកងទ័ពអាមេរិកយ៉ាងឆាប់រហ័ស។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក ប្លីងខិន បាជជែកជាមួយលោក វ៉ាង អំពីស្ថានភាពសន្តិសុខ និងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីនាំពលរដ្ឋអាមេរិក និងពលរដ្ឋចិនទៅកាន់ទីសុវត្ថិភាព។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ លោក ប្លីងខិន ក៏បានធ្វើកិច្ចពិភាក្សាគ្នាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ ផងដែរ ៕ ប្រភព៖ Reuters



