លោក ម៉ាក្រុង៖ អាហ្វហ្គានីស្ថានមិនគួរក្លាយជាជម្រកនៃភេរវកម្មម្តងទៀតឡើយ
បារាំង៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានថ្លែងសារមួយតាមកញ្ចក់ទូរទស្សន៍បារាំងថា អាហ្វហ្គានីស្ថានមិនគួរក្លាយជាជម្រកនៃអំពើភេរវកម្មសាជាថ្មីម្តងទៀត ដូចនៅមុនការវាយចូលមកដល់នៃសហរដ្ឋអាមេរិកកាលពី២០ឆ្នាំមុននោះឡើយ។
លោក ម៉ាក្រុង បន្តថា នេះគឺជាគន្លឹះសម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ… យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យប្រទេសរុស្ស៊ី អង់គ្លេស និងអឺរ៉ុបទាំងមូលសហការគ្នាប្រកបដោយប្រសិទ្ធភាព ព្រោះផលប្រយោជន៍របស់យើងគឺដូចគ្នា ។ លោក ម៉ាក្រុង បន្ថែមថា ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន គឺជាការប្រកួតប្រជែងដ៏សំខាន់បំផុត សម្រាប់សន្តិសុខរបស់យើង និងជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្មដែលជាសត្រូវរួម ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំមួយនាពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញឲ្យមានគំនិតផ្តួចផ្តើមរួមគ្នា ទៅលើការដោះស្រាយវិបត្តិ ដែលកំពុងកើតមានឡើងនៅអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់ទទួលបានជ័យជម្នះ ៕ ប្រភព៖ France 24




