ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ម៉ឺន១២៨ករណី និងស្លាប់២៣៩នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២ម៉ឺន១២៨ករណី និងស្លាប់២៣៩នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន៩ពាន់៨៥៦ករណីជាប្រជាជនទូទៅ និង ២៧២ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២ម៉ឺន៧៩១នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៩១ម៉ឺន៩ពាន់៥៧៩ករណី ក្នុងនោះមានអ្នកជំងឺ៧០ម៉ឺន៣ពាន់១១នាក់បានជាសះស្បើយឡើងវិញ ។
ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩៤ម៉ឺន៨ពាន់៤៤២ករណី និងអ្នកជំងឺ៧៣ម៉ឺន៤៣៧នាក់បានជាសះស្បើយឡើងវិញ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៧ពាន់៨៧៩នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៧ពាន់៩៧៣នាក់ ៕ ប្រភព៖ Bangkok Post


