អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរានឹងដាក់តាំងបង្ហាញសមិទ្ធផលដែលសម្រេចបានក្នុងរយៈ ពេល២៥ឆ្នាំ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នឹងដាក់តាំងបង្ហាញសមិទ្ធផលរបស់ខ្លួន ដែលសម្រេចបានក្នុងរយះពេល២៥ឆ្នាំ ដល់មហាជន នៅទីតាំងចំនួនពីរក្នុងរមណីយដ្ឋានអង្គរ។

អ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានថ្លែងក្នុងសន្និសិទកាសែត នៅមុខប្រាសាទអង្គរថា អាជ្ញាធរអប្សរាបានត្រៀមរួចរាល់ហើយ សម្រាប់ការដាក់តាំងបង្ហាញ នូវសមទ្ធិផលដែលសម្រេចបាន ពីការអនុវត្តក្នុងតំបន់រមណីយដ្ឋានអង្គរ រយះពេល២៥ឆ្នាំកន្លងមកនេះ។ ចំពោះទីតាំងដែលត្រូវដាក់បង្ហាញ មានចំនួនពីរ ទី១នៅមុខប្រាសាទអង្គរវត្ត និងទី២ នៅបរិវេណព្រលានជល់ដំរី ដែលធ្វើឡើងចំនួនប្រាំពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥ដល់២២ខែកុម្ភៈឆ្នាំ២០២០។

លោកបាន លើកឡើទៀតថា ក្នុងរយៈពេល២៥ឆ្នាំនៃការបង្កើត អាជ្ញាធរជាតិអប្សរា គឺយើងសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលរួមមានការងារអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការស្តារ និងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរ ការជួសជុល និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធរូបវន្តនានា ជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង/ស្រុកទាំង៥ នៃរមណីយដ្ឋានអង្គរ។ ទាំងអស់នេះ បាននិងកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ មានការប្រែប្រួល និងរីកចម្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំស្តង់ផ្តល់ព័ត៌មាន ដោយដាក់មន្ត្រីជំនាញនៅប្រចាំ ដើម្បីឆ្លើយសំណួរទូទៅ ស្តីពីសមិទ្ធផល បញ្ហាប្រឈម និងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់បេតិកភណ្ឌ។

ក្រៅពីអញ្ជើញសាធារណជនទាំងអស់ ចូលរួមទស្សនាព្រឹត្តិការណ៍ ឱ្យបានច្រើនកុះករ អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរអប្សរា នឹងប្រែក្លាយទីធ្លាមុខប្រាសាទអង្គរ អោយទៅជាសួនពណ៍បៃតង។ មានន័យថា អ្នកលក់ទាំងអស់មិនថាលក់ជុំវិញមាត់ត្រពាំងសេស ឬលក់ចល័តនោះទេ ត្រូវប្តូរទីតាំទៅកន្លែងថ្មី ដែលបានរៀបចំទុកដោយអាជ្ញាធរអប្សរា។

លោកបញ្ជាក់ថា ទាំងអស់នេះ គឺដើម្បីលើកស្ទួយសោភណ័ភាពរមណីយដ្ឋានបេតិកភណ្ឌ ក៏ដូចជាការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ គ្រប់ជាតិសាសន៍ សម្រាប់ការចូលមកទស្សនាប្រាង្គប្រាសាទផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner