ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់យូរអង្វែងនៅប្រទេសលីប៊ី

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែកុម្ភៈនេះ បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់យូរអង្វែងនៅប្រទេសលីប៊ី ។ ឯកសារនៃសេចក្តីសម្រេចចិត្ត ដែលព្រាងឡើងដោយអង់គ្លេស ត្រូវបានអនុម័តដោយសំឡេង១៤ ចេញពីសមាជិកទាំង១៥ ខណៈរុស្ស៊ីបោះអនុប្បវាទ ។

សេចក្តីសម្រេចចិត្តនេះ គឺជាកម្មវត្ថុនៃការប្រទូសរ៉ាយជាច្រើនសប្តាហិ៍មកហើយ ដែលឆ្លុះបញ្ចាំងពីការបែកបាក់ជាអន្តរជាតិយ៉ាងជ្រាលជ្រៅអំពីប្រទេសលីប៊ី ទោះបីជាមេដឹកនាំពិភពលោកបានយល់ព្រមបញ្ចប់រាល់ការជ្រៀតជ្រែករបស់បរទេស នៅក្នុងប្រទេសនេះ និងគាំទ្រការហាមឃាត់អាវុធក៏ដោយ ។

លីប៊ីដែលជាប្រទេសសម្បូរប្រេងច្រើនបំផុតនៅទ្វីបអាហ្វ្រិក បានធ្លាក់ក្នុងភាពវឹកវរចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូក្នុងឆ្នាំ ២០១១ ដែលបានផ្តួលរំលំ និងសម្លាប់មេដឹកនាំផ្តាច់ការចាស់វស្សា ម៉ួអាម៉ា ហ្គាដាហ្វី ។

ចាប់តាំងពីខែមេសា ឆ្នាំ២០១៩ រដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ (GNA) ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ បានប្រយុទ្ធទប់ទល់នឹងការវាយលុករបស់មេបញ្ជាការយោធា ខាលីហ្វា ហាហ្វថា ដែលគាំទ្រដោយរុស្ស៊ី អេហ្ស៊ីប និងអារ៉ាប់រួមអេមីរ៉ាត ។

បទឈប់បាញ់គ្នាត្រូវបានព្រមព្រៀងកាលពីថ្ងៃទី១២ ខែមករាកន្លងទៅនេះ ប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាស្ទើររាល់ថ្ងៃ នៅក្បែរទីក្រុងទ្រីប៉ូលី ហើយអាវុធនៅតែបន្តហូរចូលប្រទេសនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner