បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបុក បង្កាន់ដៃ ស្ពានអាកាសស្ទឹងមានជ័យរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់ធ្ងនរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង ១:២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចលើស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីអ្នកដែលឃើញហេតុការណ៍ផ្ទាល់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក Fino ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-2186 ធ្វើដំណើរឡើងលើស្ពានអាកាស ស្ទឹងមានជ័យ ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿនជ្រុល ខណៈមកដល់ចំនុចកើតហេតុ ដោយស្ថានភាពផ្លូវកោងផងនោះ ក៏ជ្រុលចង្កូតទៅបុកនិងបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ ប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យ១ ដើម្បីរងចាំសាច់ញាតិមកយកទៅវិញ៕