នាវាទេសចរណ៍ Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន៤១ជាតិសាសន៍ សរុបជាង២២០០នាក់ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ
ភ្នំពេញ៖ យោងតាមបញ្ជីអ្នកដំណើរ ពីអាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឲ្យបង្ហាញថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន៤១ជាតិសាសន៍ ក្នុងនោះជនជាតិ អាមេរិក ច្រើនជាងគេមានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃ ដែលផ្ទុកមនុស្សសរុបជាង២២០០នាក់ រួមទាំងអ្នកទេសចរណ៍ចំនួន១៤៥៥នាក់ និងបុគ្គលិកបម្រើការងារ ៨០២នាក់ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ នាវានេះ ជានាវានាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក ។ នាវានេះ នៅទីបំផុតបន្ទាប់ពីរកទីសំចតមិនបានអស់រយៈពេល១២ថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុដោយសុវត្ថិភាពហើយ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដំបូងគេដែលបានធ្វើដំណើរទៅកាន់ប្រទេសចិន ក្រោយផ្ទុះជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «COVID19» បានថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការអនុញ្ញតឱ្យនាវានេះចូលគឺបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាន នៅលើពិភពលោក។ សម្តេចតេជោបន្ថែមថា កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺ កូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែម «យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយ គ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែ ជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ»។
ក្រុមហ៊ុននាវាទេសចរណ៍ បានឱ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា បន្ទាប់ពីសំចតរយៈពេលមួយទៅពីរថ្ងៃនៅខេត្តព្រះសីហនុ ក្រុមហ៊ុនបានសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ និងហោះហើរបន្តទៅកាន់ស្រុកកំណើតរបស់ពួកគេ។
អាជ្ញាធររបស់កម្ពុជា បានអះអាងផងដែរថា នៅពេលនាវានេះចូលចតនឹងមានការពិនិត្យសុខភាពរបស់អ្នកទេសចរនៅលើនាវាទាំងអស់នោះ ហើយបើមានករណីសង្ស័យមានជំងឺណាមួយ នឹងត្រូវយកទៅតាមដាន និងពិនិត្យ កំហាកភ្លាមៗតែម្តងដោយដឹកតាមយន្តហោះទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ តែទោះបីជាយ៉ាងណាអ្នកគ្រប់គ្រងលើនាវានេះ បានបញ្ជាក់និងអះអាងថា មនុស្សទាំងអស់នៅលើនាវាមិនមានផ្ទុកមេរោគកូរ៉ូណានោះឡើយ។
កម្ពុជាមិនត្រឹមតែអនុញ្ញាតឱ្យនាវានេះចូលចតនោះឡើយ ថែមទាំងមិនយកថ្លៃទិដ្ឋាការ (Visa) និងសេវាកម្មផ្សេងៗនោះឡើយ។ តាមរយៈកាយវិការទាំងនេះ បានបង្ហាញពីសមានចិត្ត ដ៏ជ្រាលជ្រៅ បំផុត លើផ្នែកការងារ មនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ កាយវិការនេះបានបង្ហាញផងដែរថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ មានស្មារតីខ្ពស់បំផុតក្នុងការចូលរួមដោះស្រាយបញ្ហារបស់ពិភពលោក និងគ្មានការរើសអើងពូជសាសន៍ និងជាតិសាសន៍ដទៃនោះឡើយ។
បន្ទាប់ពីការរកទីសំចតមិនបានដើម្បីវិលត្រឡប់ទៅផ្ទះវិញអស់ជាច្រើនថ្ងៃ ក្រុមអ្នកទេសចរនៅលើនាវាបានរីករាយជាខ្លាំង ក្រោយទទួលបានដំណឹងថា ប្រទេសកម្ពុជាអនុញ្ញាតឱ្យពួកគេចូលសំចតនោះ។ តាមរយៈទំព័រ Facebook របស់នាយកប្រតិបត្តិរបស់នាវា «Holland America Line» ក្រុមអ្នកទេសចរទាំងនេះ បានថ្លែងអំណរគុណចំពោះដល់ប្រទេសកម្ពុជា ដែលបានជួយដោះស្រាយកង្វល់របស់ពួកគេ។ ពួកគេក៏បានលើក ឡើងផងដែរ ថា នឹងចងចាំចំពោះសមានចិត្ត និងកាយវិការប្រកបដោយសប្បុរសធម៌ មនុស្សធម៌ និងគ្មានការរើសអើងមួយនេះរបស់កម្ពុជា៕