រថយន្តម៉ាកសឺដេសបើកបុកទ្រូងផ្លូវនៅខណ្ឌបឹងកេងកង រួចព្យាយាមបើករត់គេចយកមកផ្លុងចោលនៅខណ្ឌទួលគោក
ភ្នំពេញ ៖ រថយន្តម៉ាកសឺដេមួយគ្រឿងបើកបុកទ្រូងផ្លូវបាក់អស់ចំនួន២កង់នៅខណ្ឌបឹងកេងកងរួចព្យាយាមបើករត់គេចមកផ្លុងចោល នៅខណ្ឌទួលគោក កាល ពីវេលាម៉ោង១ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ២០៧ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកសឺដេស មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Q-7090 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅទុងទិស ដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកទ្រូងផ្លូវបាក់អស់ចំនួន២កង់រួចព្យាយាមបើករត់គេចរហូត មកដល់ចំណុចផ្លូវ២១៧ កែងនិងស្តុបម៉ៅសេទុងក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឡែកម្ចាស់រថយន្តទុករថយន្ដចោលរួចបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕