ឆ្លងចរន្តខ្សែក្នុងប្រអប់ភ្លើងបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌបឹងកេងកង
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងមានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៥១ កែងផ្លូវ៣៦០ នៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺឃើញទុស្សេនៅបង្គោលភ្លើង ហើយក៏មានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅរួចក៏ធ្លាក់ខ្សែភ្លើងមកក្រោមដីនឹងឆេះម៉ូតូ២គ្រឿងបានឆាបឆេះទាំងស្រុង។ ដោយឃើញហេតុការណ៍ដូច្នេះជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយហៅរថយន្តពន្លត់អគ្គីភ័យដើម្បីទៅជួយអន្តរាគមន៍ ពេលដែលរថយន្តពន្លត់អគ្គិភ័យទៅដល់កន្លែងនិងបានទាក់ទងទៅក្រុមហ៊ុនអគ្គិសនីដើម្បីបិទបារ៉ែតភ្លើងនិងធ្វើការបាញ់ពន្លត់ទាន់ពេលវេលា ។
សូមបញ្ជាក់ផងដែរថាក្នុងការឆាបឆេះខ្សែភ្លើងនេះគឺមិនរាលដាលដល់ផ្ទះជាពលរដ្ឋឬក៏បង្កឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ ដោយគ្រាន់តែរងការខូចខាតខ្សែភ្លើង និងម៉ូតូចំនួន២គ្រឿង ដែលទុកនៅមុខហាងលក់សម្លៀកបំពាក់មួយកន្លែងជាប់គ្នាតែប៉ុណ្ណោះ ៕