សម្តេចក្រឡាហោម ស ខេង បានផ្តល់នូវផ្លូវកៅស៊ូ ប្រវែង៤គ.ម ដើម្បីបង្ហើយផ្លូវដែលនៅសេសសល់ កន្លងមកនិងផ្តល់នូវអាគាសិក្សា១ខ្នង៥បន្ទប់ នៅសាលារៀនបឹងទឹម ភូមិប្រឡាយថ្ងូរ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារសិក្សាថ្មី០១ខ្នង ០៥បន្ទប់ តម្លៃជាង១៣ម៉ឺនដុល្លារ ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ជាអំណោយ របស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន តាមរយៈលោកឧកញ៉ា តាន់ ឈុន និងលោកជំទាវ ចាន់ យក់នី។
ព្រមជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានផ្តល់នូវអាគារសិក្សាថ្មី០១ខ្នង ៥បន្ទប់បន្ថែមទៀតនៅសាលាបឹងទឹម ភូមិប្រឡាយថ្ងូរ ឃុំតាប៉ុន ស្រុកសង្កែ តាមរយៈនៃក្រុមការងារចុះជួយនៅទីនោះ និងបានផ្តល់នូវផ្លូវក្រាលកៅស៊ូប្រវែង៤គ.ម បន្ថែមទៀតដែលជាកំណាត់ផ្លូវនៅសល់កន្លងមក ដោយធ្វើឲ្យរួចរាល់ជាស្ថាពរ នៅឆ្នាំ២០២០នេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំពាវនាវដល់បងប្អូនពលរដ្ឋក្នុងស្រុកសង្កែសូមកុំប្រើទឹកខ្ជះខ្ជាយ នៅក្នុងខណៈពេលដែលមានតំបន់ខ្លះ ខេត្តខ្លះកំពុងតែចាប់ផ្ដើមខ្វះទឹកប្រើប្រាស់ បណ្តើរៗហើយនោះ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ទឹកដោយមានការប្រុងប្រយ័ត្ននិងកុំឲ្យខ្ជះខ្ជាយ ខណៈមានតំបន់ខ្លះ នៅក្នុងខេត្តមួយចំនួនកំពុងតែខ្វះខាតទឹកប្រើប្រាស់ ។
សម្តេចបានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ ដោយសារតែធាតុអាកាស មានការប្រែប្រួល ក្តៅហួតហែង ហើយវាក៏ជាបញ្ហាសកលដែលធ្វើឲ្យពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង។ ហើយបញ្ហាទាំងនេះ គឺវាបានជះឥទ្ធិពលខ្លាំងណាស់ ទៅលើបញ្ហាទឹកប្រើប្រាស់។ ដូច្នេះហើយ ការគ្រប់គ្រងទឹកនិងប្រើប្រាស់ទឹកវាគឺជាបញ្ហាសំខាន់ដែលទាមទារឲ្យអាជ្ញាធរខេត្ត រដ្ឋបាលក្រុង-ស្រុក និងមូលដ្ឋាននីមួយៗ ត្រូវតែបង្កើននូវការយកចិត្តទុកដាក់ដើម្បីថែទាំទឹកដែលមានស្រាប់ ដើម្បីទុកប្រើប្រាស់ចាំបាច់ នៅរដូវប្រាំង ខាងមុខនេះ ។
សម្ដេចក្រឡាហោមបានថ្លែងរំលឹកបន្ថែមទៀតថា៖កន្លងមកនេះ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានគិតគូរក្នុងការស្វះស្វែងរកប្រភពទឹកដើម្បីជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តាលស្រុកនានាជាប់ព្រំដែន ដែលកំពុងតែប្រឈមនិងអាចខ្វះខាតទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងឆាប់ៗខាងមុខនេះ។ ដូចនេះហើយ ទើបឯកឧត្តម ងួន រតនៈ អភិបាល
ខេត្តបាត់ដំបង បានទាក់ទងទៅអាជ្ញាធរថៃតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីសុំឲ្យគេជួយបើកទឹកដែលបានទប់នៅខាងប្រទេសថៃ ឲ្យទម្លាក់ទឹកមកតាមដងស្ទឹង ដើម្បីឲ្យពលរដ្ឋនៅតំបន់ទាំងនោះបានប្រើប្រាស់។ ដោយក្នុងនោះរដ្ឋបាលខេត្តនិងអាជ្ញាស្រុក ក៏មានវិធានការក្នុងការរៀបចំ ស្ទាក់ទឹកដើម្បីតម្កល់ទុកទឹកប្រើប្រាស់នៅពេលដែលទឹក ត្រូវគេបើកមកដល់គឺ យើងមានទឹកស្តុកទុកនិងសម្រាប់ ប្រើប្រាស់។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្វះទឹកទាំងនោះក៏ត្រូវចេះប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្ន កុំឲ្យមានកាខ្ជះខ្ជាយ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមថា៖ បើទោះបីនៅតាមតំបន់ទាំងនោះវាមានបញ្ហាប្រឈមខ្វះទឹកប្រើប្រាស់ តែក៌នៅមិនទាន់មានលក្ខណៈធ្ងន់ធ្ងរនៅឡើយនោះទេ។ ហើយចាប់ពីអំឡុងខែមិនា ទៅក៏នឹងអាចមានភ្លៀងធ្លាក់កក់ខែផងដែរ ហើយវាក៏អាចនិងធូរស្រាលបានខ្លះៗ។ ជាមួយគ្នានេះផងដែរ សម្តេចក៏បានក្រើនរំលឹកនិងបានអំពាវនាវដល់អាជ្ញាធរគ្រប់ខេត្ត ជាពិសេស ខេត្តដែលតែងតែជួបនូវបញ្ហាខ្វះខាតទឹកប្រើប្រាស់ត្រូវត្រៀម លក្ខណៈសម្បត្តិនិងត្រូវយកចិត្តទុកដាក់ក្នុងកាចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលានៅពេលដែលមានប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនជួបនូវការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )