អាជ្ញាធរស្រុកសេសាន ចុះជួសជុលផ្លូវ ដាក់លូ និងសង់ស្ពានឈើ ១ខ្សែ ដោយសារទឹកភ្លៀងហូរកាត់ផ្តាច់ប្រវែងជាង ១០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ


ដោយ ៖ ឡុង សំបូរ
ខេត្តស្ទឹងត្រែង ៖ អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះជួសជុលផ្លូវ លូ និងការសង់ស្ពានឈើ ១កន្លែង ជាបណ្តោះអាសន្ន ក្រោយភ្លៀងមួយមេធំ បានជន់លិច និងវាយកាត់ផ្តាច់កំណាត់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្រែចំបាំង ចន្លោះពីភូមិកំភុន ទៅភូមិកាតូត ឃុំភ្លុក ស្រុកសេសាន ។
អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ បានឲ្យដឹងថា ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលតភ្ជាប់ពីភូមិកំភុន ទៅភូមិកាតូត និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៨អា ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន បានរងការខូចខាត និងកាត់ផ្តាច់ដោយលំហូរទឹកភ្លៀង ដែលហូរកាត់តាមប្រឡាយ ១ខ្សែ បុកទម្លុះច្រោះផ្លូវ មានប្រវែង ១០ម៉ែត្រ នៅចំណុច ស្រែចំបាំង នៃភូមិសាស្ត្រខាងលើ ។
លោកអភិបាលស្រុក បានបញ្ជាក់ថា នៅចំណុចស្រែចំបាំងនេះ ទឹកបានហូរកាត់ផ្តាច់ផ្លូវ ៣ដងហើយទាំងលើកនេះ ហើយការចុះជួសជុលផ្លូវ ដាក់លូ និងសង់ស្ពានឈើ ១ខ្សែនេះ ក៏មានការចូលរួមពីក្រុមយុវជនបក្សប្រជាជនឃុំផងដែរ ។ នៅរដូវប្រាំងខាងមុខនេះ អាជ្ញាធរស្រុក និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏មានគម្រោងសាងសង់លូទ្រីប បើកផ្លូវទឹកហូរបានលឿន និងបញ្ជៀសបានពីការខូចខាតផ្លូវ ហើយអ្វីដែលសំខាន់ជាងនេះទៀនោះ គឺការរក្សាផ្លូវ លូ ស្ពានឲ្យបានយូរអង្វែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ធ្វើដំណើរទៅមកបានងាយស្រួល បានឆាប់រហ័ស និងចំណេញទាំងពេលវេលា ថែមទៀតផង ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner