ក្រុមតាលីបង់ជំរុញអោយមានការឯកភាពជាតិ ចំពេលផ្ទុះការតវ៉ាប្រឆាំងរាលដាលដល់ទីក្រុងកាប៊ុល

កាប៊ុល៖ ក្រុម​តា​លី​បង់​បាន​អំពាវនាវ​ទៅ​ក្រុម​អាចារ្យ​អ៊ីស្លាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​អោយចេញ​ការអំពាវនាវ​សុំ​ឯកភាព​ជាតិ​ នៅ​ពេល​ពួកគេ​ធ្វើ​ការជួបជុំ​បន់ស្រន់​ជា​លើក​​ដំបូង​នៅ​ថ្ងៃ​សុក្រ​នេះ ​ចាប់​តាំងពី​ក្រុម​អ៊ីស្លាម​នេះ ​ឡើង​គ្រប់គ្រងអំណាច​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ចំ​ពេល​ផ្ទុះ​ការតវ៉ា​ប្រឆាំង​នឹង​ការក្តោបក្តាប់​អំណាច​របស់​ខ្លួន នៅ​ទីក្រុង​ជាច្រើន​ រួម​ទាំង​រដ្ឋធានី​កា​ប៊ុល ​ផងដែរ​។​

​ស្រប​ពេលដែល​អា​ហ្វ​ហ្គានី​ស្ថាន​ប្រារព្ធពិធីឯករាជ្យភា​ពរ​បស់​ខ្លួន ​ចេញពី​ការគ្រប់ គ្រង​អង់គ្លេស​នៅ​ឆ្នាំ​១៩១៩ វីដេអូ​ក្នុង​បណ្តាញ​សង្គម​មួយ​បាន​បង្ហាញ​ហ្វូង​មនុស្ស​ប្រុស​ស្រី​គ្រវី​ទង់​ជាតិពណ៌​ខ្មៅ​ក្រហម ​និង​បៃតង​នៅ​​ទីក្រុង​កា​ប៊ុល​។​ ពួក​គេ​ស្រែក​ថា ​ទង់ជាតិ​របស់​យើង… អត្តសញ្ញាណ​របស់​យើង​​។​ នៅ​កន្លែង​ផ្សេងទៀត អ្នក​ប្រឆាំង​តវ៉ា​ថែម​ទាំង​ហែក​ទង់​ពណ៌​ស​របស់ក្រុម​តា​លី​បង់ផងដែរ។

បើតាមសាក្សី​ម្នាក់ មនុស្ស​ជាច្រើន​ត្រូវបាន​សម្លាប់​នៅ​ពេល​ក្រុមសកម្មប្រយុទ្ធ​តា​លីបង់បាញ់​លើ​ហ្វូងមនុស្ស​នៅ​ទីក្រុង​អាសា​ដា​បាត​ភាគ​ខាងជើង។ ​សាក្សី​ម្នាក់​ទៀតក៏បាន​រាយការណ៍​​អំពី​ការ​បាញ់កាំភ្លើង​នៅ​ជិត​ការជួបជុំ​តវ៉ា​មួយ​ក្បែរ​ទីក្រុង​កា​ប៊ុល តែ​ទំនង​ជា​ការបាញ់ទៅលើ​អាកាសប៉ុណ្ណោះ​។ ជុំវិញបញ្ហានេះដែរ ភ្លាមៗនោះអ្នកនាំពាក្យក្រុមតាលីបង់មិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner