ប្រទេស G7 កំពុងស្វែងរកកិច្ចសហប្រតិបត្តិការលើដំណោះស្រាយជម្លៀសមនុស្ស និងជនភៀសខ្លួន ស្របពេលមានភាពចលាចលក្នុងទីក្រុងកាប៊ុល
អន្តរជាតិ៖ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលហៅកាត់ថា G7 នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានស្វែងរកការធានានូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការជម្លៀសបុគ្គលិក និងការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួន ក្នុងគ្រាភាពវឹកវរនៅតែបន្តនៅអាកាសយានដ្ឋានក្រុងកាប៊ុល ចំពេលមានការដកថយយ៉ាងលឿននៃកងយោធាដែលដឹកនាំដោយអាមេរិកនៅអាហ្វហ្គានីស្ថាន និងការចូលកាន់កាប់យ៉ាងឆាប់រហ័សរបស់ក្រុមតាលីបង់។
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ក្នុងនោះរួមមានអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ព្រមទាំងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបានជួបប្រជុំគ្នាតាមអ៊ីនធើណិត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបាននិយាយអំពីស្ថានភាពដែលកាន់តែអាក្រក់ និងការបាត់បង់អាយុជីវិត ព្រមទាំងការផ្លាស់ប្តូរទីលំនៅខាងក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab ស្ថិតក្រោមសមាសភាពរបស់លោកក្នុងនាមជាប្រធានកិច្ចប្រជុំ។
បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រុមរដ្ឋមន្រ្តី G7 បានគាំទ្រសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី១៦ ខែសីហា ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ជាពិសេសចំពោះតម្រូវការបន្ទាន់សម្រាប់ការបញ្ឈប់អំពើហិង្សា ការគោរពសិទ្ធិមនុស្ស រួមទាំងស្ត្រី កុមារ និងជនជាតិភាគតិច ព្រមទាំងការចរចាអំពីអនាគតអាហ្វហ្គានីស្ថាន៕ ប្រភព៖ CGTN



