ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ប្រដាប់អាវុធ២នាក់ជាមួយថ្នាំញៀនជាង២៨គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបនៅរាជធានីភ្នំពេញ ក្រោយបាញ់តដៃជាមួយសមត្ថកិច្ច

ប្រតិបត្តិការនោះ ធ្វើឡើងនៅម៉ោង១និង១៣នាទីរសៀលថ្ងៃទី១៨សីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត និងស្រាវជ្រាវបង្រ្កាប លើ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ដោយគោលដៅទី១-បណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀបខ័ណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ និងគោលដៅទី២-ផ្ទះលេខ៣២ ផ្លូវC ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងអំឡុងពេលកិច្ចប្រតិបត្តិការបង្រ្កាប ជនល្មើសបានបាញ់តដៃ មកលើកម្លាំងសមត្ថកិច្ច ដែលធ្វើអោយសមត្ថកិច្ចត្រូវបាញ់តបត ដើម្បីការពារខ្លួនវិញ និងបានធ្វើអោយជនល្មើសទម្លាក់អាវុធប្រគល់ខ្លួនអោយសមត្ថកិច្ច។
ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមានទី១-ឈ្មោះ គីម តាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ, និងទី២-ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ថៃ។ ជាមួយគ្នានោះ សមត្ថកិច្ចចាប់យកវត្ថុតាងសារធាតុញៀនជាង២៨គីឡូក្រាម ក្នុងនោះប្រភេទម៉តំហ្វេតាមីន(ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ប្រមាណជាង២៤គីឡូក្រាម, ប្រភេទអ៊ិចស្តាស៊ី (MDMA) ១៤កញ្ចប់ ទម្ងន់ប្រមាណ ៤គីឡូក្រាម ព្រមទាំងសម្ភារចាប់យកមាន រថយន្ត ៤គ្រឿង, ទូរសព្ទ័ ៦គ្រឿង, អាវុធខ្លី ម៉ាករ៉ូឡូ ១ដើម សំបកគ្រាប់ ៣គ្រាប់ និងគ្រាប់មិនទាន់បាញ់ ៣គ្រាប់។ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner