ប្រជាពលរដ្ឋជាង៩លាន៥សែននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២០សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៩លាន៥សែន២ពាន់៨១៩នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៧លាន៧សែន៣ម៉ឺន៧ពាន់៩០៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល២០ថ្ងៃចាក់បាន៨៤ម៉ឺន៤ពាន់៧៤០នាក់ ស្មើនឹង៤២,៩៥%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ ដោយឡែក របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស១លាន៣សែន៦៥ម៉ឺន៣៣៣នាក់ ក្នុងនោះបានចាក់លើកទី២រួច មានចំនួន១លាន៣សែន១ពាន់៦៤នាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៥៩,៣៩%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី២០សីហាឆ្នាំ២០២១ ចាក់បានចំនួន៤២ម៉ឺន៣ពាន់៩៤៧នាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner