សម្តេចក្រឡាហោម បញ្ជាក់មូលហេតុដែលក្រសួងមិនទាន់ចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយ

ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីមូលហេតុមួយចំនួនដែលក្រសួងមិនទាន់ចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។ 

សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានជម្រាបជូនលោកប៉ុល ហំម ថា ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសំណើសុំចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ស្ថាបនិកគណបក្ស កែទម្រង់កម្ពុជា ពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរួមមាន៖ 

(១).សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន

(២).គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និង(៣).លក្ខន្តិកៈគណបក្សពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធានគណបក្សឡើយ។ ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានកំហុសអក្ខរាវិរុទ្ធជាច្រើន ហើយខ្លឹមសារប្រការមួយចំនួនមានលក្ខណៈផ្ទុយនឹង បទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួមមានដូចខាងក្រោម៖

– ប្រការ៨ នៃលក្ខន្តិកៈ ចែងអំពីគោលនយោបាយ គឺផ្ទុយនឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានកំណត់ឲ្យគណបក្សនយោបាយត្រូវរៀបចំគោលនយោបាយ និងកម្មវិធី នយោបាយសំខាន់ៗរបស់គណបក្សជាឯកសារដាច់ដោយឡែកនិងត្រូវបំពេញខ្លឹមសារដូចមានកំណត់ក្នុង បញ្ញត្តិមាត្រា១០ ត្រង់ចំណុច ខ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ 

-ប្រការ៩ ប្រការ២០ ប្រការ២៥ ប្រការ៣០ ប្រការ៣៤ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយ នឹងបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ 

– ប្រការ២០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

– ប្រការ៥០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា២៧ នៃច្បាប់ស្តីពីគណបក្ស

 – ប្រការ៥៨ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

សម្តេចក្រឡាហោមបានបញ្ជាក់ថា លើមូលដ្ឋានដូចបានគូសបញ្ជាក់ជូនខាងលើ ក្រសួងមហាផ្ទៃសូមស្នើឲ្យ គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឲ្យបានច្បាស់លាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយឡើងវិញ។ រីឯ លក្ខន្តិកៈគណបក្សដែលបានកែសម្រួលត្រូវចុះកាលបរិច្ឆេទ និង ចុះហត្ថលេខារបស់ប្រធានគណបក្ស រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ដោយភ្ជាប់មកជាមួយផងដែរ នូវ៖ (១).សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន និង(២).គោលនយោបាយ និងកម្មវិធី នយោបាយសំខាន់ៗរបស់គណបក្ស ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃគិតចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងនេះជាកំហិត។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ។

សូមជម្រាបថា គណបក្សកែទម្រង់កម្ពុជា បានដាក់ពាក្យស្នើសុំចុះបញ្ជីជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ខែសីហា ឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច អនុញ្ញាតឲ្យបង្កើតគណបក្ស “ កែទម្រង់កម្ពុជា ” កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែស្នើ ឲ្យ ធ្វើការ ផ្លាស់ប្តូរ ពាក្យ “ សង្គ្រោះបម្រើ ការពារ ” ដែលមាន នៅក្នុងសញ្ញាសម្គាល់គណបក្ស ដោយសារពាក្យទាំងនេះ ដូចនឹងបាវចនារបស់គណបក្ស នយោបាយ ដែលបានរំលាយដោយដីកាតុលាការកំពូល៕

ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner