ថៃផ្អាកសមយុទ្ធជាមួយអាម៉េរិកភ្លាមៗ ក្រោយទាហានខ្លួន៩នាក់ឆ្លងកូវីដ១៩
អត្ថបទដោយ៖
Kien Sereyvuth
ក្រសួងការពារជាតិថៃ បានប្រកាសកាលពីថ្ងៃម្សិលមិញថា ប្រទេសថៃបានផ្អាកផែនការធ្វើការសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាម៉េរិក ក្រោយពេលទាហានថៃ៩នាក់បានឆ្លងជំងឺកូវីដ១៩ ពេលត្រលប់មកពីចូលរួមសមយុទ្ធយោធាជាមួយទាហានអាម៉េរិក នៅហៃវៃ សហរដ្ឋអាម៉េរិក។
យោធាថៃបាននិយាយថា ទាហានឆ្លងទាំងនោះគឺស្ថិតក្នុងចំណោមមន្ត្រីយោធាថៃ១៥១នាក់ ដែលបានត្រលប់មកពីការចូលរួមសមយុទ្ធឈ្មោះថា Lightning Forge 2020 ជាមួយនឹងទាហានអាម៉េរិក រយៈពេល៣សប្តាហ៍ នៃខែកក្កដា។
ប្រទេសថៃ គិតត្រឹមព្រឹកថ្ងៃទី៣ សីហានេះ មានករណីកូវីដ១៩ចំនួន៣៣១៧ករណី ស្លាប់៥៨នាក់ ប៉ុន្តែមានរយៈពេល៦៩ថ្ងៃមកហើយដែលថៃគ្មានចម្លងក្នុងសហគមន៍៕