Cambodia2050 Ep23: បច្ចេកវិទ្យា និងនវានុវត្តន៍ (Technology and Innovation)

អត្ថបទដោយ៖
AMS

សំនួរ៖ នៅក្នុងសប្តាហ៍នេះ យើងមានប្រធានបទមួយ ស្ដីអំពី បច្ចេកវិទ្យា និងនវានុវត្តន៍ ថាតើបច្ចេកវិទ្យា និងនវានុវត្តន៍ មានភាពចាំបាច់ណាខ្លះនៅក្នុងសង្គមកម្ពុជា នៅក្នុងបដិបទកូវីដនេះ។ នៅក្នុងនោះវាគ្មិនកិត្តិយសរបស់យើងឯកឧត្តម ហេង សុខគង់ ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា  និងនវានុវត្តន៍ បានមកបកស្រាយជុំវិញប្រធានបទទាំងនេះ។ ជាដំបូង នាងខ្ញុំចង់ឲ្យឯកឧត្តម អនុញ្ញាតជម្រាបជូនទៅបងប្អូនទស្សនិកជនបន្តិច ថាតើបច្ចេកវិទ្យាមានន័យយ៉ាងដូចម្ដេច និងនវានុវត្តន៍មានន័យយ៉ាងដូចម្ដេច តើទាំងពីរនេះមានការពាក់ព័ន្ធគ្នាយ៉ាងណាដែរ?

ជាការពិតបច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាមានការពាក់ព័ន្ធគ្នាយ៉ាងសំខាន់ ដើម្បីឲ្យយល់ថា តើការពាក់ព័ន្ធជាអ្វី យើងត្រូវយល់ថាអ្វីទៅដែលហៅថាបច្ចេកវិទ្យា ធម្មតាពាក្យ បច្ចេកវិទ្យា គេនិយាយជារួម ជាការប្រមូលផ្ដុំនៃឧបករណ៍រួមមានដូចជា គ្រឿងយន្ត បម្រែបម្រួលផ្សេងៗ  មានការរៀបចំវិធានដែលប្រើប្រាស់ដោយមនុស្ស នេះគេហៅថាជាបច្ចេកវិទ្យា។ បច្ចេកវិទ្យា គឺមានឯកទេសច្រើមានរចនាបទ មានរបៀបរបបនៃការសិក្សាប្លែកៗ ទៅតាមការរីកចម្រើននៃយុគ្គសម័យនីមួយៗ។ ពាក្យនវានុវត្តន៍នេះ ប្រហែលជាបងប្អូនយើងមួយចំនួនលោកមិនសូវបានឃើញ ហើយបងប្អូនយើងមួយចំនួនទៀតយល់ថាជាពាក្យថ្មី តាមពិតពាក្យនេះមានជាយូរណាស់មកហើយ ដើម្បីយល់ឱ្យកាន់តែច្បាស់នូវពាក្យនវានុវត្តនេះ ខ្ញុំសូមលើកនូវពាក្យ បីដើម្បីឲ្យងាយស្រួលយល់បានថែមទៀត។ ទីមួយ របកគំហើញ គឺជាការរកឃើញអ្វីដែលថ្មី ប៉ុន្តែមានស្រាប់នៅក្នុងពិភពលោក ឬ នៅភពផែនដីនេះហើយ។ កាលពីសម័យដើម នៅយុគ្គសម័យថ្មបំបែកយើងឃើញថា ស្វារកឃើញភ្លើង នេះគេហៅថារបស់គំហើញ របកគំហើញភ្លើង តែយ៉ាងណាក៏ដោយមានន័យថា ភ្លើងនោះវាមាននៅលើផែនដីយើងហើយ ប៉ុន្តែស្វាបានរកឃើញ។ នៅពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញនៅភពថ្មីៗជាច្រើន ដែលមាននៅក្នុងចក្រវាឡរបស់យើងនេះគេហៅថាជា របកគំហើញ បានន័យថាភពនោះមានយូរហើយ តែអ្នកវិទ្យាសាស្រ្តលោកទើបតែរកឃើញ ទើបគេហៅថាជា របកគំហើញ ដូចជាអ្នកស្រាវជ្រាវគាត់រកឃើញរ៉ែមាស រ៉ែប្រាក់ ឬ រ៉ែប្រេងកាតជាដើមនោះបានន័យថាវាជា របកគំហើញ ដោយសារតែទាំងអស់នោះមាននៅលើភពផែនដីរបស់យើងយូរហើយ។ ទីពីរ គឺយើងហៅថា ការបង្កើតថ្មី ការបង្កើតថ្មីគឺជាការបង្កើតអ្វីដែលថ្មី ដែលមិនទាន់មានរូបរាង ឧទាហរណ៍ថា ពីមុនមកយើងមិនមានទូរស័ព្ទប្រើទេ តែមនុស្សយើងបង្កើតទូរស័ព្ទ អត់មានវិទ្យុ តែមនុស្សយើងបង្កើតវិទ្យុ បង្កើតផ្កាយរណប នេះហើយដែលយើងហៅថា ជាការបង្កើតថ្មី។ ចុះបើយើងនិយាយអំពីនវានុវត្តន៍វិញគឺជាអ្វី? នវានុវត្តន៍ គឺជាការច្នៃប្រឌិតការបង្កើតថ្មីរបស់យើង ធ្វើឱ្យប្រសើរជាងមុន ឱ្យល្អជាងមុន និងងាយស្រួលប្រើជាងមុន មានប្រសិទ្ធភាពជាងមុន មានគុណភាពល្អជាងមុន។ ឧទាហរណ៍ នវានុវត្តន៍នៃការបង្កើតថ្មីទាំងនោះដូចជា ទូរស័ព្ទពីមុនមកយើងឃើញហើយថា ទូរស័ព្ទកាលពីមុន មានទំហំធំដូចជាអាយកូម ក្រោយមកយើងធ្វើនវានុវត្តន៍ទៅជាស្មាតហ្វូន ដែលមានលក្ខណៈងាយស្រួលប្រើប្រាស់ល្អជាងមុន គុណភាពល្អជាងមុន អាចនិយាយមើលមុខគ្នាឃើញ នោះហើយដែលគេហៅថាជា នវានិវត្តន៍ ។

សំនួរ៖ ដោយឡែកយើងឃើញថា បច្ចុប្បន្ននេះសម័យបច្ចេកវិទ្យា មិនថាតែពិភពលោកក៏ដូចជា ប្រទេសកម្ពុជារបស់យើង កំពុងតែពេញនិយមនៅក្នុងការប្រើប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។ ថាតើឯកឧត្តមអាចពន្យល់ក៏ដូចជាបន្ថែម ថាវាមានសារសំខាន់យ៉ាងដូចម្ដេចខ្លះ ចំពោះប្រទេសកម្ពុជារបស់យើង ហើយវាជួយអ្វីខ្លះផងដែរ ជាពិសេសបច្ចុប្បន្ននេះ កម្ពុជាកំពុងតែរងការរាតត្បាតដោយវីរុសកូវីដ១៩ ។

ជាការពិតនៅក្នុងបដិបទសម័យកូវីដនេះ អ្វីដែលសំខាន់គឺជា បច្ចេកវិទ្យា បច្ចេកវិទ្យាបានជួយច្រើនណាស់ទៅដល់សង្គមកម្ពុជារបស់យើង ក៏ដូចជាពិភពលោកទាំងមូល។ ទីមួយ ជួយទៅលើបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋរបស់យើង។ យើងឃើញជាក់ស្ដែងពីមុនមក បើសិនជាយើងត្រូវការម្ហូបអាហារ យើងត្រូវជិះទៅទិញនៅខាងក្រៅ តែបច្ចុប្បន្នគឺយើងមានបច្ចេកវិទ្យាជួយ យើងគ្រាន់តែចូលទៅលើ App ម្ហូបអាហារផ្សេងៗ ដែលមានការធ្វើលក់ជារៀងរាល់ថ្ងៃ យើងអាចកម្មង់បានយ៉ាងងាយស្រួល។ នៅពេលខ្លះយើងចង់ធ្វើដំណើរ គ្រាន់តែយើងចូលទៅក្នុង app Passapp ឬក៏ Wego យើងអាចមានលទ្ធភាពនៅក្នុងការកក់ រង់ចាំតែរយៈពេល 5 ទៅ 10នាទីគឺមកដល់។ ភាពងាយស្រួលក្នុងការធ្វើដំណើរ នៅពេលសម័យមុន ពេលដែលយើងធ្វើដំណើរគឺយើងត្រូវអង្គុយមើលចាំថ្ងៃលិច ឬ ថ្ងៃរះដើម្បីឲ្យដឹងទិសដើម្បីយើងទៅ ដើម្បីដឹងថាទិសត្រូវទៅតាមណា ឬ យើងត្រូវមើលលើត្រីវិស័យ តែសម័យបច្ចុប្បន្នគឺយើងប្រើ Google map ប្រព័ន្ធបច្ចេកវិទ្យា Google ងាយស្រួលណាស់គ្រាន់តែចុចទៅយើងអាចមើល ហើយងាយស្រួលទៅដល់ទីតាំង។ ពេលខ្លះបើយើងនិយាយអំពីជីវិតរស់នៅប្រចាំថ្ងៃរបស់យើង បងប្អូនយើងពីមុនមករៀនធ្វើម្ហូបដល់ម្ដាយប្រាប់ តែឥឡូវអត់ទេយើងគ្រាន់តែចូល Youtube បើកមកគឺអាចមានលទ្ធភាពរៀនធ្វើម្ហូបបានគ្រប់បែបយ៉ាង នេះគឺជាការចូលរួមជួយ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅក្នុងការងារអាជីវកម្មក៏ដូចគ្នាដែរ យើងឃើញថា អាជីវកម្មបច្ចុប្បន្ន ការប្រើប្រាស់នូវប្រព័ន្ធស្មាត ប្រព័ន្ធវៃឆ្លាត មានលក្ខណៈទូលំទូលាយកាន់តែច្រើន។ នៅក្នុងអាជីវកម្មភាគច្រើន ដែលគេធ្វើការផ្សព្វផ្សាយ ពីមុនមកការផ្សព្វផ្សាយពាណិជ្ជកម្ម យើងឃើញថា គេធ្វើតាមបែបប្រពៃណីដូចជា តាមកាសែត តាមទូរទស្សន៍ វិទ្យុ តែឥលូវអត់ទេគឺយើងទៅតាម Facebook តាម App ក៏ដូចជាតាមប្រព័ន្ធអនឡាញនានា ជាការងាយស្រួលនៅក្នុងការផ្សព្វផ្សាយ ជាពិសេសគឺថា ការគ្រប់គ្រងបានល្អប្រសើរណាស់ នៅក្នុងអាជីវកម្មនីមួយៗដែលយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា មានតម្លាភាពមានភាពត្រឹមត្រូវ ជាពិសេសប្រព័ន្ធគណនេយ្យមានភាពល្អប្រសើរ ដែលធ្វើឱ្យក្រុមហ៊ុននីមួយៗមានលក្ខណៈកាន់តែច្បាស់លាស់ ហើយមានលក្ខណៈកាន់តែទាក់ទាញនៅក្នុងការគ្រប់គ្រង និងការផ្សព្វផ្សាយ។ ដោយឡែកនៅក្នុងវិស័យហិរញ្ញវត្ថុ យើងឃើញថា បច្ចេកវិទ្យាជួយបានច្រើនមែនទែន ជាក់ស្ដែង E-banking ប្រព័ន្ធធនាគារច្រើនដែលវិវឌ្ឍន៍ខ្លួនទៅជា E-banking មានភាពងាយស្រួលក្នុងការចាយលុយ ឬក៏ការបាញ់លុយឱ្យគ្នាទៅវិញទៅមក ពេលខ្លះនៅពេលដែលយើងទិញទំនិញអ្វីផ្សេងៗ មានលក្ខណៈងាយស្រួល ជួយសម្រួលច្រើនដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរបស់យើង។ បើយើងនិយាយនៅក្នុងវិស័យឧស្សាហកម្ម វិស័យឧស្សាហកម្មគឺជួយបានច្រើនមែនទែន ជាពិសេសការជួយបង្កើននូវផលិតភាព ហើយនិងគុណភាពផលិតផល ដែលពីមុនយើងត្រូវប្រើមនុស្សច្រើន ជាពិសេសបដិបទកូវីដគឺយើងត្រូវរក្សាគម្លាតផង។ វិស័យបច្ចេកវិទ្យា ជួយបានច្រើនណាស់ ឧទាហរណ៍ថា នៅក្នុងវិស័យកម្មន្តសាល សម្លៀកបំពាក់មួយ ដែលយើងពេលខ្លះត្រូវប្រើមនុស្ស 10 នាក់ដើម្បីដេរសំលៀកបំពាក់ ត្រូវការអ្នកកាត់ក្រណាត់ អ្នកស្រេះលាវ អ្នករវៃអំបោះជាដើម ប៉ុន្តែនៅពេលដែលមានបច្ចេកវិទ្យាបានជួយជាច្រើន ម៉ាស៊ីនគឺអាចជួយច្រើនមែនទែននៅក្នុងប្រព័ន្ធខ្សែចង្វាក់ប្រតិកម្ម ដែលធ្វើឲ្យបង្កើននូវផលិតភាពផង ធ្វើឲ្យគុណភាពផលិតផលកាន់តែល្អប្រសើរជាងមុន។ វិស័យសំណង់ក៏ដូចគ្នាដែរ ពីមុនមកយើងត្រូវការសង់ផ្ទះមួយល្វែង ឬក៏សង់ផ្ទះមួយជាន់ មួយជាន់កន្លះ នៅសម័យមុនគឺយើងត្រូវការធ្វើពីរឆ្នាំ ឬ ពីរឆ្នាំកន្លះបានហើយ តែឥឡូវជាមួយនឹងបច្ចេកវិទ្យាមានការរីកចម្រើន សំណង់រាប់ជាន់ 10ជាន់ 20ជាន់ យើងធ្វើតែរយៈពេលមួយឆ្នាំ ឬ ពេលខ្លះលឿនជាងនេះទៀត ទៅតាមបច្ចេកវិទ្យាបដិបទនៃការធ្វើ ហើយគុណភាពសំណង់គឺល្អជាងមុន។ ដែលទាំងអស់នេះ ជាការចូលរួមចំណែកជួយច្រើនណាស់ នៅក្នុងសង្គមកម្ពុជារបស់យើង។ បើក្រឡេកមើលទៅលើវិស័យសុខាភិបាលវិញគឺ វិសេសវិសាលមែនទែននៅក្នុងបដិបទកូវីដនេះ យើងឃើញទាំងអស់គ្នាហើយថា តាមរយៈការផ្សព្វផ្សាយនៅតាមប្រព័ន្ធបច្ចេកវិទ្យា Online ការ Scan QR Code ការធ្វើ Breaking ទៅលើអ្នកដែលកើតជំងឺកូវីដ១៩ជាដើម គឺត្រូវការបច្ចេកវិទ្យាទាំងអស់សូម្បីតែនៅកន្លែងព្យាបាល គ្រូពេទ្យមិនអាចចូលទៅ 24ម៉ោងនោះទេជាមួយអ្នកជំងឺ ដូច្នេះគេរៀបចំជា Call Center មួយដើម្បីទំនាក់ទំនងជាមួយអ្នកឈឺ នៅពេលដែលអ្នកជំងឺមានបញ្ហាអាចចុចកណ្ដឹងហើយអាចនិយាយប្រាប់ទៅគ្រូពេទ្យ ហើយគ្រូពេទ្យមានកាមេរ៉ាមើលទាំងអស់ ហើយឮសំឡេងទាំងអស់ថាគាត់ឈឺរបៀបម៉េចត្រូវការអ្វី ហើយគ្រូពេទ្យចាប់ផ្ដើមពាក់សម្លៀកបំពាក់ការពារ ដើម្បីចូលមកពិនិត្យមើល ហើយនេះជាការចូលរួមចំណែកច្រើនណាស់ នៅក្នុងសម័យនៃបដិបទកូវីដ១៩ ដោយសារតែបច្ចេកវិទ្យារបស់យើងបានជួយច្រើនមែនទែន។

សំនួរ៖   តើប្រព័ន្ធបច្ចេកវិទ្យាប្រភេទណា ដែលចាំបាច់ហើយគួរតែមាន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាមានតម្រូវការខ្ពស់នៅក្នុងប្រទេសផងដែរ?

ប្រព័ន្ធបច្ចេកវិទ្យា គឺសំខាន់ណាស់ សម្រាប់ជីវភាពរស់នៅ សម្រាប់វិស័យឯកជន ក៏ដូចជាវិស័យរដ្ឋ ឬ រាជរដ្ឋាភិបាលរបស់យើង ហើយបច្ចេកវិទ្យាទាំងអស់សំខាន់ទាំងអស់ ប៉ុន្តែអ្វីដែលយើងបានដឹង ជាពិសេសគឺក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២១ នេះបានធ្វើការអនុម័តទៅលើប្រព័ន្ធបច្ចេកវិទ្យាជាចំនួន ៣ ដែលជាប្រព័ន្ធបច្ចេកវិទ្យាចាំបាច់បំផុត សម្រាប់កម្ពុជារបស់យើង រហូតដល់ឆ្នាំ 2030។ ទីមួយគឺ បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាអប់រំនេះគឺសំខាន់ណាស់ បើនិយាយអំពីបដិបទឧស្សាហកម្មជំនាន់ទី៤ ជាពិសេសនៅក្នុងការដែលយើងរៀនរស់ នៅក្នុងប្រក្រតីភាពថ្មី គឺយើងត្រូវការពង្រីកវិសាលភាពបច្ចេកវិទ្យាក្នុងភាពអប់រំសំខាន់មែនទែន បើនិយាយអំពីវិស័យបច្ចេកវិទ្យាអប់រំ មិនថាតែលើក្រសួងអប់រំនោះទេគឺគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលមានការបណ្ដុះបណ្ដាលដែលត្រូវការបច្ចេកវិទ្យា ដែលយើងហៅថា STEM មាន S គឺ Science ជាវិទ្យាសាស្ដ្រ T គឺ Technology ជាបច្ចេកវិទ្យា E គឺ Engineering ជាវិស្វកម្ម M គឺ Mathematics ជាគណិតវិទ្យា ប្រព័ន្ធទាំងអស់នោះគឺចាំបាច់ទាំងអស់ សម្រាប់ធ្វើការបណ្ដុះបណ្ដាលតាំងពីកុមារភាពមក វិស័យនេះគឺត្រូវការចាំបាច់ជាងគេបំផុត។ សម្ដេចតេជោលោកតែងលើកឡើងហើយថា នៅក្នុងសៀវភៅដំណើរ 10 ឆ្នាំនៃកម្ពុជារបស់លោកថា កម្ពុជាយើងត្រូវការអ្វីជាងគេគឺ ទឹក ផ្លូវ ភ្លើង មនុស្ស ។ មនុស្សគឺ ធនធានមនុស្សនោះឯង ដែលត្រូវការចាំបាច់នៅក្នុងការអប់រំឲ្យបានល្អប្រសើរ។ រហូតមកដល់ពេលឥឡូវគឺ មនុស្សដើរមុនគេគឺដើរមុន ទឹក ផ្លូវ ភ្លើង ទៀត ដូច្នេះបច្ចេកវិទ្យាអប់រំជាបច្ចេកវិទ្យាចាំបាច់បំផុតសម្រាប់កម្ពុជាយើង។ ទីពីរគឺ បច្ចេកវិទ្យាសុខាភិបាល បើយើងនិយាយអំពីបច្ចេកវិទ្យាសុខាភិបាលដូចខ្ញុំបានលើកឡើងខាងដើម នៅក្នុងបដិបទកូវីដនេះត្រូវការចាំបាច់ណាស់ ហើយជាអ្វីដែលយើងត្រូវត្រៀមនៅក្នុងការចាប់យក ដែលយើងហៅថាជាសុខាភិបាលជំនាន់ទី4 ដែលយើងហៅថា Health 4.0 ប្រហែលជាបងប្អូនយើងមួយចំនួនឧស្សាហ៍ឮនូវពាក្យថា ឧស្សាហកម្មជំនាន់ទី4 ប៉ុន្តែ Health 4.0 មិនសូវដែលឮទេ។ Health 4.0 ជាបច្ចេកវិទ្យាសុខាភិបាលជំនាន់ថ្មី ដែលយើងប្រើប្រាស់នូវប្រភេទដូចជា eHealth បានន័យថាជា Electronic Healthបានន័យថា ការព្យាបាលពីចម្ងាយ Tele-machine ពេលខ្លះដែលយើងប្រើនូវប្រព័ន្ធបច្ចេកវិទ្យា Robotic ឧទាហរណ៍ថានៅក្នុងការវះកាត់ គេប្រើ Robotic Surgery ជា Automatic endoscopy បានន័យថា ការប្រើប្រាស់នៅការថតដោយស្វ័យប្រវត្តិ ការប្រើប្រាស់តាមប្រព័ន្ធកុំព្យូទ័រ ។ ឧទាហរណ៍ថា នៅក្នុងដំណាក់កាលណាមួយ យើងអាចរៀបចំប្រព័ន្ធទំនើបមួយនៅក្នុងមន្ទីរពេទ្យធំណាមួយនៅរាជធានីភ្នំពេញ ហើយបន្ទាប់មកទៀតនៅតាមមន្ទីរពេទ្យផ្សេងៗ ដែលជាមន្ទីពេទ្យបង្អែកខេត្តហ្នឹពេលខ្លះ ក៏មិនមានជាក្រុមគ្រូពេទ្យជំនាញដែលមានឯកទេសគ្រប់គ្រាន់នោះទេ អញ្ចឹងគាត់អាចពិគ្រោះពិភាក្សាជាមួយ ក្រុមគ្រូពេទ្យជំនាញនៅរាជធានីភ្នំពេញ តាមប្រព័ន្ធបច្ចេកវិទ្យា ពេលខ្លះក្រុមគ្រូពេទ្យជំនាញនៅទីក្រុងភ្នំពេញគាត់បង្ហាញហើយថា ឥឡូវត្រូវធ្វើរបៀបណា អញ្ចឹងគ្រូពេទ្យនៅតាមខេត្តនីមួយៗគឺ លោកអាចធ្វើបាន នេះគឺជាការចូលរួមជួយបានច្រើនមែនទែន ដល់សុខុមាលភាពប្រជាពលរដ្ឋទៅថ្ងៃអនាគត នៅក្នុងការចាប់យកនូវការព្យាបាលតាមប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលទំនើបនេះ។ ទីបី គឺបច្ចេកវិទ្យាកសិកម្ម សម្ដេចតេជោលោកលើកឡើងហើយថា កសិកម្មគឺគ្រប់ដំណាក់កាលទាំងអស់គឺ យើងត្រូវការចាំបាច់ចោលមិនបាននោះទេ ដោយសារថាពេលខ្លះវិបត្តិពិភពលោកនៅឆ្នាំ 2008 មានវិបត្តិពិភពលោកបីរួមគ្នា វិបត្តិស្បៀងអាហារ វិបត្តិសេដ្ឋកិច្ច ព្រមទាំងវិបត្តិប្រេងកាតទៀត ពេលនោះប្រេងឡើងថ្លៃខ្ពស់ ម្ហូបអាហារផ្គត់ផ្គង់អត់គ្រប់ តែយ៉ាងណាក៏ដោយ អ្វីដែលសំខាន់នៅពេលដែលយើងមានកសិកម្មល្អ កម្ពុជារបស់យើងសល់ស្រូវអង្ករ នេះហើយជាចំណែកមួយ ដែលយើងទោះបីជាមានបញ្ហាអ្វីក៏ដោយក៏យើងអាចរស់បាន។ ដូច្នេះបច្ចេកវិទ្យាកសិកម្ម ធ្វើយ៉ាងណាដ៏ដោយឱ្យកសិកម្មរបស់យើង ប្រែក្លាយជាកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបទំនើប ឬក៏ជាកសិកម្មដែលវៃឆ្លាត ឥឡូវនេះយើងឃើញហើយថា ការស្រោចស្រពដំណាំ បច្ចេកវិទ្យារបស់យើង យើងអាចបញ្ជាបានតាមទូរសព្ទដៃ កំណត់ពេលណាដែលយើងត្រូវស្រោច ហើយដំណាំរបស់យើងត្រូវការទឹកប៉ុន្មាន ពេលខ្លះយើងអត់ដឹងយើងចេះតែស្រោច ស្រោចឲ្យតែជោគគល់តាមបងប្អូនប្រជាពលរដ្ឋ តែតាមពិតរុក្ខជាតិ នីមួយៗ វាត្រូវការបរិមាណទឹក ជី ខុសៗគ្នាទាំងអស់។ នៅពេលដែលយើងសិក្សាដឹងតាមប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាតរបស់យើង យើងអាចប្រើរយៈពេលបីម៉ោងនៅក្នុងការស្រោចទឹកក្នុងកសិកម្មរបស់យើង ដឹងថាវាត្រូវការទឹកប៉ុន្មាន ហើយបច្ចេកវិទ្យានស្រោចស្រពទៅតាមហ្នឹង ហើយយើងមានលទ្ធភាពនៅក្នុងការចំណេញនូវការប្រើប្រាស់ទឹកផង ទីពីរគឺ ការទទួលនូវសារធាតុបម្រុង គ្រប់គ្រាន់។ យើងឃើញហើយថា ពេលខ្លះការដាំដំណាំតាមបច្ចេកវិទ្យាគឺ យើងធ្វើបានលទ្ធផលខ្ពស់ ហើយត្រូវការដីតិច ពីមុនគឺយើងត្រូវការដីច្រើនរហូតដល់រាប់សិបហិកតារ ដើម្បីធ្វើដំណាំដាំផ្សិត ដំណាំដើមដំឡូងដើម ប៉ុន្តែឥលូវនៅតាមបណ្ដាលប្រទេសជឿនលឿនជាច្រើន គេប្រើប្រាស់ត្រឹមតែផ្ទះពីរល្វែង គេអាចធ្វើផ្សិតលក់ឲ្យប្រជាជនរាប់លាននាក់ នេះគឺជាបច្ចេកវិទ្យាកសិកម្មវៃឆ្លាតដែលយើងត្រូវការចាំបាច់៕

***********

វាគ្មិន៖ ឯកឧត្ដម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បចេ្ចកវិទ្យា និងនវានុវត្តន៍

អ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី 

អ្នករៀបចំអត្ថបទ៖ លោក ប្រុស​ គីមសាំង

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner