គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ប្រវែងសរុប១៤គីឡូម៉ែត្រត្រូវបានចុះហត្ថលេខាលើកិច្ចសន្យា ម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននៅថ្ងៃទី២៣សីហាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមដោយផ្ទាល់ និង តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង១២២គីឡូម៉ែត្រ៩០០ម៉ែត្រមានចំនួនពីរគន្លង និងប្រវែង២៥គីឡូម៉ែត្រ១០០ម៉ែត្រមានចំនួន ០៤ គន្លង។ ផ្លូវនោះមានទទឹងផ្លូវ១១ម៉ែត្រសម្រាប់២គន្លង និង១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រសម្រាប់៤គន្លង ក្រាលបេតុង កៅស៊ូ(AC) កម្រាស់៧សង់ទីម៉ែត្រ បេតុងសរសៃដែក។
ការស្ថាបនាផ្លូវនោះ ក៏មានការសាងសង់ស្ពានថ្មីចំនួន៤កន្លែងប្រវែង១១៣ម៉ែត្រ, ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង១៤០កន្លែង,លូប្រអប់១៥កន្លែង, បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍, ការកំណត់ល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោងនៅតំបន់ទំនាប ឬផ្លូវត្រង់ និង ៦០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់តំបន់ខ្ពង់រាប ឬផ្លូវកោង។ រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១តទៅ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវនោះ គ្រោងចំណាយទឹកប្រាក់សរុបប្រមាណ៧៨លាន៣សែន៩ម៉ឺន៨ពាន់៧៤១ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ ថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣លាន២សែន៥ម៉ឺន២ពាន់ដុល្លារអាមេរិកសម្រាប់ការងារដោះស្រាយផល ប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ សាងសង់ដោយ ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។
ផ្លូវជាតិលេខ៤៨ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសមីយ៉ាន់ម៉ា។ តាមបណ្តោយផ្លូវជាតិលេខ៤៨នោះមានតំបន់សេដ្ឋកិច្ច ពិសេស(SEZ) ចំនួន៤កន្លែង៖ ១). តំបន់សេដ្ឋកិច្ចពិសេសកោះកុង(Koh Kong SEZ), ២). តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ), ៣). តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និង៤). តំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ(EDCF) និងបានសំណូមពរឱ្យក្រុមហ៊ុនសាងសង់អនុវត្ត គម្រោងសាងសង់ផ្លូវនេះប្រកបដោយគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសាងសង់ និងតាម បទដ្ឋាបច្ចេកទេស ជាពិសេសត្រូវតាមដាន និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់ ឱ្យបាន ខ្ជាប់ ខ្ជួនដើម្បីធានាថាផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកគម្រោងលើកកម្រិតគុណផ្លូវជាតិលេខ៤៨នោះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូច ជា ធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរតាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើ ដំណើរនិងដឹកជញ្ជូន, បង្កើនការធានាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរតាមរយៈបំពាក់គ្រឿង បរិក្ខារសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ, ជំរុញសក្តានុពល តំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង៕