លោក ចូ បៃដិន៖ ការដាក់ពង្រាយកងទ័ពនៅអាហ្វហ្គានីស្ថានហួសថ្ងៃកំណត់ទី៣១ ខែសីហាខាងមុខនេះ កំពុងស្ថិតក្រោមការពិចារណា (Video Inside)
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា ការអូសបន្លាយពេលដាក់ពង្រាយកងទ័ពអាមេរិកសម្រាប់បេសកកម្មជម្លៀសប្រជាជននៅប្រទេសអាហ្វហ្គានីស្ថានហួសកាលបរិច្ឆេតកំណត់ថ្ងៃទី៣១ ខែសីហាខាងមុខនេះ ត្រូវបានលើកយកមកពិភាក្សា។
លោក បៃដិន បានថ្លែងបែបនេះនៅក្នុងការកត់សម្គាល់ពីការធ្វើបច្ចុប្បន្នភាពស្តីអំពីដំណើរការបេសកកម្មជម្លៀសប្រជាជនចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅឯសេតវិមាននៅរសៀលថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់)។ លោក បៃដិន បានឆ្លើយតបនៅពេលត្រូវបានសាកសួរអំពីកាលបរិច្ឆេតកំណត់ដកកងទ័ពអាមេរិកនៅថ្ងៃទី៣១ ខែសីហាខាងមុខនេះថា មានកិច្ចពិភាក្សាគ្នាបាននិងកំពុងដំណើរការក្នុងចំណោមពួកយើង និងមន្រ្តីយោធាអំពីការអូសបន្លាយពេល… ពួកយើងសង្ឃឹមថា យើងនឹងមិនមានការពន្យារពេលទៀតនោះទេ ប៉ុន្តែខ្ញុំនឹងមានការពិភាក្សាថាតើយើងកំពុងស្ថិតនៅក្នុងដំណើរការនេះយូរប៉ុណ្ណាដែរ។
ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះបានអះអាងថា ប្រទេសរបស់លោកមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានងាយរងគ្រោះចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះដោយសុវត្ថិភាព ស្របពេលដែលក្រុមតាលីបង់កំពុងបង្ខំអោយមនុស្សរាប់ពាន់នាក់ចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល៕ ប្រភព៖ ស៊ីនហួរ