ក្រសួងការពារជាតិអាមេរិកនឹងប្រើយន្តហោះស៊ីវិលទៅជួយជម្លៀសប្រជាជននៅអាហ្វហ្គានីស្ថាន (Video Inside)
អាមេរិក៖ មន្ទីរបញ្ចកោណបានបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកផ្តល់យន្តហោះស៊ីវិលចំនួន ១៨ គ្រឿងចូលរួមគាំទ្រដល់បេសសកកម្មជម្លៀសប្រជាជនចេញពីប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាមេរិកលោក ចន ឃើប៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អូស្ទីន បានបញ្ជាឱ្យមេបញ្ជាការដឹកជញ្ជូនអាមេរិកបើកដំណើរការយន្តហោះអាកាសចរណ៍ស៊ីវិលបម្រុងចំនួន១៨ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ ចូលរួមក្នុងប្រតិបត្តិការជម្លៀសប្រជាជននេះ។ បើតាមលោក ចន ឃើប៊ី យន្តហោះអាកាសចរណ៍ស៊ីវិល ដែលចូលរួមក្នុងបេសកកម្មជម្លៀសប្រជាជននេះ នឹងមិនទៅទីក្រុងកាប៊ុលទេ ប៉ុន្តែនឹងត្រូវប្រើដើម្បីដឹកជញ្ជូនអ្នកភៀសខ្លួនចេញពីកន្លែងឆ្លងកាត់ទៅកន្លែងផ្សេងទៀត។ ការផ្លាស់ប្តូរនេះនឹងបង្កើនភាពចល័តរបស់អ្នកភៀសខ្លួន និង អនុញ្ញាតឱ្យយន្តហោះដឹកជញ្ជូនយោធាអាមេរិកផ្តោតលើតែប្រតិបត្តិការជម្លៀសមនុស្សចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល។
សូមជម្រាបថា យោធាអាមេរិកបានជម្លៀសមនុស្សប្រមាណ៣ពាន់៩រយនាក់ចេញពីអាហ្វហ្គានីស្ថាន ហើយចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក មនុស្សសរុបជិត២ម៉ឺន៨ពាន់នាក់ត្រូវបានជម្លៀសចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ ដោយយន្តហោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕ ប្រភព៖ ស៊ីនហួរ