មេដឹកនាំក្រុមតស៊ូប្រឆាំងនឹងក្រុមតាលីបង់ចង់ចរចា ប៉ុន្តែក៏ប្រុងប្រៀបខ្លួនរួចរាល់ដើម្បីប្រយុទ្ធដែរ
អន្តរជាតិ៖ មេដឹកនាំក្រុមតស៊ូចុងក្រោយរបស់អាហ្វហ្គានីស្ថានលោក អាម៉ាត់ ម៉ាសស៊ូដ (Ahmad Massoud) បញ្ជាក់ថា រូបលោកសង្ឃឹមថា នឹងជួបចរចាដោយសន្តិវិធីជាមួយចលនាអ៊ីស្លាមនិយម ដែលដណ្តើមអំណាចនៅរដ្ឋធានីកាប៊ុលកាលពីមួយសប្តាហ៍កន្លងទៅ ប៉ុន្តែកងកម្លាំងរបស់លោកបានប្រុងប្រៀបខ្លួនរួចរាល់ហើយដើម្បីប្រយុទ្ធ។
លោក ម៉ាសស៊ូដ ជាកូនប្រុសរបស់លោក អាម៉ាត់ សាម៉ាសស៊ូដ ដែលជាមេដឹកនាំសំខាន់ម្នាក់របស់ក្រុមតស៊ូប្រឆាំងនឹងសូវៀតនៅអាហ្វហ្គានីស្ថាន ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ បានបញ្ជាក់ថា អ្នកគាំទ្ររបស់គាត់ប្រុងប្រៀបខ្លួនប្រយុទ្ធរួចរាល់ហើយ បើសិនកងជីវពលតាលីបង់ព្យាយាមឈ្លានពានជ្រលងភ្នំ ប៉ានសៀ នៅភាគពាយព្យរដ្ឋធានីកាប៊ុល។
គួរកត់សម្គាល់ ការអះអាងខាងលើនេះរបស់លោក ម៉ាសស៊ូដ ត្រូវបានធ្វើឡើងស្របពេលដែលសារមួយនៅលើបណ្តាញសង្គម Twitter ឈ្មោះ Alemarah របស់ក្រុមតាលីបង់ បានសរសេរថា យុទ្ធជនរាប់រយនាក់កំពុងធ្វើដំណើរឆ្ពោះទៅជ្រលងភ្នំប៉ានសៀ បន្ទាប់ពីក្រុមមន្ត្រីរដ្ឋក្នុងតំបន់នេះបដិសេធមិនប្រគល់ទឹកដីនេះដោយសន្តិវិធី៕ ប្រភព៖ Reuters