គុនល្បុក្កតោ មរតកដូនតា កំពុងខិតខំជំរុញការផ្សព្វផ្សាយ ទៅកាន់ឆាកអន្តរជាតិ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាលើកឡើងកាល ក្នុងអំឡុងចុះពិនិត្យវាយតម្លៃ ពហុកីឡដ្ឋានមរតកតេជោ កាលពីពេលថ្មីនេះថា កីឡាគុនល្បុក្កតោ ដែលជាមរតកក្បាច់គុនរបស់បុព្ធបុរសខ្មែរកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងក្របខ័ណ្ឌជាតិ ពិសេស សហព័ន្ធកំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការជម្រុញផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ។


ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ថា គោលដៅរបស់យើងកន្លងរហូតដល់ឆ្នាំ២០៣០ គឺថាយើងមានមហិច្ឆតាអភិវឌ្ឍន៍ និងអភិរក្សវិស័យកីឡាគុនល្បុក្កតោទៅលើឆាកអន្តរជាតិ ដោយយើងកំពុងបង្កើនគុណភាពគ្រូបង្គោលរបស់កម្ពុជាឱ្យមានសមត្ថភាពឱ្យរឹងមាំសិន ព្រោះថា គ្រូបង្គោលដែលចេញទៅផ្សព្វផ្សាយ និងបង្ហាត់បង្រៀន នៅក្រៅប្រទេស មិនត្រឹមតែចេះក្បាច់គុនរបស់ខ្លួនប៉ុណ្ណោះទេ ពោលត្រូវតែចេះទាំងភាសាអង់គ្លេសឱ្យបានច្បាស់លាស់ផងដែរ។
ឯកឧត្តម សង្កាត់ធ្ងន់ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានកំណត់បង្ហាញថា កីឡា១ប្រភេទដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិត្រូវបានការគាំទ្រចាប់ពី៧៥ ប្រទេសឡើងទៅ។ ដូច្នេះគុនល្បុក្កតោក៏ត្រូវអនុវត្តតាមគោលការណ៍នេះដែរ ដើម្បីទទួលបានការគាំទ្របន្ថែមទៀត នាថ្ងៃអនាគត។ បច្ចុប្បន្ន គុនល្បុក្កតោ ដែលមានក្លឹបហ្វឹកហាត់នៅក្រៅប្រទេសមានត្រឹមតែ៦ប្រទេសប៉ុណ្ណោះ ដោយមិនទាន់ជ្រោតជ្រៀបទូលំទូលាយនៅលើឆាកអន្តរជាតិនៅឡើយទេ។ ប្រសិនបើយើងអាចរៀបចំការប្រកួតគុនល្បុក្កតោជើងឯកពិភពលោក រៀងរាល់ឆ្នាំបាន នោះការអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ នឹងទទួលបានការគាំទ្រជាអន្តរជាតិ ហើយ ត្រូវការរយៈពេល ២០ឆ្នាំទើបមានការទទួលស្គាល់៧៥ប្រទេស ។


ឯកឧត្តមបានបញ្ជាក់ថា “នេះជាមហិច្ឆតានៃគោលដៅរបស់យើង ដែលត្រូវតែខិតខំដើរឱ្យទៅដល់កម្រិតពិភពលោកបែបនេះ ប៉ុន្តែយើងត្រូវរៀបចំឱ្យគុនល្បុក្កតោមានពុម្ព ឬក្បួនខ្នាតស្តង់ដាតែមួយ ដោយមិនមែនត្រឹមតែគោលដៅដាក់បញ្ជូលកីឡាគុនល្បុក្កតោត្រឹមតំបន់អាស៊ាន ជាពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាប៉ុណ្ណោះទេពោលគឺ យើងនឹងបន្តជំរុញបញ្ជូលក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះឱ្យឈានដល់កម្រិតទ្វីបអាស៊ី នាថ្ងៃអនាគត ដែលពេលនោះហើយ បណ្តាប្រទេសទាំង៤៥នៃទ្វីបអាស៊ី ។ហើយយើងនឹងបន្តសម្រួចគោលដៅរបស់យើងទៅក្នុងកម្រិតពិភពលោក”។ ឯកឧត្តមអគ្គលេខាធិការបង្ហាញនូវឆន្ទៈថា ដូចជាប្រភេទកីឡាតេក្វាន់ដូ ការ៉ាតេ ជាដើមត្រូវបាន ម្ចាស់ក្បាច់គុនទាំងនោះរុញឱ្យដល់កម្រិតពិភពលោកបាន ហេតុអ្វីកម្ពុជាយើងក៏មិនអាចសម្រួចឱ្យដល់គោលដៅធំបែបនេះបាន ដែលទាំងអស់នេះ គឺជាសំណួរឱ្យកូនខ្មែរយើង ដាស់តឿនស្មារតីកូនខ្មែរយើងនាំគ្នាដាក់គោលដៅរុញប្រភេទកីឡាគុនល្បុក្កតោឱ្យដល់កម្រិតអូឡាំពិក ដោយកាលណាប្រភេទកីឡាមួយឈានដល់ក្នុងកម្រិតអូឡាំពិកហើយគឺអ្វីៗទាំងអស់គឺល្អឥតខ្ចោះ និងមានភាពរឹងមាំ ក្នុងការថែរក្សាមរតកវប្បធម៌ក្បាច់គុនប្រពៃណីជាតិខ្មែរយើង នៅលើឆាកអន្តរជាតិបានហើយ។
សូមបញ្ជាក់ថា ក្បាច់គុនល្បុក្កតោធ្លាប់បានដាក់ស្នើរទៅអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិផងដែរ ប៉ុន្តែអង្គការយូណេស្កូបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយសារកម្ពុជាមិនទាន់បានបំពេញគ្រប់លក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬមិនទាន់ធ្វើឱ្យក្បាច់គុននេះមានលក្ខណៈសហគមន៍ ក្នុងក្របខ័ណ្ឌជាតិ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner