ពលរដ្ឋស្រុកកំពង់ត្រាច ១៥៣គ្រួសារ រងផលប៉ះពាល់ដោយសារកូវីដ-១៩ ទទួលអំណោយកាកបាទក្រហម

អត្ថបទដោយ៖
ធី ដា

កំពត ៖ នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតអញ្ជើញទៅសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជាទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៥៣គ្រួសារ មកពីឃុំចំនួន ១៣ ក្នុងស្រុកកំពង់ត្រាច នៅវត្តអង្គជុំព្រៃទប់ ភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។

ប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយ បាននាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពលរដ្ឋទាំងនោះ និងថាជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែណែនាំដល់អាជ្ញាធរខេត្ត និងសាខាកាកបាទក្រហម រាជធានី-ខេត្ត យកចិត្តទុកដាក់ ជួយសង្គ្រោះ និងដោះស្រាយ ជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត និងរងគ្រោះឱ្យបានទាន់ពេលវេលា និងគ្មានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាពលរដ្ឋជួបទុក្ខលំបាកខ្វះខាត ទីនោះមានកាកបាទក្រហមកម្ពុជា ជួយដោះស្រាយជាប់ជាប្រចាំ។

ឯកឧត្តម ជាវ តាយ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ថែរក្សាអនាម័យសុខភាពឲ្យបានល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសរួមគ្នាអនុវត្តនូវវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារឱ្យបានជាប្រចាំ ដើម្បីរួមគ្នាប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពង្រឹងស្មារតីយកចិត្ត ទុកដាក់ប្រកបរបររកស៊ី និងការងារបង្កបង្កើតផលឲ្យប្រសើរដើម្បីបង្កើនជីវភាពគ្រួសារ។ អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស និងថវិកា ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner