លោក មុត ចន្ថា៖ សម រង្ស៊ី និងកឹម សុខា មិនអាចក្លាយជាមនុស្សតែមួយ!

ភ្នំពេញៈ មនុស្សជំនិតរបស់លោក កឹម សុខា បានបញ្ជាក់ថា លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ និងលោក កឹម សុខា មិនអាចក្លាយជាមនុស្សតែមួយបានទេ ពីព្រោះមានមូលហេតុជាច្រើនដែលមនុស្សទាំងពីរនាក់នេះមិនអាចក្លាយជាមនុស្សតែមួយបាន ពោល គឺលោក សម រង្ស៊ី បានផ្តាច់ខ្លួនចេញពីបុព្វហេតុរបស់គណបក្សសង្រ្គោះជាតិ បង្កើតចលនាសង្គ្រោះជាតិ ដែលមានអង្គការចាត់តាំងនយោបាយខុសច្បាប់ ដណ្តើមយកតួនាទីជាមេដឹកនាំនៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ និងប្រមាថការលះបង់របស់លោក កឹម សុខា ជាដើម និងមានកត្តាជាច្រើនទៀត។

លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុកថា “យើងស្តាប់ឮជាហូរហែរហូតមកដល់ពេលនេះដែលលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានអះអាងតែម្ខាងថា «សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ»។ កាលបើបានស្តាប់ទៅហាក់ពីរោះ និងមានអត្ថន័យបញ្ជាក់ពីភាពស្មោះត្រង់ខ្លាំងណាស់ ប៉ុន្តែធាតុពិតផ្ទុយស្រឡះ។ តាមពិតវាគ្រាន់តែសំដីផ្លែល្វា ដើម្បីបញ្ឆោត និងបំភ័ន្តមហាជនឱ្យយល់ច្រឡំក្នុងចេតនាកេងប្រវ័ញ្ចប្រយោជន៍ និងដាក់បន្ទុកលើជនរងគ្រោះ គឺលោក កឹម សុខា ទៅវិញទេ”។

លោកបានបញ្ជាក់ថា មានហេតុផលជាក់លាក់មួយចំនួនអាចបញ្ជាក់ជាអាទិ៍៖
១.លោក សម រង្ស៊ី បានបង្កើតអ្វីដែលហៅថា «ចលនាសង្រ្គោះជាតិ» នៅឆ្នាំ២០១៨ ដែលបានផ្តាច់ខ្លួនចេញពីបុព្វហេតុរបស់គណបក្សសង្រ្គោះជាតិ ព្រោះចលនានេះជាអង្គការចាត់តាំងនយោបាយខុសច្បាប់មួយ ដែលត្រូវបានចាត់ទុកជាក្រុមឧទ្ទាមក្រៅច្បាប់។ ខណៈដែលអង្គការចាត់នេះ មិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងអាចធ្វើការជាមួយគាត់ មិនអាចបន្តប្រើប្រាស់ឈ្មោះចលនានេះ តទៅទៀត ដើម្បីធ្វើសកម្មភាពឡើយ។ ក្នុងន័យនេះ លោក សម រង្ស៊ី បានបោះបង់ចោលលោក កឹម សុខា ទៅដឹកនាំចលនានយោបាយមួយផ្សេងទៀត។
២.ដោយសារមូលហេតុទី១នេះ លោក សម រង្ស៊ី ក៏បានងាកមកដណ្តើមយកតួនាទីជាមេដឹកនាំនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ដោយលើកបន្តុបខ្លួនគាត់ជា «ប្រធានស្តីទី» នៅខែធ្នូ ឆ្នាំ២០១៨ ដោយរំលោភបំពានលក្ខន្តិកៈបក្សដែលជាច្បាប់កំពូលរបស់គណបក្សសង្រ្គោះជាតិ ខណៈដែលលោក កឹម សុខា ជាប្រធានគណបក្ស កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង។ នេះជាអំពើអគុណធម៌យ៉ាងធំបំផុតចំពោះដៃគូនយោបាយ ដែលបានកើតចេញពីការរួបរួមគ្នា នៅខែកក្កដា ឆ្នាំ២០១២។
៣.លោក សម រង្ស៊ី បានប្រមាថការលះបង់របស់លោក កឹម សុខា ដោយបានបន្ទាបបន្ថោកថា «ការជាប់គុកឥតប្រយោជន៍» ដែលទង្វើនេះបង្ហាញឱ្យឃើញថា ពាក្យស្លោករបស់គាត់ «សម រង្ស៊ី និងកឹម សុខា គឺជាមនុស្សតែមួយ» គឺជាអំពើកុហក និងបំភ័ន្ត។
៤.លោក សម រង្ស៊ី បានប្រើប្រាស់តួនាទីលើកបន្តុបដោយខ្លួនឯង ប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូបានលោកស្រី រ៉ូណា ស្មីត អតីតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថ្លែងថ្កោលទោសនៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីសថា ជាអំពើបំពានគោលការណ៍ប្រជាធិបតេយ្យ និងច្បាប់។ អំពើខុសច្បាប់ជាតិ និងច្បាប់អន្តរជាតិនេះ គឺផ្ទុយស្រឡះពីគោលជំហរនយោបាយរបស់លោក កឹម សុខា និងគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ (មាត្រា៥ និងមាត្រា៨ នៃលក្ខន្តិកៈគណបក្ស)។
៥. លោក សម រង្ស៊ី បានរៀបចំផែនការមាតុភូមិនិវត្តវិលចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបើកយុទ្ធនាការរ៉ៃអង្គៀសប្រាក់បានរហូតជាង៣០ម៉ឺនដុល្លារអាមេរិក។ ប្រសិនជាផែនការមាតុភូមិនិវត្តរបស់គាត់គ្រោងធ្វើឡើងដោយសន្តិវិធី នោះមិនត្រូវបានគេចាត់ទុកជាអំពើផ្ទុយនឹងច្បាប់ឡើយ ហើយក៏អាចត្រូវបានគេកោតសរសើរគាត់ជាមនុស្សក្លាហានដែលហ៊ានមកតទល់តាមផ្លូវច្បាប់ និងតាមផ្លូវប្រជាធិបតេយ្យ។ ប៉ុន្តែគាត់បានប្រកាសក្តែងៗថាគាត់ចូលមកប្រទេសកម្ពុជាវិញ ដើម្បីចាប់ខ្លួនសម្តេច ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ដែលស្មើនឹងការផ្តួលរំលំរដ្ឋាភិបាលមួយ ដែលត្រូវបានថ្កោលទោសពីមជ្ឈដ្ឋានសមាជិកសហគមន៍អន្តរជាតិ ក្នុងនោះក៏មានប្រទេសមហាអំណាចផងដែរ ដែលប្រទេសទាំងនោះមិនអាចគាំទ្រអំពើហិង្សា និងសកម្មភាពណាដែលរំលោភបំពានច្បាប់នៃរដ្ឋអធិបតេយ្យឡើយ។ គ្រាន់តែគាត់ប្រកាសបែបនេះ មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានយល់ច្បាស់ពីបំណងរបស់គាត់ គឺគាត់មិនមានភាពក្លាហានហ៊ានវិលចូលប្រទេសប្រទេសវិញឡើយ ទោះបីគាត់ខិតខំរៀបចំឈុតឆាកសម្តែង ដោយការអូសវាលិសដើរចូលព្រលានយន្តហោះនៅទីក្រុងប៉ារីស ខណៈដែលក្រុមហ៊ុនអាកាសចរណ៍បដិសេធថា មិនបានលក់សំបុត្រយន្តហោះឱ្យគាត់ «សម រង្ស៊ី» ហើយរដ្ឋាភិបាលថៃក៏បានប្រកាសស្កាត់មុនថា មិនអនុញ្ញាតឱ្យគាត់ចូលប្រទេសរបស់គេដែលជាប្រទេសគោលដៅ ដែលគាត់បានប្រកាសថានឹងដើរចូលប្រទេសកម្ពុជាជាមួយពលករចំណាកស្រុកខ្មែរតាមច្រកព្រំដែនប៉ោយប៉ែត បើតាមការអះអាងរបស់គាត់។ ជាលទ្ធផលបានមកពីអំពើកុហក និងបំភ័ន្តរបស់គាត់ បាននាំឱ្យសកម្មជន និងអ្នកគាំទ្រមិនបានគិតដល់ចាញ់កល្បរាប់រយនាក់ត្រូវប្រឈមមុខនឹងវិធានការច្បាប់ និងតុលាការ និងមួយចំនួនត្រូវចាប់ និងឃុំខ្លួន ហើយនិងរយនាក់ទៀតបានរត់គេចខ្លួនទៅក្រៅប្រទេស។ ទង្វើនេះ បានប្រឆាំងនឹងគោលការណ៍រួម រវាងលោក សម រង្ស៊ី និង កឹម សុខា ជាពិសេស មាត្រា៥ និងមាត្រា៨ នៃលល្ខន្តិកៈគណបក្ស។
៦.ម្តងហើយម្តងទៀត លោក សម រង្ស៊ី បានអំពាវនាវឱ្យកងទ័ព និងកម្លាំងប្រដាប់អាវុធបែរចុងកាណុងកាំភ្លើង ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអំពើនេះត្រូវបានគេចាត់ទុកជាអំពើហិង្សារំលោភបំពានទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ជាពិសេស មាត្រា៨ កថាខណ្ឌទី៤ នៃលក្ខន្តិកៈគណបក្ស ស្តីពីគោលនយោបាយអហិង្សា។ ការអំពាវនាវនេះបានរុញច្រានឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិឃ្លាតឆ្ងាយបន្តិចម្តងៗ ក្នុងការស្វែងរកដំណោះស្រាយស្តារលទ្ធិប្រជាធិបតេយ្យ និងបើកឱ្យមានលំហនយោបាយទូលំទូលាយឡើងវិញ ព្រោះសមាជិកសហគមន៍អន្តរមិនអាចធ្វើការជាមួយ ឬគាំទ្រអ្នកនយោបាយខ្មែរណាដែលនិយមអំពើហិង្សា (advocacy for violence) និងសកម្មភាពបំពានច្បាប់នៃរដ្ឋអធិបតេយ្យមួយបានឡើយ។
៧.លោក សម រង្ស៊ី បានធ្វើការប្រមាថមកលើអង្គព្រះមហាក្សត្រ ម្តងហើយម្តងទៀតដែលជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ (មាត្រា៧ កថាខណ្ឌទី៣)»។ ជាលទ្ធផល លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសពីបទប្រមាថអង្គព្រះមហាក្សត្រ និងប្រឈមនឹងបណ្តឹងអាជ្ញាជាបន្តទៀត។ គាត់បានចោទអង្គព្រះមហាក្សត្រថា មិនបានធ្វើអ្វីជួយប្រជាពលរដ្ឋដែលរងទុក្ខលំបាក ប៉ុន្តែគាត់ភ្លេចគិតថាខ្លួនគាត់ជាសមាជិកមួយរូបនៃគណៈកម្មាធិការអចិន្រ្តយ៍រៀបរៀងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលគាត់បានគាំទ្រឱ្យដាក់បញ្ចូលប្បញ្ញត្តិមួយទៅក្នុងរដ្ឋធម្មនុញ្ញ គឺ «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ (មាត្រា៧ កថាខណ្ឌទី១)»។ ប៉ុន្តែនៅពេលនេះបែរជាគាត់មកបន្ទោសថា ព្រះមហាក្សត្រគ្មានអំណាចអ្វីទាំងអស់។ លក្ខន្តិកៈរបស់អតីតគណបក្សសង្រ្គោះជាតិកំណត់គោលនយោបាយគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ក៏ដូចជាច្បាប់ស្តីពីគណបក្សនយោបាយ។ ទង្វើនេះ ដើរផ្ទុយពីគោលជំហរនយោបាយរបស់លោក កឹម សុខា ដែលតែងតែគោរពបដិបត្តិច្បាប់យ៉ាងខ្ជាប់ខ្ជួន ទោះក្នុងស្ថានភាពណា។
៨.លោក សម រង្ស៊ី បានប្រកាសឱ្យបង្កើតរដ្ឋាភិបាលរួបរួមជាតិ ឱ្យដូចអ្វីដែលគណបក្សសម្ព័ន្ធជាតិដើមបីប្រជាធិបតេយ្យនៅភូមាដូច្នោះដែរ ដែលត្រូវបានចាត់ទុកជាអំពើរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ។ លោក កឹម សុខា តាមរយៈមេធាវី បានបដិសេធមិនគាំទ្រ មិនជាប់ពាក់ព័ន្ធ មិនចូលរួម ឬមិននៅពីក្រោយការប្រកាសលោក សម រង្ស៊ី។ នេះបង្ហាញយ៉ាងច្បាស់ថា គោលជំហររបស់លោក កឹម សុខា ខុសពីលោក សម រង្ស៊ី ដែលលោក កឹម សុខា មានបំណងស្វែងរកដំណោះស្រាយរវាងខ្មែរ និងខ្មែរដោយស្របតាមច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ។
៩.អ្វីដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការបែងចែក និងការរើសអើងនោះ ចាប់តាំងតែពីលោក កឹម សុខា ត្រូវបានដោះលែងពីពន្ធនាគារត្រពាំងថ្លុង នៅខែកញ្ញា ឆ្នាំ២០១៨ ដើម្បីមកឃុំនៅក្នុងផ្ទះ និងរហូតតុលាការបានបន្ធូរបន្ថយលក្ខខណ្ឌឃុំខ្លួន នៅខែវិច្ឆិកា ឆ្នាំ២០១៩ និងរហូតមកដល់ពេលនេះ គ្មានអ្នកនយោបាយ ឬសកម្មជននៃកូតាគណបក្សសម រង្ស៊ី ណាម្នាក់ បានមកសួរសុខទុក្ខ ឬមកសម្តែងការនឹកឭក ឬសម្តែងការគួរសមចំពោះលោក កឹម សុខា នៅផ្ទះរបស់គាត់ ម្តងណាឡើយ។ ពួកគេខ្លះមិនគ្រាន់អគុណធម៌ និងមិនចាត់ទុកលោក កឹម សុខា ជាមេដឹកនាំរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានវាយប្រហារ និងជេរប្រមាថមកលើលោក កឹម សុខា ថែមទៀត។ បន្ទាប់ពីលោក សម រង្ស៊ី បានដណ្តើមយកតួនាទីជាប្រធានស្តីទីដោយខុសច្បាប់ នៅខែធ្នូ ឆ្នាំ២០១៨ គាត់បានបង្កើតឱ្យមានក្រុមឆ្កែញីមួយក្រុមក្នុងក្របខ័ណ្ឌចលនាស្រ្តីនៃគណបក្សសង្រ្គោះជាតិក្រៅប្រទេស ឬ CNRP-OVERSEA (CNRP-O) បើកយុទ្ធនាការជេរ និងប្រមាថមកលើលោក កឹម សុខា យ៉ាងក្លៀវក្លាបំផុត ហើយលោក សម រង្ស៊ី ថែមទាំងបានប្រគល់ប័ណ្ណសរសើរលើកទឹកចិត្តដល់ក្រុមឆ្កែញីនេះទៀងផង។ នេះជាចរិតចាប់ដៃជាន់ជើងរបស់លោក សម រង្ស៊ី មកលើលោក កឹម សុខា។
១០.លោក សម រង្ស៊ី បានឈរពីក្រោយយ៉ាងរឹងមាំចំពោះការបំបែកកម្លាំងគាំទ្រអតីតគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស តាមរយៈការបង្កើតឡើងនូវចលនាសង្រ្គោះជាតិ ដែលត្រូវបានចាត់ទុកជាចលនាឧទ្ទាមក្រៅច្បាប់, បង្កើតឡើងនូវគណបក្សសង្រ្គោះជាតិក្រៅប្រទេស ឬ CNRP-OVERSEA (CNRP-O), កែប្រែរចនាសម្ព័ន្ធ និងដកដោះដូរមនុស្សក្នុងរចនាសម្ព័ន្ធដឹកនាំនៅក្រៅប្រទេស ដូចជា នៅអាមេរិក អឺរ៉ុប និងនៅកូរ៉េខាងត្បូង។ លោក សម រង្ស៊ី បានបំបែកបំបាក់ចលនាយុវជនជាពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងជាពីរ ដោយគាត់បានគាំទ្រក្រុមថ្មីមួយទៀតដែលដឹកនាំដោយ «អាសង្ហារ»។ ចាប់តាំងពីលោក សម រង្ស៊ី បានដណ្តើមយកតួនាទីជាប្រធានស្តីទីដោយខុសច្បាប់មក គាត់មិនបានធ្វើអ្វីឱ្យមានការបង្រួបបង្រួមបក្សម្តងណាឡើយ គឺមានតែបំបែក និងបំបែកឱ្យខ្ទេច តាមរយៈការដកមនុស្សរបស់គណបក្សសិទ្ធិមនុស្សចេញ ដាក់មនុស្សបក្សសម រង្ស៊ី ជំនួសវិញ គឺជាយុទ្ធសាស្រ្តបំបែក ដើម្បីគ្រប់គ្រងកម្លាំងតែម្នាក់ឯង។
១១.ភស្តុតាងថ្មីពីរថែមទៀត គឺលោក សម រង្ស៊ី បានបើកភ្លើងខៀវឱ្យគណបក្សភ្លើងទៀន អតីតគណបក្សសម រង្ស៊ី ត្រៀមធ្វើសមាជបក្ស ដើម្បីកែប្រែរចនាសម្ព័ន្ធ និងផ្លាស់ប្តូរអ្នកដឹកនាំ ខណៈដែលគណបក្សនេះគ្រាន់តែជាបក្សចាំផ្ទះ បន្ទាប់ពីរួបរួមជាមួយគណបក្សសិទ្ធិមនុស្ស នៅខែកក្កដា ឆ្នាំ២០១២។ មនុស្សជំនិតរបស់លោក សម រង្ស៊ី គឺលោក ជា គឹមលី ខ្មែរ-អាមេរិកកាំង ដែលជាប្រធានគណបក្សសង្រ្គោះជាតិ អាមេរិកខាងជើង-អាមេរិកកាំង (CNRP-A) ដើរចលនាកៀរគរកម្លាំងពីអតីតគណបក្សសង្រ្គោះជាតិឱ្យមកគាំទ្រគណបក្សភ្លើងទៀន និងខ្លួនគាត់ត្រៀមខ្លួនមកចូលរួមដឹកនាំបក្សភ្លើងទៀន។ ស្របពេលជាមួយគ្នា លោក សម រង្ស៊ី បានប្រលេងលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ឱ្យរៀបចំយុទ្ធសាស្រ្តនិងផែនការបង្កើតគណបក្សថ្មីមួយទៀត គឺ «គណបក្សបេះដូងជាតិ» នៅក្នុងប្រទេស ដើម្បីអូសទាញកម្លាំងអតីតគណបក្សសង្រ្គោះជាតិ ក្នុងទិសដៅទប់ទល់ជាមួយគណបក្សនយោបាយទើបបង្កើតថ្មី បន្ទាប់មកយករចនាសម្ព័ន្ធ និងកម្លាំងរបស់គណបក្សបេះដូងជាតិទៅបូកបញ្ចូលជាមួយគណបក្សភ្លើងទៀន សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសភា ឆ្នាំ២០២៣។
១២.លោក សម រង្ស៉ី និងគូកន បានប្រមូលលុយអតីតគណបក្សសង្រ្គោះជាតិ និងលុយគម្រោងទូរទស្សន៍ព្រះអាទិត្យ លានដុល្លារ ទៅបាត់ឈឹង។ ស្របពេលជាមួយគ្នា លុយមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ ជាង $30ម៉ឺន និងលុយលក់ប័ណ្ណនាឡិកាដៃជាង $20ម៉ឺន ក៏បាត់ស្ងាត់ឈឹង។ លុយទាំងនេះអាចត្រូវបានយកទៅចែកគ្នាចាយ និងមួយចំណែកត្រូវបានគេដាក់ការសង្ស័យថាទុកត្រៀមបម្រុងផ្គត់ផ្គង់ដល់គណបក្សបេះជាតិ និងគណបក្សភ្លើងទៀន។

លោក មុត ចន្ថា បានបញ្ជាក់ថា សរុបមកវិញ អ្វីដែលលោក សម រង្ស៊ី បានធ្វើនិងកំពុងបន្តធ្វើ គឺផ្ទុយពីគោលការណ៍និងគោលនយោបាយរួម នៃសម្ព័ន្ធភាពនៅមុនបង្កើតគណបក្សសង្រ្គោះជាតិ និងផ្ទុយពីគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី និងមនុស្សជិតស្និទ្ធរបស់គាត់មិនបានផ្តល់នូវតម្លៃនៃការលះបង់ និងការធ្វើពលិកម្មរបស់លោក កឹម សុខា ម្តងណាឡើយ ហើយថែមទាំងប្រមាថបន្ថែមទៀត។ សកម្មភាពបំពានច្បាប់ ទោះបីច្បាប់នោះមានចរិតបែបណាក៏នៅតែជាច្បាប់ របស់លោក សម រង្ស៊ី គឺជាការទទួលខុសត្រូវជាលក្ខណៈបុគ្គល។

មនុស្សពីរនាក់អាចស្បថគោរពគោលការណ៍រួមតែមួយ ប៉ុន្តែបើសិនម្នាក់ណារំលោភលើគោលការណ៍រួមនោះ ម្នាក់នោះបានបែកចេញរួចទៅហើយ។ មនុស្សពីរនាក់សន្យាគ្នាគោរពច្បាប់ ប៉ុន្តែម្នាក់បានរំលោភល្មើសនឹងច្បាប់ ដូច្នេះម្នាក់ក្លាយជាទណ្ឌិត។ លើសពីនេះទៀត ស្របតាមកត្តា និងច្បាប់ធម្មជាតិ មនុស្សពីរនាក់មិនអាចរលាយចូលគ្នាក្លាយទៅជាមនុស្សតែមួយបានទេ ដូច្នេះពាក្យស្លោកនេះ គឺជាការបំភ័ន្តភ្នែក-ត្រចៀក។ ពាក្យស្លោកនេះបង្កប់ដោយចេតនាខ្មៅកខ្វក់ ដើម្បីអូសទាញ និងភ្ជាប់លោក កឹម សុខា ជាមួយអំពើខុសច្បាប់ផ្សេង ដែលលោក សម រង្ស៊ី បានប្រព្រឹត្តឡើង និងបំភ័ន្តឱ្យមានយល់ច្រឡំថាលោក កឹម សុខា គាំទ្រ ចូលរួម និងនៅពីក្រោយផែនការផ្សេងៗ និងសង្រ្គាមវោហារសាស្រ្តស្រួចស្រាល់របស់លោក សម រង្ស៊ី។ លោក កឹម សុខា បានព្យាយាមបដិសេធជាច្រើនលើកតាមរយៈមេធាវី ប៉ុន្តែទាំងលោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង មិនព្រមទទួលយកការបដិសេធទាំងនេះ ដោយលើកហេតុផលខ្លួនឯងថា «មិនមែនជាសំដី និងចេតនារបស់លោក កឹម សុខា ព្រោះថាលោក កឹម សុខា កំពុងស្ថិតនៅជាចំណាប់ខ្មាំង»៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner