ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពទ្បើយ

ភ្នំពេញៈស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុងនូវទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសមួយក្រុមតូច ដែលពុំបានផ្តល់ការយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើគ្នា ចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ដោយការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសខាងលើ បង្កឱ្យមានការភ័ន្តច្រទ្បំ និងជ្រើសយកតែមួយជ្រុងហួសហេតុ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមជម្រាបជូននូវការពិត ដូចខាងក្រោម៖
-ទី១៖ ដូចសព្វមួយដងដែរ បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញ ប៉ុន្តែបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្រ្តីរបស់អង្គការសហប្រជាជាតិ បានតាំងខ្លួនឯងជាចៅក្រម អារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ។ ការប្រព្រឹត្តខុសវិជ្ជាជីវៈបែបនេះ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដែលឯកសារទាំងពីរនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
-ទី២៖ ការអះអាងថា ការកាត់ទោស លោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និងពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះ ពុំបានយកចិត្តទុកដាក់លើអង្គហេតុ និងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់បានជាប់ជានិច្ចនូវរូបភាពសេរីភាពបញ្ចេញមតិជ្រុលហួស ក្រុមអ្នកជំនាញបានមើលស្រាលចំពោះផលវិបាកដ៏មហន្តរាយ និងមិនអាចវិលត្រទ្បប់ទៅរកសភាពដើមបាននៃព័ត៌មានក្លែងក្លាយ នៅពេលត្រូវបានសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការធ្វើអត្ថាធិប្បាយលើបញ្ហាព្រំដែនដោយប្រើប្រាស់ព័ត៌មានបំភ្លៃការពិត និងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិនោះទេ។ បញ្ហាទឹកដីដែលមានលក្ខណៈរសើប និងស្មុគស្មាញចាំបាច់ត្រូវតែដោះស្រាយ ដោយអ្នកជំនាញដែលមានការទទួលស្គាល់ ក៏មិនត្រូវប្រើប្រាស់ជាឧបករណ៍សម្រាប់ការកេងចំណេញផ្នែកនយោបាយឡើយ ព្រោះវាអាចដុតបញ្ឆេះឱ្យមានការកើនឡើងនូវទស្សនៈជាតិនិយមជ្រុល ដោយសារបរិបទប្រវត្តិសាស្ត្រ។ មានព្រឹត្តិការណ៍មួយចំនួនបានកើតទ្បើងរួចមកហើយ ដែលបណ្តាលមកពីការធ្វើអត្ថាធិប្បាយក្នុងហេតុផលនយោបាយចំពោះបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសជិតខាង។
-ទី៣៖ ការស្ទង់មតិតាមអ៊ីនធើណិតដែលធ្វើឡើងដោយអង្គការប្រឆាំងរដ្ឋាភិបាល ខុមហ្វ្រែល នៅខែសីហា ឆ្នាំ២០២០ បានបង្ហាញថា អ្នកឆ្លើយតបជិត៨០% បានគាំទ្រការចាប់ខ្លួនលោក រ៉ុង ឈុន ដែលលទ្ធផលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាចង់បាននូវសន្តិភាព និងស្ថិរភាពសង្គម ព្រមទាំងការគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលខាងលើ។
-ទី៤៖ វាជាការខុសឆ្គងដ៏ធ្ងន់ធ្ងរដែលក្រុមអ្នកជំនាញ ថ្លែងថា “អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវចាប់ខ្លួន ឬផ្តន្ទាទោស”។ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការចោទប្រកាន់ចំពោះបុគ្គលណាម្នាក់ គឺផ្អែកលើបទល្មើសដែលបានប្រព្រឹត្ត និងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថាតើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។ រាល់ការចោទប្រកាន់ទាំងអស់នៅក្នុងតុលាការ គឺជាប់ពាក់ព័ន្ធទាំងស្រុងទៅនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងការបំពានទៅនឹងរដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញទទួលបាននូវការជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទទ្ប្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
-ទី៥៖ ការទាមទាររបស់អ្នករាយការណ៍ពិសេសឱ្យលុបចោលបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា គឺមានន័យស្មើនឹងការជំរុញឱ្យកម្ពុជាធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់នីតិរដ្ឋនៅក្នុងប្រទេស។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់សេរីភាព គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ វាជាករណីកិច្ចរបស់មនុស្សគ្រប់រូប រួមទាំងបុគ្គលអះអាងខ្លួនឯងថា ជាអ្នកការពារសិទ្ធិមនុស្ស ត្រូវអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងព្រំដែននៃច្បាប់។
-ទី៦៖ វាជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំងដែលអ្នករាយការណ៍ពិសេសទាំងនោះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងព្រំដែនកំណត់ពិសេស ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពី សិទិ្ធពលរដ្ឋ និងនយោបាយ។ រដ្ឋធម្មនុញ្ញកម្ពុជា ការពារសេរីភាពក្នុងការបញ្ចេញមតិស្របច្បាប់ ប៉ុន្តែមិនមែនសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្ខូចកេរ្តិ៍ឈ្មោះ ញុះញង់ឱ្យមានអំពើហិង្សា និងសាបព្រោះការរើសអើងជាតិសាសន៍ទ្បើយ។

ជាមួយគ្នានេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានក្រើនរំលឹកអ្នករាយការណ៍ពិសេសឱ្យយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូភាគច្រើនលើសលប់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែលម្អរបៀបរបបការងាររបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដោយត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងការទទួលខុសត្រូវ ដោយភាពស្មោះត្រង់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner