ទូតកម្ពុជានៅម៉ាឡេស៊ី ច្រានចោលអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី មានចរិតញុះញង់ និងគ្មានមូលដ្ឋានត្រឹមត្រូវ

ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានច្រានចោលទាំងស្រុងនូវអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដែលមានចំណងជើងថា “ពលករខ្មែរនៅម៉ាឡេស៊ីចោទប្រកាន់មន្ត្រីស្ថានទូតថា កេងយកផលប្រយោជន៍ក្នុងគ្រាជំងឺកូវីដ-១៩ រាតត្បាត” ដែលមានចរិតជាការចុះផ្សាយញុះញង់ គ្មានមូលដ្ឋានត្រឹមត្រូវ និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថានទូត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥ ខែសីហា ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រជាពលរដ្ឋ និងពលករ/ពលការិនី ទោះបីមកស្នាក់នៅនិងធ្វើការ ដោយស្របច្បាប់ ឬគ្មានឯកសារស្នាក់នៅស្របច្បាប់ ហើយដែលមានបំណងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ អាចវិលត្រឡប់ទៅវិញបានដោយខ្លួនឯង។ ចំពោះប្រជាពលរដ្ឋ ពលករ/ពលការិនី ដែលពុំមានឯកសារស្របច្បាប់ អាចវិលត្រឡប់ទៅកម្ពុជាវិញដោយខ្លួនឯង តាមរយៈកម្មវិធី Recalibration Programme របស់អន្តោប្រវេសន៍ម៉ាឡេស៊ី ដូចបានជម្រាបជូនក្នុងសេចក្ដីជូនដំណឹងរបស់ស្ថានទូត ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដូចមានជូនភ្ជាប់។

ប្រភពដដែលបន្តថាចំពោះអ្នកដែលមានលិខិតឆ្លងដែនហួសសុពលភាពខូចឬបាត់អាចស្នើសុំលិខិតធ្វើដំណើរ បណ្ដោះអាសន្ននៅស្ថានឯកអគ្គរាជទូត «ដោយឥតគិតថ្លៃ»។ ក៏ប៉ុន្តែបងប្អូនពលរដ្ឋ ពលករ/ពលការិនី មួយចំនួននៅតែស្វែងរកការពឹងពាក់ពីភ្នាក់ងារឯកជន ឬមេខ្យល់ក្នុងការរៀបចំឯកសារដោយបានព្រមព្រៀង ផ្តល់កម្រៃសេវាសម្រាប់ថ្លៃសំបុត្រយន្តហោះ តេស្តកូវីដ-១៩ ការផាកពិន័យរបស់អន្តោប្រវេសន៍ម៉ាឡេស៊ី ថ្លៃស្នាក់នៅបណ្តោះអាសន្នពេលមកកាន់អាកាសយានដ្ឋាន និងថ្លៃចំណាយផ្សេងៗ។ បងប្អូនប្រជាពលរដ្ឋ ពលករ/ពលការិនី តែងតែយល់ថា ការបង់ប្រាក់ទៅឱ្យភ្នាក់ងារឯកជនទាំងនោះ គឺត្រូវបង់មកឱ្យស្ថានទូត ដែលជាការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់ស្ថានទូត។

ក្នុងករណីដែលមានបុគ្គលណាប្រើប្រាស់ឈ្មោះមន្ត្រីស្ថានទូតទាមទារប្រាក់កម្រៃសេវារៀបចំឯកសារសម្រាប់វិល ត្រឡប់ទៅកម្ពុជាវិញ ឬមានការចាំបាច់បន្ទាន់ បងប្អូនប្រជាពលរដ្ឋ ពលករ/ពលការិនីអាចទាក់ទងមក ស្ថានទូតតាមលេខទូរសព្ទ ឬបញ្ជូនសារតាម WhatsApp មកកាន់លេខ៖ កិច្ចការកុងស៊ុល៖ (+60) 177942368 , កិច្ចការពលករ ៖ (+60) 1126263390 និង (+60) 163685386៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner