អ្នកស្រីហារីស ចូលរួមក្នុងយុទ្ធនាការការទូតនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន

កាល​ពី​យប់​ថ្ងៃ​អង្គារ​នេះ ​​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អ្នក​ស្រី​កាម៉ាឡា ហារីស​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​វៀតណាម ក្នុង​ផ្នែក​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​​ស្រី​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ​ជា​តំបន់​មួយ​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ចូ បៃដិន​បាន​លើក​ឡើង​ថា​សំខាន់​បំផុត​សម្រាប់​វិបុលភាព និង​សន្តិសុខ​របស់​សហរដ្ឋអាមេរិក​។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ការ​ព្យាយាម​របស់​សហរដ្ឋអាមេរិក​ដើម្បី​ពង្រឹង​មុខមាត់​របស់​ខ្លួន​ជា​សម្ព័ន្ធមិត្ត​ដ៏​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ក្នុង​ការ​ប្រឈម​មុខ​ជា​មួយ​ប្រទេស​ចិន​ ស្រប​ពេល​ជា​មួយ​ការ​កើន​ឡើង​ភាព​មិន​ទុក​ចិត្ត​អាមេរិក​ជា​ដៃ​គូរ​អន្តរជាតិ​ បន្ទាប់​ការ​ដួល​រលំ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ សេតវិមាន​មាន​បំណង​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក​ មក​ផ្ដោត​លើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ឥទ្ធិពល​សេដ្ឋកិច្ច​ដែល​កំពុង​កើន​ឡើង​របស់​ចិន​ជាជាង​ការ​បន្ត​ធ្វើ​ «សង្គ្រាម​មិន​ដែល​ចប់​» ដូចជា​ជម្លោះ​រយៈ​ពេល​ពីរ​ទសវត្ស​នៅ​អាហ្វហ្គានីស្ថាន​។

លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា មាន​យុទ្ធសាស្ត្រ​ «បង្វែរ​មក​អាស៊ី​» ​មាន​គោល​បំណង​បង្វែរ​ទិសដៅ​ការទូត​របស់​អាមេរិក​ឱ្យ​ឆ្ងាយ​ពី​មជ្ឈិម​បូព៌ា ឆ្ពោះ​ទៅ​រក​អាស៊ី-ប៉ាស៊ីហ្វិក​វិញ ហើយ​ក្រោយ​មក​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​មាន​យុទ្ធសាស្ត្រ​ «ឥណ្ឌូ-​ប៉ាស៊ីហ្វិក​សេរី​ និង​បើក​ចំហ​» ​មាន​គោល​បំណង​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​ដោយ​ផ្ទាល់​។ ប៉ុន្តែ​យុទ្ធសាស្ត្រ​ទាំង​ពីរ​នេះ​គឺ​គ្រាន់​តែ​គំនិត​អរូបី​ប៉ុណ្ណោះ​ ហើយ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ការ​យល់​ឃើញ​អំពី​ការ​ធ្លាក់​ចុះ​កិត្យានុភាព​របស់​អាមេរិក​នៅ​តំបន់​នេះ​។

ដូច្នេះ​បន្ទាប់​ពី​ភាព​អាម៉ាស់​នៅ​អាហ្វហ្គានីស្ថាន​តើ​អ្នក​ស្រី​អនុ​ប្រធានាធិបតី​អាច​បញ្ចុះ​បញ្ចូល​ម្ចាស់​ផ្ទះ​សិង្ហបុរី និង​វៀតណាម​ថា​លោក​ប្រធានាធិបតី​បៃដិន​នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ​ដែរ​ ឬ​ទេ​?

នេះ​មាន​ន័យ​ថា​អ្នក​​ស្រី​ហារីស​ត្រូវ​ផ្ដល់​ទំនុក​ចិត្ត​ដល់​បណ្ដា​ប្រជាជាតិ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​អំពី​ភាព​ជឿជាក់​ទៅ​លើ​រដ្ឋបាល​លោក​បៃដិន ហើយ​នៅ​ពេល​តែ​មួយ​ត្រូវ​ប្រឈម​នឹង​សំណួរ​ថា​តើ​សហរដ្ឋអាមេរិក​បាន​បោះបង់​ចោល​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​ឬ​យ៉ាងណា​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​មួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​កាល​ពី​ថ្ងៃ​ចន្ទ ដែល​ពោរ​ពេញ​ទៅ​ដោយ​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​ អ្នក​​ស្រី​ហារីស​ និយាយ​ថា​៖ «ខ្ញុំ​ឈរ​នៅ​ទីនេះ​ដោយ​សារ​តែ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ទំនាក់ទំនង​ដ៏​យូរ​អង្វែង​ជា​មួយ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជា​មួយ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ និង​ជា​ពិសេស​ជា​មួយ​សិង្ហបុរី»​។ អ្នក​ស្រី​និយាយ​ថា​រដ្ឋបាល​លោក​បៃដិន​គឺ​កំពុង​យោង​ចិត្ត​ទុកដាក់​លើ​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​អាហ្វហ្គានីស្ថាន​។

សម្ពាធ​នោះ​ទំនង​ជា​កើន​ឡើង​នៅ​ពេល​អ្នក​​ស្រី​ហារីស​មាន​កិច្ចប្រជុំ​ជា​បន្ត​បន្ទាប់​នៅ​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​ពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍។ ជំនួយ​ការ​ជាន់​ខ្ពស់​របស់​អ្នក​ស្រី​បាន​ប្រឈម​មុខ​នឹង​សំណួរ​អំពី​ភាព​ស្រដៀង​គ្នា​នៃ​ប្រវត្តិសាស្ត្រ​រវាង​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​ចេញ​ពី​ទីក្រុង​សៃហ្គន​កាល​ពី​ឆ្នាំ​ ១៩៧៥ និង​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ទីក្រុង​កាប៊ុល​។ អ្នក​​ស្រី​ហារីស​នឹង​មិន​អាច​ជៀស​វៀង​ពី​ការ​ប្រៀប​ធៀប​នេះ​បាន​ទេ ប៉ុន្តែ​លោកស្រី​អាច​នឹង​លើក​ឡើង​អំពី​ការ​កសាង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​រាប់​សិប​ឆ្នាំ​បន្ទាប់​ពី​អាមេរិក​ដក​ទ័ព​ចេញ​ពី​វៀតណាម​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner