អគ្គនាយកប្រេងកាតកម្ពុជាថា កម្ពុជា និងឥណ្ឌូនេស៊ី កំពុងធ្វើការលើផែនការ ដើម្បីបញ្ជូនប្រេងមកកម្ពុជាវិញ ក្រោយឥណ្ឌូនេស៊ី ឃាត់បានកប៉ាល់លួចដឹកប្រេងឆៅ រត់គេចពីប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ថា ប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូនេស៉ី កំពុងធ្វើការលើផែនការ ដើម្បីបញ្ជូនប្រេងជិត៣០ម៉ឺនបារ៉េល មកកម្ពុជាវិញ ក្រោយពីកងទ័ពជើងទឹកឥណ្ឌូនេស៉ី បានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង និងក្រុមនាវិករបស់កប៉ាល់នោះ ដែលបានស្ថិតក្រោមការតាមចាប់ពីបទលួចយកប្រេងឆៅសរុបជិត ៣០ម៉ឺនបារ៉ែល ដែលបូមពីអណ្តូងប្រេងរបស់កម្ពុជា។

ទីភ្នាក់ងារព័ត៌មាន France24 បានចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ថា យោធាឥណ្ឌូណេស៉ី បានឱ្យដឹងថា កប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos ដែលដោតទង់ជាតិបាហាម៉ា ត្រូវឃាត់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្បែរកោះស៊ូម៉ាត្រា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជា បានស្នើឲ្យស្ថាប័នប៉ូលិសអន្តរជាតិ Interpol ចេញសេចក្តីប្រកាសពណ៌ក្រហម ដើម្បីឲ្យមានការជួយធ្វើអន្តរាគមន៍ ក្នុងការតាមចាប់កប៉ាល់មួយគ្រឿងនោះ ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅរបស់កម្ពុជា។

ខាងកងទ័ពជើងទឹកឥណ្ឌូណេស៉ីបានបន្ថែមថា ខ្លួនកំពុងសួរចម្លើយក្រុមនាវិករបស់កប៉ាល់នោះ ដែលមានជនជាតិឥណ្ឌា១៣នាក់, ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់។ កប៉ាល់ដឹកប្រេងនោះ បានធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះ Batam និងបានបិទប្រព័ន្ធបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ហើយចតដោយខុសច្បាប់នៅក្នុងដែនទឹករបស់ឥណ្ឌូណេស៉ី។

មេបញ្ជាការកងនាវាចរទី១ លោក Arsyad Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកឥណ្ឌូនេស៊ី នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទណាមួយ ដែលបានប្រព្រឹត្តនៅក្នុងដែនសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីឡើយ។

សូមបញ្ជាក់ថា កប៉ាល់ដឹកប្រេងខាងលើ ត្រូវបានជួលដោយក្រុមហ៊ុនសិង្ហបុរី Kris Energy សម្រាប់ផ្ទុកប្រេង ដោយក្រុមហ៊ុននេះ បានសហការជាមួយកម្ពុជា ជុំវិញគម្រោងបូមប្រេងរបស់កម្ពុជា ក្នុងប្លុក A តំបន់អប្សរា។ ប៉ុន្តែកាលពីខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន Kris Energy បានប្រកាសក្ស័យធន ដោយមិនអាចសងបំណុល ហើយត្រូវបានអះអាងថា ក្រុមហ៊ុននេះ នៅជំពាក់ប្រាក់ក្រុមនាវិករបស់កប៉ាល់ MT Strovolos។

ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ថា យើងបានដាក់ពាក្យបណ្តឹងទៅកាន់ភាគីឥណ្ឌូនេស៉ីរួចហើយ តាមរយៈក្រសួងការបរទេសរបស់យើង ឥឡូវនេះភាគីឥណ្ឌូនេស៉ីកំពុងចាត់ការ។ អគ្គនាយកប្រេងកាតរូបនេះ បានបន្ថែមថា ប្រទេសទាំងពីរ កំពុងធ្វើការលើផែនការ ដើម្បីបញ្ជូនប្រេងមកកម្ពុជាវិញផងដែរ ។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា បានចាប់ផ្តើមទទួលដំណក់ប្រេង លើកដំបូងរបស់ខ្លួន ស្ថិតនៅតំបន់ប្លុក A ដែនសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy របស់សិង្ហបុរី ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ អ្វីដែលគួរឲ្យសោកស្តាយនោះ បរិមាណប្រេងកាត ដែលបូមចេញពីអណ្តូងទាំង៥ នៃតំបន់អប្សរា ក្នុងប្លុក A មានបរិមាណតិចខុសពីការរំពឹងទុក។ ក្រុមហ៊ុន Kris Energy បានប្រកាសក្ស័យធន ព្រោះតែមិនអាចស្រោចស្រង់ នូវបញ្ហាបំណុលរបស់ខ្លួនបាន។

គួររំលឹកថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឧស្សាហកម្មប្រេង និងឧស្ម័នលើកដំបូងរបស់កម្ពុជា ប្រហែលជាបរាជ័យហើយ ដោយសារតែបរិមាណនៃការទាញយកប្រេងឆៅ មានកម្រិតតិចតួច ខុសការរំពឹងទុក ហើយក្រុមហ៊ុនវិនិយោគបានប្រកាសក្ស័យធនផងដែរ។ តាមការវាយតម្លៃ ការបូមប្រេងឆៅនៅអណ្តូងទាំង៥ តំបន់អប្សរា ប្លុក A រំពឹងថា ក្នុង១ថ្ងៃបូមបាន៧០០០បារ៉ែល តែទីបំផុត ១ថ្ងៃបានតែ១ពាន់បារ៉ែលប៉ុណ្ណោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner