រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជាបើកកិច្ចប្រជុំអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាពនិងពិភាក្សាការងាររាជការ រវាងយោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបាត់ដំបង ជាមួយកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធ Google Meet.

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាពនិងពិភាក្សាការងាររាជការ រវាងយោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបាត់ដំបង ជាមួយកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធGoogle Meet.នៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២១នេះ ដោយផ្តោតនូវគោលបំណងដ៏មានសារៈសំខាន់រវាងប្រទេសទាំង២”កម្ពុជា-ថៃ”នូវក្នុងការប្ដេជ្ញារួមគ្នាដើម្បីទប់ស្កាត់ និង ឈានទៅលុបបំបាត់នូវជំងឺឆ្លង នៃវីរុសកូវីដបំប្លែងថ្មី ប្រភេទDeltaដែលកំពុងរាតត្បាតក្នុងប្រទេសទាំងពីរ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនបន្ថែមទៀត។ជាពិសេស ជាមួយរដ្ឋបាលខេត្តទាំង៣នៃប្រទេសទាំង២(ថៃ-កម្ពុជា)ក្នុងនោះមានខេត្តស្រះកែវ(ថៃ) ជាមួយខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ(កម្ពុជា)។

        ក្នុងកិច្ចប្រជុំនេះផងដែរភាគី”កម្ពុជា-ថៃ”មានជំនឿយ៉ាងមុតមាំថា៖ ប្រទេសទាំង២នឹងបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង យោធភូមិភាគទី៥នៃព្រះរាជាណាចក្រកម្ពុជានិងកងទ័ពភូមិភាគ១នៃព្រះរាជាណាចក្រថៃក៏ដូចជាអាជ្ញាធរនៃរដ្ឋបាលមូលដ្ឋាន។ ជាពិសេស រវាង រដ្ឋបាលខេត្តទាំង៣ ខេត្តស្រះកែវ(ថៃ) និងខេត្តបាត់ដំបង-ខេត្តបន្ទាយមានជ័យ(កម្ពុជា)និងរវាងសមត្ថកិច្ច នៃ ប្រទេសទាំង២ ផងដែរ ក្នុងការអភិវឌ្ឍន៍ តំបន់ព្រំដែនលើគ្រប់វិស័យ ដើម្បីប្រែក្លាយតំបន់ព្រំដែនទាំង២ ឲ្យទៅជាប្រយោជន៍នៃប្រទេសយើងទាំង២ ព្រមទាំងប្រជាពលរដ្ឋដែលកំពុងរស់នៅ តាមព្រំដែនប្រកបដោយសុខសន្តិភាព សុវត្ថិភាពសង្គមនិងភាពសុខសាន្ត ជាពិសេសបងប្អូនអាចរស់នៅនិងប្រកបមុខរបរនៅតាមខ្សែបន្ទាត់ព្រំដែនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

       ពាក់ព័ន្ធការទប់ស្កាត់ ការការពារពលករបរទេស និងការរៀបចំការងារសម្រាប់ពលករ ភាគីទាំង២ ក៏បានឯកភាពគ្នាក្នុងការទប់ស្កាត់ និង កិច្ចការពារពីការលបលួចនិងឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងពីការឆ្លងដែនឲ្យបានម៉ឺងម៉ាត់ ដោយអនុវត្តន៍ទៅតាមច្បាប់ នៃប្រទេសទាំងពីរ។ ចំពោះជនជាតិកម្ពុជាដែលត្រូវចូលទៅធ្វើការនៅក្នុងប្រទេសថៃ ក៏ត្រូវចូលទៅដោយត្រឹមត្រូវតាមច្បាប់។ ហើយក្នុងករណី មានការបិទព្រំដែនដោយប្រការណាមួយ ភាគីទាំងពីរ ក៏ត្រូវសហការគ្នា ក្នុងការផ្តល់ និងជូនដំណឹងឲ្យគ្នាទៅវិញទៅមកឲ្យបានត្រឹមត្រូវនិងបានទាន់ពេលវេលា ផងដែរ។

     កិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការចាត់វិធានការឲ្យបានម៉ឺងមាត់ចំពោះអ្នកលបលួចល្មើសក្នុងការធ្វើដំណើរចេញ-ចូលក្នុងប្រទេសនីមួយៗ ដោយត្រូវចាត់វិធានការតឹងរ៉ឹងបំផុតចំពោះមេខ្យល់ ទាំងអ្នកនាំចេញនិងមេខ្យល់នៅខាងប្រទេសថៃដែលរង់ចាំទទួលនូវពលករកម្ពុជាឆ្លងដែនខុសច្បាប់។

      ទាក់ទិនទៅនិងបញ្ហាពលករបរទេសភាគីទាំង២ ក៏បានឯកភាពគ្នា សហការបង្កើតបណ្ដាញព័ត៌មានដោយធ្វើការទំនាក់ទំនង តាមការឆ្លើយតបតាមប្រព័ន្ធឡាញ និងបង្កើតចំពោះការជួលនូវកម្លាំងពលករបរទេសឲ្យបានត្រឹមត្រូវស្របតាមច្បាប់ការងារនិងអនុវត្តតាមវិធានការ ការពារ របស់ ក្រសួងសុខាភិបាលក្នុងស្ថានភាពពីការរីករាលដាលនៃជំងឺកូវីដ-19 និងបំប្លែងថ្មី ប្រភេទDelta.។

      ក្នុងនោះផងដែរ ចំពោះការបន្តសុពលភាពលើលិខិតឆ្លងដែនរបស់ពលករកម្ពុជា ក្នុងករណីលិខិតឆ្លងដែនឬឯកសារប្រើជំនួសលិខិតឆ្លងដែនដែលអស់សុពលភាព ត្រូវជំរុញឲ្យពលករកម្ពុជាដំណើរការ ឲ្យបានត្រឹមត្រូវ តាមការកំណត់ត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ (ឆ្នាំក្រោយ)។

        ពាក់ព័ន្ធបញ្ហាគ្រឿងញៀនឆ្លងដែន ភាគីទាំង២ និងខិតខំសហការគ្នា ជំរុញទិន្នន័យ លើវិស័យព័ត៌មាន ចំពោះអ្នកប្រព្រឹត្តល្មើស និង វិធីលបលួចនាំយកនូវគ្រឿងញៀនឆ្លងដែន ដោយខុសច្បាប់ដោយបង្កើតនូវបណ្ដាញទិន្នន័យព័ត៌មានត្រឹមត្រូវជាក់លាក់ ដើម្បីទំនាក់ទំនងគ្នាតាមប្រព័ន្ធឡាញ។ចំពោះបញ្ហាល្បែងភ្នាល់តាមប្រព័ន្ធអនឡាញភាគីទាំង២ និងបន្តរួមគ្នាសហការជំរុញផ្សព្វផ្សាយ និងការបង្កើតបណ្ដាញទិន្នន័យព័ត៌មាន របស់ ជនល្មើសក្នុងការបើកវេបសាយល្បែងភ្នាល់គ្នាតាមប្រព័ន្ធអនឡាញដោយខុសច្បាប់ដោយទំនាក់ទំនងឆ្លើយតបគ្នា តាមប្រព័ន្ធឡាញផងដែរ៕ ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner