Duterte ប្រកាសពីការឈរឈ្មោះជាអនុប្រធានាធិបតីហ្វីលីពីន ក្រោយអស់អាណត្តិជាប្រធានាធិបតីនៅឆ្នាំក្រោយ

លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​ជូន​ជន​រួម​ជាតិ​ប្រចាំ​សប្ដាហ៍​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​ឈរ​ឈ្មោះ​ជា​អនុ​ប្រធានាធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០២២​ បន្ទាប់​ពី​អាណត្តិ​ប្រធានាធិបតី​នឹង​បញ្ចប់។ ជំនិត​រាប់​ទសវត្ស​របស់​បុរស​វ័យ ៧៦ឆ្នាំ​រូប​នេះ​គឺ លោក Christopher “Bong” Go ដែល​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា នឹង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​អម​ជាមួយ​លោក។

នៅ​ហ្វីលីពីន អាណត្តិ​ប្រធានាធិបតី​មាន​រយៈពេល ៦ឆ្នាំ ប៉ុន្តែ​អាច​ឡើង​កាន់​បាន​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ ចំណែក​ឯ​អនុ​ប្រធានាធិបតី​វិញ​មាន​អាណត្តិ ៦ឆ្នាំ​ដូច​គ្នា​ តែ​អាច​កាន់​បាន ២អាណត្តិ និង​មាន​ការ​បោះឆ្នោត​ផ្សេង​ពី​ប្រធានាធិបតី។ បន្ថែម​ពី​នេះ​ទៅ​ទៀត អនុ​ប្រធានាធិបតី​ហ្វីលីពីន​អាច​មក​ពី​គណបក្ស​ផ្សេង​គ្នា​ពី​ប្រធានាធិបតី។

«ខ្ញុំ​នឹង​ឈរ​ឈ្មោះ​ជា​អនុ​ប្រធានាធិបតី បន្ទាប់​មក​ខ្ញុំ​នឹង​បន្ត​យុទ្ធនាការ​របស់​ខ្ញុំ​។ ទី​មួយ​គឺ បង្ក្រាប​ចលនា​បះបោរ និង​បន្ទាប់​មក​បង្ក្រាប​គ្រឿង​ញៀន»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Duterte។

នៅ​ថ្ងៃ​ពុធ​ អ្នក​នាំ​ពាក្យ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន​លោក Harry Roque បាន​ចេញ​មុខ​មក​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា លោក Duterte និង​លោក Go នឹង​មិន​ឈរ​ឈ្មោះ​នោះ​ទេ ប្រសិន​បើ​កូនស្រី​របស់​លោក Duterte គឺ អ្នកស្រី Sarah Duterte ដែល​កំពុង​កាន់​ការងារ​ជា​អភិបាល​ក្រុង​ Davao ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​៕

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner