ការព្រួយបារម្ភកើនឡើងអំពីសមត្ថភាពប្រឆាំងភេរវកម្មរបស់អាមេរិក បន្ទាប់ពីតាលីបង់ចូលកាន់អំណាច
ស្របពេលជាមួយការត្រឡប់មកកាន់អំណាចរបស់ក្រុមតាលីបង់ និងការដោះលែងភេរវករចេញពីពន្ធនាគារនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ការព្រួយបារម្ភកំពុងកើនឡើងក្នុងចំណោមមន្ត្រីរដ្ឋបាលលោកចូ បៃដិនអំពីសមត្ថភាពរបស់អាមេរិកក្នុងការប្រឆាំងការងើបឡើងវិញនៃក្រុមភេរវកម្មអាល់កៃដា និងក្រុមភេរវកម្ម ឬជ្រុលនិយមដទៃទៀត។
កងកម្លាំងយោធាអាហ្វហ្គានីស្ថាន ដែលអាមេរិកជួយផ្គត់ផ្គង់ និងវឹកហាត់ បានដួលរលំបន្ទាប់ពីការវាយប្រហារជាងមួយសប្ដាហ៍របស់ក្រុមតាលីបង់នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ធ្វើឱ្យអាមេរិកបាត់បង់ដៃគូដ៏សំខាន់ក្នុងការបង្ក្រាបក្រុមភេរវកម្ម។
ការដួលរលំកងយោធាអាហ្វហ្គានីស្ថាន និងការចាកចេញរបស់កងទ័ពអាមេរិក ដែលនឹងបញ្ចប់នៅថ្ងៃទី ៣១ សីហា បានដកហូតការការពារចំពោះទីភ្នាក់ងារ CIA និងស្ថាប័នចារកម្មផ្សេងទៀត ដែលបង្ខំឱ្យពួកគេបិទមូលដ្ឋាន និងដកបុគ្គលិកផងដែរ។ ការដកទីភ្នាក់ងារចារកម្មទាំងនេះ និងកាត់បន្ថយសមត្ថភាពរបស់អាមេរិកក្នុងការឃ្លាំមើល និងចាប់ខ្លួនសមាជិកក្រុមភេរវកម្ម។
ប្រភពក្នុងរដ្ឋបាលលោកបៃដិនបានប្រាប់សារព័ត៌មានរ៉យទ័រ ថាសហរដ្ឋអាមេរិកមិនអាចរំពឹងលើប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថានបានទេ ដោយសារមកដល់ពេលនេះរដ្ឋបាលមិនបានមានការជោគជ័យក្នុងការធ្វើកិច្ចព្រមព្រៀងបង្កើតមូលដ្ឋានសម្រាប់កងកម្លាំងប្រឆាំងភេរវកម្មអាមេរិក និងយន្តហោះដ្រូននៅតាមប្រទេសទាំងនេះ។
កត្តាទាំងនេះបន្សល់ជម្រើសតិចតួចសម្រាប់អាមេរិកក្នុងការអនុវត្តប្រតិបត្តិការប្រឆាំងភេរវកម្មនៅអាហ្វហ្គានីស្ថាន។
អ្នកវិភាគមួយចំនួនគិតថាចាប់ពីពេលនេះទៅ អាមេរិកត្រូវតែអនុវត្តប្រតិបត្តិការប្រឆាំងភេរវកម្មចេញពីមូលដ្ឋានយោធានៅតាមបណ្ដាប្រទេសឈូងពែរ្សនៅមជ្ឈិមបូព៌ា ដោយរំពឹងថាក្រុមតាលីបង់នឹងអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ ២០២០ ដែលក្នុងនោះតាលីបង់បានប្ដេជ្ញាជួយកាត់បន្ថយសកម្មភាពក្រុមភេរវកម្មក្នុងដែនដីដែលពួកគេគ្រប់គ្រង។
ប៉ុន្តែដោយសារបណ្ដាប្រទេសឈូងឈូងពែរ្សមានចម្ងាយឆ្ងាយពីអាហ្វហ្គានីស្ថាន បេសកកម្មប្រឆាំងភេរវកម្មរបស់ត្រូវបានគេគិតថានឹងត្រូវការចំណាយថវិកាជាតិច្រើនជាងមុនខ្លាំង។ ការហោះហើរទៅវិញទៅមករវាងមជ្ឈិមបូព៌ាទៅអាហ្វហ្គានីស្ថាននៅទីបំផុតអាចថ្លៃជាងការដាក់ពង្រាយកងទ័ព ២៥០០ នាក់ចុងក្រោយកាលពីដើមឆ្នាំនេះ។
សូម្បីតែការដាក់ពង្រាយធនធានអាមេរិក ដែលឥឡូវនេះកំពុងខ្វះខាត ដើម្បីឃ្លាំមើលសកម្មភាពភេរករនៅអាហ្វហ្គានីស្ថាន នឹងប្រកួតប្រជែងជាមួយគោលដៅអាទិភាពរបស់លោកបៃដិនក្នុងការប្រឆាំងឥទ្ធិពលរបស់ប្រទេសចិននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
បន្ថែមពីលើនេះទៅទៀតក្រុមភេរវកម្មអាល់កៃដាមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយតាលីបង់ ហើយជារឿយៗបានដើរតួជាអ្នកណែនាំយោធា និងសាសនាដល់សមាជិកតាលីបង់។ កាលពីចុងទសវត្សឆ្នាំ១៩៩០រដ្ឋាភិបាលតាលីបង់ បានផ្ដល់ជម្រកឱ្យក្រុមអាល់កៃដា ហើយធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានក្លាយជាមូលដ្ឋានសម្រាប់អំពើភេរវកម្មនៅជុំវិញពិភពលោក។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកទំនាក់ទំនងរវាងក្រុមទាំងពីរនេះត្រូវបានពង្រឹងជាមួយនឹងការចងចំណងអាពាហ៍ពិពាហ៍ និងការបង្កើតគោលដៅរួមដោយសមាជិកជំនាន់ថ្មី។
កាលពីឆ្នាំ ២០១៩ របាយការណ៍មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានព្រមានពីការវិលត្រឡប់របស់ក្រុមអាល់កៃដាប្រសិនបើអាហ្វហ្គានីស្ថានធ្លាក់ក្នុងដៃក្រុមតាលីបង់។
កាលពីខែមិថុនាយោធាអាមេរិកបានប៉ាន់ស្មានថាប្រសិនបើតាលីបង់ចូលកាន់អំណាច ក្រុមអាល់កៃដាអាចនឹងកសាងសមត្ថភាពធ្វើការវាយប្រហារអន្តរជាតិឡើងវិញក្នុងរយៈពេលពីរឆ្នាំខាងមុខ ប៉ុន្តែឥឡូវនេះការប៉ាន់ស្មាននេះត្រូវបានកាត់បន្ថយសល់ត្រឹមតែ ៦ ខែប៉ុណ្ណោះ។
ការត្រឡប់មកកាន់អំណាចរបស់ក្រុមតាលីបង់ និងការកាត់បន្ថយសមត្ថភាពប្រឆាំងភេរវកម្មរបស់អាមេរិក ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានរលកឥទ្ធិពលទាំងនៅក្នុងតំបន់ និងជុំវិញពិភពលោក។ ជ័យជម្នះរបស់តាលីបង់អាចក្លាយការលើកទឹកចិត្តសម្រាប់សាខាក្រុមអាល់កៃដា និងក្រុមភេរវកម្មដទៃទៀតនៅប្រទេសជិតខាងដូចជាប៉ាគីស្ថាន និងឥណ្ឌា ក៏ដូចជានៅប្រទេសតំបន់អាស៊ីអាគ្នេយន៍ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ៕

ប្រភព៖ Reuters