ខណៈវិបត្តិមនុស្សធម៌បន្តកើនឡើងនៅមីយ៉ាន់ម៉ា សុខភាពផ្លូវចិត្តក៏ចោទជាបញ្ហាមួយដែលនៅតែមើលរំលង
មីយ៉ាន់ម៉ានៅពេលនេះ កំពុងតែរួមរឹតដោយវិបត្តិនានារាប់ចាប់តាំងពីវិបត្តិនយោបាយ រហូតដល់វិបត្តិមនុស្សធម៌ ប្រមាណ ៧ខែក្រោយពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលដឹកនាំដោយក្រុមស៊ីវិលនៅខែកុម្ភៈមក។
ស្ថានភាពនយោបាយនៅក្នុងស្រុកមីយ៉ាន់ម៉ា ក្រុមយោធាមីយ៉ាន់ម៉ាដែលដឹកនាំដោយលោក មីន អ៊ុងឡាំង បានក្ដោបក្ដាប់អំណាច ប៉ុន្តែក៏ជួបនូវការតវ៉ា និងការប្រជែងភាពស្របច្បាប់ពីសំណាក់តំណាងរាស្ត្រស៊ីវិល ដោយក្រុមស៊ីវិលនេះបាននាំគ្នាបង្កើតជាគណៈកម្មការតំណាងសភា និងក្រោយមកបង្កើតរដ្ឋាភិបាលរួបរួមជាតិ។
អំពើហិង្សាក៏បានកើតឡើងរវាងអ្នកតវ៉ា និងអាជ្ញាធរយោធា ខណៈការវាយប្រហារគ្នានៅតាមជនបទ និងតំបន់ដាច់ស្រយាល រវាងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច និងកងជីវពលនានា តទល់នឹងយោធា Tatmadaw ដែលកំពុងកាន់អំណាច ក៏បានផ្ទុះឡើងផងដែរ។
ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារខែកុម្ភៈ មនុស្សច្រើនជាង ១ពាន់នាក់បានបាត់បង់ជីវិត។ នេះបើតាមស្ថិតិរបស់សមាគមជំនួយរបស់អ្នកទោសនយោបាយភូមា (AAPP)។ បន្ថែមពីលើនេះទៅ មនុស្សប្រហាក់ប្រហែលនឹង ២០ម៉ឺននាក់បានផ្លាស់ទីលំនៅនៅក្នុងមីយ៉ាន់ម៉ា ដោយសារតែគេចចេញពីការប៉ះទង្គិច និងការវាយប្រហារគ្នានានា។
ក្នុងមួយរយៈចុងក្រោយ ខណៈតំបន់អាស៊ីអាគ្នេយ៍កំពុងតែញាំញីជាមួយជំងឺកូវីដ-១៩ វ៉ារ្យង់ដែលតា មីយ៉ាន់ម៉ាក៏ក្រពុលមុខនឹងបញ្ហានេះផងដែរ។ ស្ថានទូតសិង្ហបុរីប្រចាំមីយ៉ាន់ម៉ាបានចែករំលែកសារប្រាប់ពលរដ្ឋរបស់ខ្លួននៅមីយ៉ាន់ម៉ាថា ស្ថានភាពកូវីដ-១៩ នៅប្រទេសនេះមានសភា «ធ្ងន់ធ្ងរខ្លាំង» ដោយសារតែប្រព័ន្ធសុខាភិបាលនៅប្រទេសនេះ កំពុងតែជួបភាពខ្វះខាតទាំងពីថ្នាំសង្កូវ និងអុកស៊ីហ្សែន។
លោក Stephen Anderson នាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា បានលើកឡើងកាលពីដើមខែសីហានេះថា បញ្ហានានាដូចជាអស្ថិរភាពនយោបាយ ភាពក្រីក្រ និងវិបត្តិសេដ្ឋកិច្ច «ហាក់បីដូចជាបោកទង្គិចមីយ៉ាន់ម៉ា ប្រៀបបានដូចជារលកយក្សស៊ូណាមី»។
ទន្ទឹមនឹងវិបត្តិមនុស្សធម៌ដ៏ច្រើនសន្ធឹក សុខភាពផ្លូវចិត្តក៏ចោទជាបញ្ហាមួយដែរ ក្នុងចំណោមយុវជននៅក្នុងប្រទេសនេះ។ នៅមីយ៉ាន់ម៉ា ដូចប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បញ្ហាផ្លូវចិត្តជាប្រធានបទមួយ ដែលកម្រនឹងបើកចំហណាស់ ដោយភាគច្រើនគិតថា បញ្ហាបែបនេះគួរតែដោះស្រាយដោយខ្លួនឯង។
អ្នកនាង Cherry Soe Myint អ្នកប្រឹក្សាយោបល់ផ្នែកបញ្ហាផ្លូវចិត្តមួយរូបនៅមីយ៉ាន់ម៉ា បានរៀបរាប់ពីបទពិសោធន៍របស់អ្នកនាងប្រាប់ទៅកាន់សារព័ត៌មាន Al Jazeera។
ជាមួយនឹងការបាត់បង់សាច់ញាតិនាពេលថ្មីៗនេះ អ្នកនាងបានជួបបញ្ហាផ្លូវចិត្តដោយផ្ទាល់ ដែលបណ្ដាលពីមកបញ្ហារដ្ឋប្រហារ ហើយក្រោយមកការរាតត្បាតនៃជំងឺកូវីដ-១៩។ ដោយទទួលស្គាល់ថា ជំងឺផ្លូវចិត្តជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ អ្នកនាងក៏បានផ្ដល់សេវាកម្មប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ដល់អ្នកដែលមិនមានលទ្ធភាព។
«នៅពេលខ្ញុំនិយាយជាមួយភ្ញៀវរបស់ខ្ញុំ ខ្ញុំកត់សម្គាល់ថា អត្រានៃអត្តឃាតមានការកើនឡើង ដោយសារតែពួកគេមិនមានក្ដីសង្ឃឹម និងមិនអាចរកទីពឹងណាមួយបាន។ ពួកគេគិតថា ពួកគេមិនមានអនាគត ហើយពួកគេមិនអាចយកឈ្នះលើបញ្ហាច្របូកច្របល់ ដែលកំពុងកើតឡើង ដូច្នេះហើយពួកគេគិតគូរពីការសម្លាប់ខ្លួនតែម្ដង»។ នេះបើតាមការលើកឡើងរបស់អ្នកនាង Cherry Soe Myint។
អ្នកនាងបន្ថែមថា «មាននារីវ័យក្មេងម្នាក់ មីង និងយាយរបស់នាងបានចែកឋានកាលពីចុងខែកក្កដា ហើយនាងគិតថា នាងមិនអាចជួយយាយ និងមីងរបស់នាងបាន។ ក្រោយមក នាងក៏ចងកសម្លាប់ខ្លួនតែម្ដង»។ បើតាមការលើកឡើងរបស់អ្នកនាង ព្រឹត្តិការណ៍ស្រដៀងនឹងករណីខាងលើនេះកំពុងតែកើនឡើង។
អតីតអ្នកពិគ្រោះផ្លូវចិត្តឱ្យអ្នកទោសនយោបាយមីយ៉ាន់ម៉ារូបនេះបានកត់សម្គាល់ថា ចាប់តាំងពីរដ្ឋប្រហារមក អ្នកជំងឺ ៧ ក្នុងចំណោម ១០នាក់ មានគំនិតគិតចង់អត្តឃាត ខណៈកាលពីមុនរដ្ឋប្រហារមានតែ ២ ឬ ៣ករណីប៉ុណ្ណោះ ក្នុងរយៈពេល ៣ខែ។
មានការលើកឡើងមួយចំនួនបានឱ្យដឹងថា បញ្ហាផ្លូវចិត្តទាំងអស់នេះបណ្ដាលមកពីមនុស្សមួយចំនួនមានភាពរំជួលចិត្ត ដោយសារតែឃើញសាច់ញាតិបាត់បង់ជីវិតស្រស់ៗនៅមុខ នៅពេលមិនទទួលបានការថែទាំក្នុងការព្យាបាលជំងឺកូវីដ-១៩ ហើយខ្លះទៀតមានរបួសផ្លូវចិត្ត ដោយសារតែភាពខ្លាចនឹងការឡើងកាន់អំណាចរបស់ក្រុមយោធា។
អ្នកនាង Cherry Soe Myint បានលើកឡើងថា «ទោះបីជាខ្ញុំជាអ្នកជំនាញផ្នែកផ្លូវចិត្តក៏ដោយ ហើយខ្ញុំដឹងពីវិធីក្នុងការធ្វើចិត្តក៏ដោយ ក៏ខ្ញុំនៅតែមានអារម្មណ៍មួយគឺ ភាពរង្កៀសចិត្តដោយសារតែខ្ញុំនៅរស់រានមានជីវិត តែខ្ញុំព្យាយាមផ្លាស់ប្ដូរការគិតរបស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំត្រូវតែបន្តរស់? ហេតុអ្វីបានជាឪពុកខ្ញុំចែកឋាន? នេះមិនមែនដោយសារតែខ្ញុំទេ តែដោយសារតែស្ថានភាពស្រុកទេស»។
បេក្ខភាពបណ្ឌិតផ្នែកសុខភាពផ្លូវចិត្តនៃសាកលវិទ្យាល័យ Vermont សហរដ្ឋអាមេរិក អ្នកនាង Phyu Pannu Khin បាននិយាយប្រាប់ Al Jazeera ថា «មានករណីប៉ះទង្គិចផ្លូវចិត្ត ដោយសារតែការធ្វើទារុណកម្មសួរចម្លើយ ហើយការបាត់បង់អនាគត និងក្ដីសង្ឃឹម។ សម្រាប់ជំនាន់របស់យើង យើងបានស្គាល់នូវសេរីភាពខ្លះៗដែរ ក្រោមរដ្ឋាភិបាលស៊ីវិល។ យើងបានស្គាល់នូវសេរីភាព ហើយយើងមានក្ដីសុបិន ដូច្នេះវាពិតជាខកបំណងណាស់ ដែលសេរីភាព និងក្ដីសុបិននេះត្រូវបានដកចេញទៅវិញ»៕

ប្រភព៖ Aljazeera