ចិនគ្រោងនឹងបញ្ចូលទស្សនវិជ្ជារបស់លោក ស៊ី ជីនពីង ទៅក្នុងកម្មវិធីសិក្សាជាតិ
ក្រសួងអប់រំចិនបាននិយាយ នៅក្នុងគោលការណ៍ណែនាំថ្មី ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ថាប្រទេសចិននឹងបញ្ចូលគំនិត ទស្សនវិជ្ជារបស់លោក“ ស៊ី ជីនពីង” ទៅក្នុងកម្មវិធីសិក្សាជាតិរបស់ខ្លួនដើម្បីជួយ“ បង្កើតជំនឿ ម៉ាក្សនិយម” ចំពោះយុវជនរបស់ប្រទេសនេះ។
ក្រសួងអប់រំបាននិយាយថា « គំនិតរបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង អំពីរបប សង្គមនិយម ដែលមានបញ្ចូលចរិតលក្ខណៈចិនក្នុងយុគសម័យថ្មី» នឹងត្រូវបានគេដាក់បង្រៀនតាំងពីកម្រិតបឋមរហូតដល់គ្រប់សាកលវិទ្យាល័យ។ សេចក្តីណែនាំនេះបាន និយាយថាចលនានេះមានគោលបំណងពង្រឹង « បណ្តុះនូវអារម្មណ៍ស្នេហាជាតិ» ។
ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១២ ប្រធានាធិបតីចិន បានព្យាយាមពង្រឹងតួនាទីរបស់បក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច នៅគ្រប់វិស័យក្នុងសង្គមរួមទាំងអាជីវកម្មសាលារៀននិងស្ថាប័នវប្បធម៌របស់ខ្លួន។
ទស្សនវិជ្ជា « ស៊ី ជីនពីងអំពីសង្គមនិយម ដែលមានចរិតលក្ខណៈចិនសម្រាប់យុគសម័យថ្មី» ត្រូវបានចែងជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញ របស់ប្រទេសក្នុងឆ្នាំ ២០១៨។ ហើយ អំណាចផ្ទាល់ខ្លួន របស់លោកស៊ី ក៏ត្រូវបានពង្រឹងផងដែរ ហើយក៏មានការលុបចោល ដែនកំណត់អាណត្តិប្រធានាធិបតី។
នៅក្នុងសុន្ទរកថាមួយ ដើម្បីរំលឹកខួបមួយរយឆ្នាំ នៃគណបក្សកុម្មុយនិស្ត ដែលបានប្រារព្ធនៅក្នុងខែកក្កដា លោកស៊ី បានប្តេជ្ញាថានឹង « លើកកម្ពស់» ការដឹកនាំរបស់បក្សប្រកាន់ខ្ជាប់នូវការដឹកនាំ « ស្នូល» ផ្ទាល់ខ្លួននិងពង្រឹងសាមគ្គីភាពរបស់ប្រជាជនចិន។

ប្រភព៖ Aljazeera