ទោះបីមានក្រុមប្រឆាំងនឹងតាលីបង់ តែឱកាសការឈ្នះមានតិច ខណៈកិច្ចព្រមព្រៀងសន្តិភាពមិនទាន់ច្បាស់

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុម​តាលីបង់​ ​ចូល​កាន់​កាប់​រដ្ឋ​ធានី ​និង​ផ្តួល​រំលំ​រដ្ឋាភិបាល​​យ៉ាង​រហ័ស​ ​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​ដែល​ជា​អតីត​យុទ្ធជន​មូចាហេដិន​ (Mujahedeen)​និង​កង​កុម្ម៉ង់ដូ​អាហ្វហ្គានីស្ថាន​អះអាង​ថា​ ខ្លួន​បាន​ប្រមូល​ផ្តុំ​គ្នា​ឡើង​វិញ​ ហើយ​នឹង​ចាប់​ផ្តើម​ប្រយុទ្ធ​ពី​តំបន់​ចុង​ក្រោយ​នៅ​អាហ្វហ្កានីស្ថាន​ដែល​មិន​ស្ថិត​នៅ​ក្រោម​ការ​​គ្រប់​គ្រង​របស់​តាលីបង់​។​

​មេ​​ដឹក​នាំ​ក្រុម​ដែល​ប្រកាន់​ជំហ​រឹងប៉ឹង​​នេះ​ ​គឺ​លោក​ Ahmad Massoud ​អាយុ​ ៣២ ​ឆ្នាំ​ ជា​ស្ថាបនិក​រណសិរ្ស​តស៊ូ​ជាតិ​អាហ្វហ្គានីស្ថាន​ និង​ជា​កូន​ប្រុស​របស់​មេ​បញ្ជាការ​ Mujahedeen ​​ឈ្មោះ​​ Ahmad ​Shah ​Massoud ​ដោយ​បោះ​ជំហាន​​តាម​គន្លង​​ឪពុក​របស់​ខ្លួន​ដែល​​ត្រូវ​បាន​ក្រុម​អាល់កៃដា​សម្លាប់​កាល​ពី​ ២០​ ឆ្នាំ​មុន​ ពីរថ្ងៃ​មុន​​ព្រឹត្តិការណ៍​ ១១​ កញ្ញា​ បន្ទាប់​ពី​ធ្វើ​ការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ប្រឆាំង​នឹង​ក្រុម​តាលីបង់​។​

លោក​ Massoud ​បាន​ជិះ​ឧទ្ធម្ភាគ​ចក្រ​យោធា​យ៉ាង​ប្រញាប់​ប្រញាល់​កាល​ពី​ថ្ងៃ​ទី​ ១៥​ ទៅ​ជ្រលង​ភ្នំ​ Panjshir​ បន្ទាប់​ពី​ក្រុម​តាលីបង់​​វាយ​លុក​មូលដ្ឋាន​ការពារជាតិ​​របស់​រដ្ឋាភិបាល​ក្នុង​ក្រុង​កាប៊ុល​ ហើយ​លោក​ប្រធានាធិបតី​ Ashraf Ghani​ និរទេស​ខ្លួន​ចេញ​ពី​ប្រទេស​។ ​លោក​អនុប្រធានាធិបតី​ Amrullah Saleh ​ក៏​ភៀស​ខ្លួន​ក្នុង​ពេល​តែ​មួយ​ទៅ​ជ្រលង​ភ្នំ​នេះ​ដែរ​ ដោយ​ប្តេជ្ញា​ថា​នឹង​ប្រយុទ្ធ​ជា​ជាង​អង្គុយ​នៅ​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​តាលីបង់​។​

ក៏ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ ឱកាល​នៃ​ការ​យក​ឈ្នះ​ក្រុម​ប្រយុទ្ធ​ឥស្លាម​មួយ​នេះ​គឺ​មាន​តិច​។​ ក្បួន​នៃ​យុទ្ធសាស្ត្រ​សមរភូមិ​របស់​រណសិរ្ស​ ​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះ​នា​ពេល​ឆាប់​ៗ​នេះ​ដោយ​គ្មាន​ការ​ផ្គត់​ផ្គង់​ និង​​ការ​គាំទ្រ​ពី​ខាង​ក្រៅ​ឡើយ​ ខណៈ​បច្ចុប្បន្ន​នេះ​​ក្រុម​អ្នក​តស៊ូ​របស់​ខ្លួន​​ត្រូវ​បាន​កាត់​ផ្តាច់​ និង​ឡោម​ព័ទ្ធ​ដោយ​ក្រុម​តាលីបង់​រួច​ទៅ​ហើយ​​។  

​តាម​​ការ​ចុះ​​ផ្សាយ​​របស់​​កាសែត​​ញូវយ៉ក​ថែមស៍​ អ្នក​នាំ​ពាក្យ​របស់​លោក​ Massoud ​​និយាយ​ថា​ លោក​បាន​​អូស​​ទាញ​ទាហាន​រាប់​ពាន់​នាក់​មក​ជ្រលង​ភ្នំ​ Panjshir ​​ចម្ងាយ​ប្រមាណ​ ៧០ ​ម៉ាយល៍​ពី​ក្រុង​កាប៊ុល​ ដែល​ជា​បន្ទាយ​តស៊ូ​ប្រឆាំង​នឹង​សហភាព​​ក្នុង​ទសវត្សរ៍​​ឆ្នាំ​​១៩៨០ ​​និង​តាលីបង់​​ឆ្នាំ​​១៩៩០​។​

កង​កម្លាំង​ដែល​ប្រមូល​ផ្ដុំ​បច្ចុប្បន្ន​ ​រួម​មាន​ទាំង​កង​កម្លាំង​ពិសេស​របស់​​កងទ័ព​អាហ្វហ្គានីស្ថាន​ដែល​នៅ​សេស​សល់​ និង​មេ​បញ្ជាការ​ឈ្លប​ដែល​មាន​បទ​ពិសោធន៍​ខ្លះ​​សល់​ពី​ជំនាន់​របស់​ឪពុក​លោក​ ក៏​ដូច​ជា​សកម្មជន​ និង​អ្នក​ផ្សេង​ទៀត​ដែល​បដិសេធ​​តាលីបង់​។ ​អ្នក​នាំ​ពាក្យ​​និយាយ​ថា​ លោក​ Massoud ​ក៏​មាន​កន្លែង​ផ្ទុក​សព្វាវុធ​ រួម​មាន​ទាំង​​ឧទ្ធម្ភាគចក្រ​អាមេរិក​ផង​ ប៉ុន្តែ​ត្រូវ​ការ​ច្រើន​ហ្នឹង​​​។ ក្នុងអត្ថបទ​មួយ​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ ចុះ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​ លោក​ Massoud ​បាន​អំពាវនា​វ​សុំ​អាវុធ​ ​ពី​​សហរដ្ឋ​អាមេរិក​ អង់គ្លេស​ និង​បារាំង​ និង​ឱ្យ​ប្រទេស​ទាំង​នេះ​គាំទ្រ​ការ​រើបំរះ​របស់​លោក​​​។  ​

​លោក​ Torek ​Farhadi ​អ្នក​វិភាគ​ និង​ជា​អតីត​ទីប្រឹក្សា​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​​​និយាយ​​​ថា​​ ក្រុម​អ្នក​តស៊ូ​របស់​លោក​ Massoud ​បង្ក​ការ​គំរាម​កំហែង​តិច​តួច​ដល់​ក្រុម​តាលីបង់​ ហើយ​លោក​ហៅ​​អនុ​ប្រធានាធិបតី​លោក​ Saleh​ ​ថា​ជា​ «​មនុស្ស​ពូកែ​តែ​ឃោសនា​តាម​បណ្ដាញ​​សង្គម​»​។​

​​ចំណែក​ឯ​អតីត​ប្រធាន​អគ្គនាយកដ្ឋាន​សន្តិសុខ​ជាតិ​ និង​ជា​គូ​ប្រជែង​របស់​តាលីបង់​ លោក ​Rahmatullah Nabil​ និយាយ​​​ថា​៖​ «​លោក​ [Massoud]​​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ជាង​ឪពុក​របស់​លោក​ទៅ​ទៀត​»​។ ​លោក​បន្ថែម​ថា​ មិន​មែន​មក​ពី​លោក​ Massoud ​គ្មាន​បទ​ពិសោធន៍​យោធា​តែ​ម្យ៉ាង​នោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​មក​ពី​កង្វះ​ការ​គាំទ្រ​ពី​ពិភព​លោក​ខាង​ក្រៅ ​ខណៈ​ដែល​ជំនាន់​ឪពុក​របស់​លោក​ មាន​ជំនួយ​ពី​រុស្ស៊ី ​ឥណ្ឌា ​អ៊ីរ៉ង់​ និង​តាហ្ស៊ីគីស្ថាន​ជាដើម។​​  

យ៉ាង​ណា លោក​ Massoud ​បាន​ទទួល​ការ​អប់រំ​នៅ​មហាវិទ្យាល័យ​យោធា​ភូមិន្ទ​ Sandhurst ​នៅ​ចក្រភព​អង់គ្លេស​ និង​មហា​វិទ្យាល័យ ​King ​ក្នុង​ទីក្រុង​ឡុងដ៍​ ហើយ​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​សង្រ្គាម​មុន​នឹង​ត្រលប់​ទៅ​អាហ្វហ្គានីស្ថាន​វិញ​នៅ​ឆ្នាំ​ ២០១៦​។ ​

មេ​ដឹក​នាំ​រណសិរ្ស​​​នៅ​តែ​ប្រកាន់​ជំហ​របស់​ខ្លួន​ ដោយ​លោក​បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ Al Arabiya ​របស់​ក្រុង​ឌូបៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖​ «​យើង​បាន​ប្រឈម​មុខ​នឹង​សហភាព​សូវៀត​ ​យើង​នឹង​អាច​ប្រឈម​មុខ​​ក្រុម​តាលីបង់​»​។​

អតីតមន្រ្តី​ជាន់​ខ្ពស់​អាហ្វហ្គានីស្ថាន​ម្នាក់​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖​ «​ខ្ញុំ​មិន​គិត​ថា​ ក្រុម​អ្នក​តស៊ូ​អាច​ឈរ​ជើង​បាន​យូរ​ដោយ​គ្មាន​ជំនួយ​ពី​អន្តរជាតិ​នោះ​ទេ​។​ ខ្ញុំ​គិត​ថា​ តាលីបង់​នឹង​ផ្ដួល​រំលំ​ក្រុម​នេះ​បាន​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​»​។​

​​​លោក​ Fahim​ Dashty ​មេ​បញ្ជាការ​កង​កម្លាំង​របស់​លោក​ Massoud ​និយាយ​ថា​៖​ «​យើង​មាន​ឆន្ទៈ​​ក្នុង​ការ​ចរចា​ ដើម្បី​ឈាន​ទៅ​រក​សន្តិភាព​ ប៉ុន្តែ​មិន​ត្រឹម​តែ​សន្តិភាព​ទេ​។​ យើង​ចង់​បាន​រដ្ឋាភិបាល​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​អាច​តំណាង​ឱ្យ​ក្រុម​ជន​ជាតិ​ភាគ​តិច​ផ្សេង​ៗ​គ្នា​នៃ​ប្រទេស​នេះ​ ដែល​នឹង​ធានា​នូវ​សិទ្ធិ​របស់​ប្រជាជន​​ សិទ្ធិ​មនុស្ស ​សិទ្ធិ​ស្ត្រី ​និង​​ធានា​យុត្តិធម៌​សង្គម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​»​។​

លោក​ Massoud ​នៅ​ក្នុង​បទ​សម្ភាសន៍​លើក​ដំបូង​របស់​ខ្លួន​​បន្ទាប់​ពី​ពួក​តាលីបង់​ចូល​កាន់​កាប់​ក្រុង​កាប៊ុល​ បាន​និយាយ​ថា ​អ្វី​ដែល​ជា​អាទិភាព​គឺ​​ចៀស​វាង​ការ​បង្ហូរ​ឈាម។​ លោក​អះអាង​ថា​ ​រណសិរ្ស​តស៊ូ​ជាតិ​អាហ្វហ្គានីស្ថាន​ពេញ​ចិត្ត​ចំពោះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជាមួយ​តាលីបង់​ ប៉ុន្តែ​ប្រសិន​បើ​តាលីបង់​មិន​យល់​ព្រម​ចរចា​ទេ​នោះ ​កម្លាំង​ប្រឆាំង​តាលីបង់​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​សង្គ្រាម​យូរ​អង្វែង​។​

​​ចំណែកឯ​ក្រុម​តាលីបង់​វិញ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ​ថា ​ខ្លួន​កំពុង​បញ្ជូន​កម្លាំង​ដើម្បី​បង្ក្រាប​​​​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​លើ​បណ្តាញ​សង្គម​ធ្វីតធឺរ​ថា​៖​ «​មូចាហាដិន​រាប់​រយ​របស់​អ៊ីស្លាម​អេមីរ៉ាត​​ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​​ Panjshir​ ដើម្បី​គ្រប់​គ្រង​ខេត្ត​នេះ​ បន្ទាប់​ពី​អាជ្ញាធរ​មូល​ដ្ឋាន​បដិសេធ​មិន​ប្រគល់​​ដោយ​សន្តិវិធី​»​។​

យ៉ាង​ណា​មិញ​ យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ ​​Asian​​ News​ International កាល​ពី​ថ្ងៃ​ពុធ​នេះ ​អ្នក​នាំ​ពាក្យ​តាលីបង់​លោក​ Zabihullah Mujahid ​និយាយ​ថា​ តាលីបង់​ទំនង​ជា​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជាមួយ​ក្រុម​អ្នក​តស៊ូ​ Panjshir ​ខណៈ​មេដឹក​នាំ​កំពូល​នៃ​ក្រុម​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា​។​ លោក​ថា​ លោក​មាន​ជំនឿ​ ៨០ ​ភាគ​រយ​​លើ​ដំណោះស្រាយ​ដោយ​គ្មាន​សង្គ្រាម​នៅ​ជ្រលង​ភ្នំ​ Panjshir​ ​។

ទោះ​បី​មាន​ការ​អះអាង​បែប​នេះ​ក្ដី​ កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​អាច​កើត​មាន​រវាង​ក្រុម​តាលីបង់​ និង​ក្រុម​អ្នក​តស៊ូ​ Panjshir​ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​។​ លោក​ Massoud ​ធ្លាប់​និយាយ​​​ថា​ ការ​តស៊ូ​របស់​ Panjshir ​មិន​ត្រឹម​តែ​សម្រាប់​ប្រជាជន​នៅ​ Panjshir ​ប៉ុណ្ណោះ​ទេ​ ខណៈ​ដែល​កង​កម្លាំង​មក​ពី​ទូទាំង​ប្រទេស​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជ្រលង​ភ្នំ​នេះ ​ហើយ​ពួក​គេ​នឹង​ជំរុញ​ឱ្យ​មាន​រដ្ឋាភិបាល​រួម​បញ្ចូល​គ្នា​ មិន​មែន​ជា​រដ្ឋាភិបាល​ផ្តាច់​ការ​ដែលគ្រ​ប់​គ្រង​ដោយ​តាលីបង់​នោះ​ទេ​។​

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner