ម៉ាឡេស៊ី៖ ប្រមាណជាជាង២សប្ដាហ៍នេះ រកឃើញអ្នកឆ្លងកូវីដច្រើនជាង ២ម៉ឺនករណីក្នុងមួយថ្ងៃៗ
ម៉ាឡេស៊ីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃលើសពី ២ម៉ឺនករណី ប្រមាណជាជាង ២សប្ដាហ៍ជាប់ៗគ្នា។ នៅក្នុងថ្ងៃពុធនេះ ប្រទេសនេះរកឃើញមាន អ្នកឆ្លងសរុប ២២ ៦៤២ករណី។ នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ម៉ាឡេស៊ីក៏រកឃើញមានអ្នកស្លាប់ ២៦៥នាក់ផងដែរ។
ប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ រកឃើញមានអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃលើសពី ២ម៉ឺនករណីដំបូងកាលពីថ្ងៃទី៥ ខែសីហា តែធ្លាក់ក្រោម ២ម៉ឺនតិចតួចប៉ុន្មានថ្ងៃក្រោយមក លុះចាប់ពីថ្ងៃទី១១ ខែសីហា ម៉ាឡេស៊ីបន្តមានករណីវិជ្ជមានប្រចាំថ្ងៃលើសពី ២ម៉ឺននាក់ ជាប់ៗគ្នារហូតដល់ថ្ងៃពុធ។
ប្រមាណច្រើនជាង ១,៦លានករណីវិជ្ជមានកូវីដ-១៩ ត្រូវបានរកឃើញនៅម៉ាឡេស៊ី ខណៈមានអ្នកស្លាប់សរុបក្បែរ ១ម៉ឺន ៥ពាន់នាក់។
ម៉ាឡេស៊ីបានបន្ធូរបន្ថយការរឹតបន្តឹង សម្រាប់អ្នកចាក់វ៉ាក់សាំងប្រឆាំងនៅតាមរដ្ឋ និងតំបន់មួយចំនួន ដែលរាប់បញ្ចូលទាំងទីក្រុងកូឡាឡាំពួរ និងទីក្រុងបុត្រាជ័យ (Putrajaya)។ មកទល់ពេលនេះ នៅប្រទេសនេះ ប្រជាជនប្រមាណ ៦០% ទទួលបានការចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស៕

ប្រភព៖ CNA