មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីត្រូវរងសម្ពាធផ្លូវចិត្តកំឡុងពេលលោកជាប់ជាអ្នកទោសនយោបាយ
លោក Aleksei A. Navalny មេដឹកនាំគណបក្សប្រឆាំង ត្រូវរងសម្ពាធផ្លូវចិត្តក្នុងកំឡុងពេល ដែលលោកជាប់ជាអ្នកទោសនយោបាយ។នេះបើតាមឱ្យដឹងពីការសម្ពាសន៍ចុងក្រោយបង្អស់របស់លោកជាមួយសារព័ត៌មានញូយ៉កថាមស៍។
ក្រៅពីការរៀបចំកន្លែងគេងនៅក្នុងគុក អានសំបុត្រ និងទៅបរិភោគអាហារ ដែលភាគច្រើនជាបបរ លោកបាននិយាយថា រឿងដែលគួរឱ្យអស់សំណើចបំផុតនោះគឺ លោកត្រូវបង្ខំចិត្តមើលទូរទស្សន៍រដ្ឋរុស្ស៊ី និងជ្រើសរើសខ្សែភាពយន្តឃោសនាអស់រយៈពេលជាង ៨ ម៉ោងក្នុងមួយថ្ងៃនៅក្នុងអ្វី ដែលអាជ្ញាធរហៅថាកម្មវិធី «បង្កើនការយល់ដឹង» ដែលជាកម្មវិធីចាក់ឱ្យអ្នកទោសនយោបាយជំនួស ដោយការងារធ្ងន់ៗដូចអ្នកទោសដទៃ។
លោក Nalvany បាននិយាយថា៖ «ការអាន ការសរសេរ ឬ ធ្វើអ្វីផ្សេងទៀត» ត្រូវបានហាមឃាត់ទាំងអស់។ «យើងអ្នកត្រូវអង្គុយលើកៅអី ហើយមើលទូរទស្សន៍ជាប់រហូត ហើយប្រសិនបើ អ្នកទោសហ៊ានងក់ក្បាលងងុយដេក ឆ្មាំគុកស្រែកថា កុំដេក! មើលទូរទស្សន៍ភា្លម!»។
លោក Nalvany បានចាប់ផ្តើមចលនាប្រឆាំងដ៏ធំមួយ ដើម្បីលាតត្រដាងអំពើពុករលួយរបស់មន្ត្រីកម្រិតខ្ពស់ និងប្រកួតប្រជែងជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir V. Putin។ គាត់ត្រូវបានជាប់ពន្ធនាគារកាលពីខែ មីនា បន្ទាប់ពីគាត់បានវិលត្រឡប់ពីប្រទេស អាល្លឺម៉ង់វិញ។ យោងតាមរដ្ឋាភិបាលលោកខាងលិច លោកបានទៅក្រៅប្រទេស ដើម្បីព្យាបាលជំងឺធ្ងន់ធ្ងររបស់គាត់ ដោយសារភ្នាក់ងាររុស្ស៊ី បានដាក់សារធាតុគីមី Novichok បំពុលគាត់។
បច្ចុប្បន្ន លោកត្រូវ ចំណាយពេលជាច្រើនម៉ោងក្នុងការមើលទូរទស្សន៍រដ្ឋ និងភាពយន្ត ដែលជ្រើសរើសដោយចៅក្រមតម្រូវឱ្យអ្នកទោសនយោបាយមើល។ យោងតាមអង្គការលើកលែងទោសអន្តរជាតិ ការដាក់កម្មវិធីទូរទស្សន៍ឱ្យមើលនេះ គឹជាការផ្លាស់ប្តូរកម្លាំងពលកម្មក្នុងការជីករ៉ែ ឬ ព្រៃឈើ ដែលគេតម្រូវឱ្យអ្នកទោសទូរទៅធ្វើ។
លោក Navalny បាននិយាយថា៖ «អ្នកប្រហែលជាស្រមៃថា បុរសសាច់ដុំចាក់សាក់ ធ្មេញដែក កាន់កាំបិតប្រយុទ្ធនៅលើគ្រែតូចមួយ អើតមើលតាមបង្អួច។ អ្នកត្រូវស្រមៃអ្នកទាំងនេះ ដូចជាជំរុំការងាររបស់ចិន ដែលមនុស្សគ្រប់គ្នាដើរជាជួរ និងកន្លែង ដែលកាមេរ៉ាវីដេអូដាក់នៅគ្រប់ទីកន្លែង ដើម្បីឃ្លាំមើល។ អ្នកនៅក្នុងនេះ ត្រូវទទួលរងការគ្រប់គ្រង និងវប្បធម៌បំពានសិទ្ធិ»។
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ លោក Navalny មានសុទិដ្ឋិនិយមអំពីអនាគតរបស់រុស្ស៊ី ហើយគាត់បានគូសបញ្ជាក់ពីយុទ្ធសាស្ត្ររបស់គាត់ ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរនយោបាយតាមរយៈប្រព័ន្ធបោះឆ្នោត ទោះបីស្ថិតក្នុងស្ថានភាពផ្តាច់ការក៏ដោយ។
ដូចដែលលោក ធ្លាប់បានរិះគត់ទណ្ឌកម្មសេដ្ឋកិច្ចអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលខ្លួនបានដាក់លើរុស្ស៊ី ស្ដីពីការការជ្រៀតជ្រែកនៅបរទេស និងការគាបសង្កត់អ្នកប្រឆាំងដូចរូបលោក លោកបាននិយាយថា ការដាក់ទណ្ឌកម្ម បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនរុស្ស៊ីធម្មតា និងប្រថុយប្រថានធ្វើឱ្យមានការខុសប្លែកគ្នាខ្លាំងលើមណ្ឌលបោះឆ្នោតក្នុងស្រុក។
លោកបាននិយាយថា ទណ្ឌកម្មគួរតែផ្តោតលើតែឧកញ៉ាកំពូលៗ ដែលគាំទ្ររដ្ឋាភិបាលរបស់លោក Putin ជំនួសឱ្យមន្ត្រីមិនច្បាស់លាស់ជាច្រើន ដែលត្រូវបានវាយប្រហាររហូតមកដល់ពេលនេះ។ លោកបាននិយាយថា អ្នកមានអំណាចពិតប្រាកដនោះ បានចៀសផុតពីការដាក់ទណ្ឌកម្មពីប្រទេសទាំងនេះរួមទាំង កងទ័ពមេធាវី អ្នកបញ្ចុះបញ្ចូល និងធនាគារិក ដែលជាម្ចាស់លុយកខ្វក់ និងបង្ហូរឈាម ដើម្បីកុំឱ្យមានទោស»។
លោកបានហៅបទពិសោធទោសនយោបាយរបស់លោកថា ជា «អំពើហិង្សាផ្លូវចិត្ត» ដែលបានបង្ខំលោកឱ្យមើលទូរទស្សន៍។ លោកបាននិយាយថា៖ «ក្នុងកំឡុងពេលនេះ ខ្ញុំយល់ច្បាស់បំផុតអំពីខ្លឹមសារនៃមនោគមវិជ្ជានៃរបបលោក Putin។ បច្ចុប្បន្ន និងអនាគត កំពុងត្រូវបានជំនួស ដោយអតីតកាល និងអតីតកាលរវើរវាយ ដែលបានតុបតែង ឬ អតីតកាលប្រឌិតទាំងស្រុងរបស់របបនេះ»។
លោកបានបន្តថា៖ «ឥឡូវនេះ ខ្ញុំយល់ថា ហេតុអ្វីបានជាការគេងមិនលក់គឺ ជាការធ្វើទារុណកម្មដ៏ពេញនិយមមួយនៃការធ្វើទារុណកម្មអ្នកទោស ព្រោះវាជាទារុណកម្មដែលមិនអាចទ្រាំទ្របាន ហើយគ្មានដាននៅសល់»។

ប្រភព៖ New York Times