រដ្ឋបាលខេត្តព្រះសីហនុ ណែនាំលោកអភិបាលក្រុង/ស្រុក បញ្ឈប់​ជាបន្ទាន់ និងមោឃភាពនូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ

ក្រសួងបរិស្ថានក៏ដូចជារដ្ឋបាលខត្តព្រះសីហនុ បានពិនិត្យ ឃើញថា រដ្ឋបាលឃុំ-សង្កាត់ មួយចំនួននៅតែបន្តចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើលិខិត​ផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញ-លក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅលើដីដែលបានកាប់ឆ្ការរុករានទន្ទ្រានដីព្រៃររបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលទង្វើទាំងនេះជាអំពើផ្ទុយនឹងច្បាប់។

ដើម្បីចូលរួមទប់ស្កាត់ ការកាប់ឆ្ការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិរដ្ឋបាលខេត្តព្រះសីហនុ ស្នើអភិបាលក្រុង ស្រុក ចាត់ចែងអនុវត្តនូវវិធានការមួយចំនួន ដូចខាងក្រោម៖

១.ធ្វើការណែនាំទៅរដ្ឋបាលឃុំ-សង្កាត់ ឱ្យបញ្ឈប់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ចាក់លើប្លង់បង្ហាញទីតាំងដីនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងនៃរដ្ឋបាលក្រុងស្រុកនីមួយៗ។

២.បដិសេធ និងមោឃភាពរាល់លិខិត និងឯកសារទាំងឡាយណា ដែលមានការពាក់ព័ន្ធទៅនឹងការកាន់កាប់ និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀង

អភិរក្សជីវៈចម្រុះ ដែលរដ្ឋបាលឃុំ-សង្កាត់ បានចុះហត្ថលេខាបញ្ចាក់នាពេលកន្លងមក។

៣.ធ្វើការណែនាំឱ្យរដ្ឋបាលឃុំ-សង្កាត់ អនុវត្តតួនាទីភារកិច្ចក្នុងការបញ្ជាក់ និងចុះហត្ថលេខាលើ ឯកសារនានាពាក់ព័ន្ធដីធ្លីឱ្យបានត្រឹមត្រូវដោយត្រូវអនុវត្តតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ណែនាំនានាជាធរមន។ ៤.ចំពោះរដ្ឋបាលឃុំ-សង្កាត់ណាដែលនៅតែបន្តចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ឬពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីនៅលើដីដែលបានកាប់ឆ្ការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋដោយ ខុសច្បាប់ដើម្បីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៥.រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវអប់រំប្រជាពលរដ្ឋឱ្យចូលរួមរក្សាការពារបរិស្ថាន ធនធានធម្មជាតិ និងផលប៉ះពាល់នានា​ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញធនធានធម្មជាតិដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់កុំឱ្យមាននិន្នាការចូល​ទន្ទ្រានកាន់កាប់​ដីព្រៃដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដោយខុសច្បាប់បន្ថែមទៀត។

អភិបាលក្រុង ស្រុក ត្រូវចាត់ចែងអនុវត្តតាមខ្លឹមសារណែនាំខាងលើដោយស្មារតីទទួលខុសត្រូវ និងឱ្យមានប្រសិទ្ធភាពខ្ពស់៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner