អង់គ្លេសនឹងហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងប្រេងម៉ាស៊ូតថ្មីចាប់ពីឆ្នាំ ២០៣៥ ខណៈអង់គ្លេសសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់កម្រិតសូន្យនៅឆ្នាំ២០៥០
អង់គ្លេស៖ នាយករដ្ឋមន្ដ្រីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសថា ប្រទេសរបស់លោកនឹងហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងប្រេងម៉ាស៊ូតថ្មីចាប់ពីឆ្នាំ ២០៣៥ តទៅ។ ការប្រកាសរបស់លោក ចនសុន ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ស្តីពីការប្រែប្រួលអាកាសធាតុ COP26 ដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះនេះ បានកាត់បន្ថយចំនួន០៥ឆ្នាំពីកាលបរិច្ឆេទដើម ដែលថា នឹងហាមឃាត់ការលក់រថយន្តទាំងនេះនៅឆ្នាំ ២០៤០ ហើយផែនការថ្មីនេះត្រូវបានរួមបញ្ចូលទាំងរថយន្តកូនកាត់ផងដែរ ។
នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបាននិយាយថា ការរៀបចំ COP26 គឺជាឱកាសដ៏សំខាន់មួយសម្រាប់អង់គ្លេស និងប្រទេសជាច្រើនទូទាំងពិភពលោក ដើម្បីបង្កើនល្បឿនក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ។ លោកបញ្ជាក់ថា ឆ្នាំ២០២០ ត្រូវតែជាឆ្នាំដែលយើងផ្លាស់ប្តូរចំពោះការឡើងកម្ដៅលើពិភពលោក… វានឹងជាឆ្នាំដែលយើងជ្រើសរើសអនាគតកាន់តែស្អាត កាន់តែបៃតងសម្រាប់ទាំងអស់គ្នា ។
ជាមួយគ្នានេះ លោក ចនសុន ក៏នឹងជំរុញឲ្យប្រទេសផ្សេងទៀតចូលរួមជាមួយ អង់គ្លេស ក្នុងការព្យាយាមឆ្ពោះទៅទិសដៅការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០ តាមរយៈការវិនិយោគលើបច្ចេកវិទ្យាកាន់តែស្អាត និងកិច្ចប្រឹងប្រែងការពារជម្រកធម្មជាតិ ។ គួរបញ្ជាក់ផងដែរថា អង់គ្លេសបានសន្យាថា នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ជាមួយនឹងវិធានការចម្រុះនៃការកាត់បន្ថយ និងការប៉ះប៉ូវការបំពុលខ្យល់ដូចជាការដាំដើមឈើជាដើម ៕ធ.ដ