អត្ថបទនយោបាយ ៖ ការអនុវត្តលទ្ធិប្រជាធិបតេយ្យត្រូវផ្សារភា្ជប់គោលការណ៍នីតិរដ្ឋ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ច្បាស់ថា ប្រទេសកម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ។ ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធមនុស្ស និងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌ័កំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានជរុញ និងលើកទឹកយ៉ាងខ្លាំងក្លាក្នុងការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា ដែលរហូតមកដល់សព្វថ្ងៃកាន់តែមានជំហានលូតលាស់គួរឲ្យកត់    សម្គាល់។ ប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្រោមក្របខណ្ឌ័ច្បាប់ចូលរួមបំពញភារកិច្ចជូនសង្គមជាតិដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់ប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់ការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនយ៉ាងខ្លាំង។

ជាមួយនឹងការជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនេះ ការពង្រឹងការអនុវត្តគោលការនីតិរដ្ឋក៏ត្រូវបានប្រកាន់យកយ៉ាងម៉ឺងម៉ាត់ដោយមិនអនុញ្ញាតឲ្យជនណាមួយ ក្រុមណាមួយឆ្លៀតទៅជ្រកក្រោមផ្លាកប្រជាធិបតេយ្យធ្វើសកម្មភាពអានាធិបតេយ្យបំផ្លិចបំផ្លាញប្រទេសជាតិ បំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានឡើយ។ ពួកប្រឆាំង និងមជ្ឈដ្ឋានអគតិ តែងតែឃោសនាបំភាន់អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយគេមិនដែលនិយាយ ឬធ្វើជាបំភ្លេច មិននិយាយអំពីគោលការណ៍នីតិរដ្ឋ ដែលជាធាតុផ្សំមិនអាចខ្វះបានក្នុងដំណើរការនៃប្រជាធិបតេយ្យនៅក្នុងសង្គមជាតិ។

ហេតុអ្វី? ព្រោះថា បើពួកនេះហ៊ាននិយាយអំពីនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យពួកគេនឹងមិនអាចប្រព្រឹត្តអំពើអាណាធិបតេយ្យបានឡើយ ដូចជាការបំផុសបំផុលញុះញង់ប៉ុនប៉ងបង្កើតឲ្យមានអំពើចលាចលក្នុងសង្គម ការបំផុសឲ្យមានការរើសអើងជាតិសាសន៍ ការប្រមូលកម្លាំងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រមាថព្រះមហាក្សត្រ និងបញ្ហាព្រំដែនជាដើម។ នេះមិនមែនជាសកម្មភាពនៃការបញ្ចេញមតិស្របតាមច្បាប់ដែលបានកំណត់ឡើយ ប៉ុន្តែគឺជាការរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរបំផុតដែលគ្រប់ប្រទេសប្រកាន់យករបបប្រជាធិបតេយ្យត្រឹមត្រូវមិនអនុញ្ញាតជាដាច់ខាត។ នៅប្រទេសប្រជាធិបតេយ្យធំៗលើពិភពលោកនេះ សុទ្ធតែអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនល្មើសច្បាប់ ដែលជ្រកក្រោមផ្លាកប្រជាធិបតេយ្យហើយធ្វើសកម្មភាពបំពានច្បាប់ដោយបានយកជនទាំងនោះឲ្យទៅទទួលខុសត្រូវចំពោះមុខច្បាប់ដោយមិនមានការលើកលែង។

នៅកម្ពុជាក៏ដូចគ្នា។ កន្លងទៅនេះក៏មានករណីជនប្រព្រឹត្តល្មើសច្បាប់មួយចំនួនត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅកាន់តុលាការដើម្បីផ្តន្ទាទោស។ ជនទាំងនេះបានបំពានទៅលើសិទ្ធិនៃការបញ្ចេញមតិប៉ុនប៉ងធ្វើឲ្យលទិ្ធប្រជាធិបតេយ្យដើរខុសគន្លង តាមរយៈការប្រព្រឹត្តអំពើអនាធិបតេយ្យជាច្រើនដែលសកម្មភាពខ្លះជាអំពើក្បត់ជាតិទៀតផង។ ជាក់ស្តែងថ្មីៗនេះ តុលាការបានធ្វើការផ្តន្ទាទោសបុគ្គលដែលរំលោភច្បាប់ធ្វើអត្ថាធិប្បាយលើបញ្ហាព្រំដែនដោយប្រើប្រាស់ព័ត៌មានបំភ្លៃ និងបំផ្លើសការពិត ដែលនោះពុំមែនជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិទេ ប៉ុន្តែជាការដុតបញ្ឆេះឲ្យមានការកើតឡើងនូវទស្សនៈជាតិនិយមជ្រុល ហើយសាលក្រមនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការពង្រឹងគោលការណ៍នីតិរដ្ឋយ៉ាងម៉ឺងម៉ាត់​ក្នុងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រដ្ឋធម្មនុញ្ញកម្ពុជាការពារសេរីភាពក្នុងការបញ្ចេញមតិស្របច្បាប់ ប៉ុន្តែមិនមែនសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្ខូចកេរ្តិ៍ឈ្មោះ ញុះញង់ឲ្យមានអំពើហិង្សា និងសាបព្រោះការរើសអើងជាតិសាសន៍ឡើយ។ ការអនុវត្តនូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិត្រូវភ្ជាប់ទៅនឹងករណីកិច្ច និងការទទួលខុសត្រូវក្នុងក្របខណ្ឌច្បាប់។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ នៅពេលដែលតុលាការផ្តន្ទាទោសពួកទាំងនេះ បែរជាមានជនបរទេសខ្លះ អង្គការក្រៅរដ្ឋាភិបាលខ្លះប្រតិកម្មទាំងទទឹងទិស ធ្វើជាមិនយល់ឬមិនយល់ទាល់តែសោះអំពីការអនុវត្តវិធានការច្បាប់របស់កម្ពុជា។ ពួកគេថែមទាំងបានបញ្ចេញប្រតិកម្មមានលក្ខណៈជាការជ្រៀតជ្រែកលើការងាររបស់ស្ថាបន័តុលាការតាមរយៈការបង្គាប់បញ្ជា ការរិះគន់ដោយគ្មានហេតុផល និងបង្ហាញនូវភាពលំអៀងរបស់ខ្លួនទៅរកជនប្រព្រឹត្តអំពើល្មើសច្បាប់ដោយគ្មានការខ្មាស់អៀនសូម្បីតែបន្តិច។

កម្ពុជានៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនការអនុវត្ត និងការលើកកម្ពស់ប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាព និងនីតិរដ្ឋឲ្យមានជំហានលូតលាស់ទៅមុខទៀត លើមូលដ្ឋានរក្សាឲ្យបាននូវសន្តិភាព និងស្ថិរភាពនយោបាយព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព៕ អត្ថបទៈ ទស្សនាវដ្តីប្រជាជន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner