កម្ពុជាចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 (Video Inside)
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានស្នើដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពាន រង្វាន់ស៊ុហ្ស៊ុយ គីខាប់ ឆ្នាំ២០២០នាចុងឆ្នាំ២០២១។ ពានរង្វាន់ AFF Suzuki Cup 2020 ត្រូវបានពន្យារពេលចំនួន ២លើករួចមក ហើយដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក្នុងតំបន់ ក៏ដូចជាលើពិភពលោក។
ព្រឹត្តិការណ៍ប្រចាំតំបន់ដែលកម្ពុជាត្រៀមចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះផងដែរនោះ គ្រោងនឹងរៀបចំការប្រកួតពី ថ្ងៃទី៥ធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១មករា ឆ្នាំ២០២២។ ប៉ុន្ដែបេក្ខភាពដែលមានបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះនោះ មិនមែនមានតែកម្ពុជានោះទេ គឺមានគូប្រជែងចំនួន៣ប្រទេសផ្សេងទៀត រួមមានសិង្ហបុរី, ថៃ និងឥណ្ឌូនេស៊ី។ កម្ពុជាបើសិនជាដេញថ្លៃបាន គ្រោងនឹងប្រើប្រាស់ទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពានរង្វាន់ស៊ុហ្ស៊ុយគីខាប់នាចុងឆ្នាំនេះ។