ជនសង្ស័យម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ខណៈពេលចូលលួចទ្រព្យសម្បត្តិ ក្នុងឃ្លាំងមួយកន្លែង

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលអាជ្ញាធរសង្កាត់ចោមចៅទី២ ដាក់រហ័សនាមឱ្យថាចោរលីអូ ដោយសារតែរូបគេតែងតែស្លៀកខោលីអូ នៅពេលដែលធ្វើសកម្មដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅពេលយប់ ពេលនេះ អស់ល័ក្ខដោយសារតែចូលទៅធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងឃ្លាំងក្រណាត់មួយកន្លែង ក៏ត្រូវបានខ្សែភ្លើងឆក់ស្លាប់។ ហេតុការណ៍នេះ បានកើតឡើងតាំងពីវេលាម៉ោង១យប់រំលងអាធ្រាតឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងខាងក្រោយបន្ទាយទាហ៊ានកងវិស្វកម្ម នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ភេទប្រុស អាយុប្រហែលជាង ៤០ឆ្នាំ ស្លៀកខោលីអូ សម្បុរខ្មៅស្រអែម។ បើយោងតាមសម្តីម្ចាស់ឃ្លាំងក្រណាត់ខាងលើ បានប្រាប់ឱ្យដឹងថា នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យខាងលើ បានផ្លោះរបងឃ្លាំងចូលមកក្នុងបរិវេណឃ្លាំង រួចហើយក៏បានធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងនៅក្រោមដំបូលឃ្លាំង ពេលនោះ រូបគាត់និងកម្មករបានឮសម្លេងមានមនុស្សចូលឃ្លាំង ក៏នាំគ្នាចេញមកដើររកតែរកមើលមិនឃើញ លុះដល់ព្រឹកឡើង ក៏ស្រាប់តែប្រទះឃើញជនសង្ស័យត្រូវឆក់ខ្សែភ្លើងស្លាប់លើគ្រោងដែកក្រោមដំបូលឃ្លាំង ទើបបង្កឱ្យមានការភ្ញាក់ផ្អើល និងបានរាយការណ៍ទៅខាងសមត្ថកិច្ចមូលដ្ឋាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏បានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើកោសល្យវិច័យទៅលើសាកសព រួមទាំងគ្រូពេទ្យចុះមកយកសំណាកតេស្តរកមររោគកូវីត១៩ ដោយទទួលលទ្ធផលវិជ្ជមាន បន្ទាប់ពីធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា សពជនសង្ស័យខាងលើនេះ ពិតជាត្រូវបានឆក់ខ្សែភ្លើងស្លាប់ ដោយខ្លួនឯងពិតប្រាកដមែន។ រីឯ សពត្រូវបានសមត្ថកិច្ចមូលដ្ឋានចាត់ចែងយកទៅបូជាតាមប្រពៃណី៕ ដោយ/ ឆៃហួត_និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner