អភិបាលខេត្តបាត់ដំបង កោតសរសើរមេភូមិ ក្នុងឃុំចំនួន០៣របស់ស្រុកបវេលដែលបានចុះភ្ជាប់ជាមួយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ-19 ក្នុងមូលដ្ឋានខ្លួន

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងកោតសរសើរពីការយកចិត្តទុកដាក់របស់អាជ្ញាធរនៃរដ្ឋបាលនៅក្នុងមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងស្រុកបវេល ជាពិសេសអស់លោក លោកស្រីជាមេភូមិៗ ក្នុងឃុំមួយចំនួន របស់ស្រុកមួយនេះ គឺ៖ឃុំអំពិលប្រាំដើម ព្រៃខ្ពស់ និងឃុំល្វា ដែលបានខិតខំជំរុញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមកចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ តាមគោលការណ៍ស្ម័គ្រចិត្តនៅតាមបណ្តាមណ្ឌលចាក់វ៉ាក់សាំងដែលរៀបចំដោយរដ្ឋបាលខេត្ត-ស្រុក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យស្រុកប្រតិបត្តិ ក្នុងមូលដ្ឋានផ្ទាល់ ដោយមានកិច្ចសហការចូលរួមក្នុងការចុះប្រតិបត្តិការពីកងកម្លាំងទាំង៣ប្រភេទ ដើម្បីជំរុញ និងពន្លឿនក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទីនោះ និងពីការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២-១៧ឆ្នាំទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ទៀតផង។

        ការថ្លែងកោតសរសើរបែបនេះ ក្នុងខណៈដែលឯកឧត្តមអភិបាលខេត្ត បានដឹកនាំប្រតិភូនៃរដ្ឋបាលខេត្តបាត់ដំបង ចុះពិនិត្យមើលពីស្ថានភាពនៃដំណើរការក្នុងការចាក់វ៉ាក់និងក្តាប់នូវសំណូមពរពីបញ្ហាប្រឈមមួយចំនួន ដែលទាក់ទិននិងការផ្តល់និងការចាក់វ៉ាក់សាំងនៅតាមមណ្ឌលទាំងនោះ ជាពិសេស នៅមណ្ឌលចាក់វ៉ាក់សាំង០២កន្លែង ស្ថិតនៅក្នុងវត្តអំពិលប្រាំដើម ក្នុងឃុំអំពិលប្រាំដើមនិងនៅក្នុងវត្តល្វា ក្នុងឃុំល្វា នៃ ស្រុកបវេល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០៣ខែកញ្ញា២០២១នេះ។

        ឯកឧត្តម ងួន រតនៈ បានថ្លែងបន្ថែមទៀតថាការយកចិត្តទុកដាក់ពីលោកមេភូមិបែបនេះគឺជាការជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងភូមិរបស់ខ្លួនបានមកទទូលបាន នូវ ការចាក់វ៉ាក់សាំង ការពារកូវីដ-19 បានគ្រប់ៗគ្នា បើទោះបី ជាបងប្អូនមិនទាន់ទទួលបានការចាក់វ៉ាក់សាំងក៏លោកមេភូមិគាត់ក្តាប់បានពីចំនួនប្រជាជនដែលបានចាក់និងមិនទាន់ចាក់។ ដែលនេះគឺជាបទពិសោធន៍និងជាគំរូល្អមួយ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានដទៃទៀត យកគំរូការងារបែបនេះ ទៅអនុវត្តតាម ក្នុងការពន្លឿន និងធ្វើការកៀងគរឲ្យប្រជាពលរដ្ឋរបស់ខ្លួនដែលមិនទាន់បានចាក់ឲ្យមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទាន់ក្រុមការងារដែលកំពុងតែធ្វើការចាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

        ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការណែនាំនិងដាស់តឿនជម្រុញដល់អាជ្ញាធរមូលដ្នានទាំងអស់ក្នុងឃុំចំនួន៣ ខាងលើនេះ ត្រូវបន្តធ្វើការផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់ ឲ្យឆាប់រួសរាន់មកចាក់ ឲ្យបានគ្រប់ៗគ្នាកុំឲ្យខកខានឲ្យសោះ។ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកងកម្លាំងដែលមកពីអង្ភភាពចំណុះឲ្យយោធភូមិភាគទី៥ ក្រុមគ្រូពេទ្យ និងក្រុមយុវជនក្នុងមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ខិតខំពន្លឿនក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដើម្បីឲ្យឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលឆ្លងរីករាលដាលរាតត្បាតពីជំងឺកូវីដ-19ចូលទៅក្នុងសហគម៍កន្លងមក។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បាន និងកំពុងតែធ្វើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងខេត្តខ្លួនបានប្រមាណជិត៦០ម៉ឺននាក់ ស្មើនិង៥៤% ក្នុងចំណោមប្រជាពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំង ចាប់ពីអាយុ១៨ឆ្នាំឡើង ព្រមទាំងកុមារ និងយុវវ័យ អាយុចាប់ពី ១២ – ១៧ឆ្នាំ សរុបប្រមាណ ជាង០១លាននាក់។ ក្នុងនោះដែរ ការចាក់ដូសជម្រុញ “ដូសទី៣”  បានប្រមាណ ជិត០២ម៉ឺនដូសផងដែរ។

        ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តនិងប្រតិភូនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានពាំនាំនូវអំណោយមួយចំនួន របស់ សម្តេចក្រឡាហោម សខេង និង លោកជំទាវ ដើម្បីផ្តលជួន ដល់ក្រុមគ្រូពេទ្យ កងកម្លាំងដែលកំពុងតែបំពេញការងារ ក្នុងការពន្លឿន នូវ ការចាក់វាំក់សាំង ជូនប្រជាពលរដ្ឋកុមារនិងយុវវ័យ អាយុចាប់ពី ១២ដល់១៧ឆ្នាំ ឲ្យបានលឿនដើម្បីឈានទៅបើកសាលារៀនឡើងវិញ ក្នុងពេលឆាប់ៗខាងមុខ។ អំណោយដែលនាំយកទៅប្រគល់ជូន ដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងនៅតាមមណ្ឌលចាក៎វ៉ាក់សាំង០២ទីតាំងខាងលើរួមមាន៖ ម៉ាស់ អាល់កុល០១កាន, ភេសជ្ជៈ ទឹកសុទ្ធ និងទឹកក្រូច មួយចំនួន ផងដែរ៕   ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner