បន្លែសុវត្ថិភាព និងបន្លែសរីរាង្គ នៅស្រុកកញ្ច្រៀច ខេត្តព្រៃវែង មានការឡើងថ្លៃបន្តិចហើយ ខណៈដែលជំងឺកូវីដ-១៩ មានការថយចុះ

ព្រៃវែង ៖ សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង ស្ថិតនៅក្នុងភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ជាតំបន់មួយមានសក្កដានុពល ក្នុងការដាំដុះបន្លែសុវត្ថិភាព និងបន្លែសរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ក៏ដូចជាក្នុងខេត្តព្រៃវែង ហើយក៏បានបន្តចែកចាយនៅតាមបណ្ដាលខេត្តមួយចំនួន ហើយបន្លែទាំងអស់នេះបាននិងកំពុង មានតម្លៃថ្លៃបន្តិច ខណៈជំងឺកូវីដ-១៩ មានការថយចុះ ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ។

លោកប្រធានមន្ទីរ បានលើកឡើងទៀតថា កន្លងមក មានបញ្ហាទីផ្សារបន្តិចដោយសារតែការកើនឡើងនៃជំងឺកូវីដ-១៩ ធ្វើឲ្យផ្សារមួយចំនួនត្រូវបានបិទ ហើយចំពោះការលក់ដូរក៏មានការ ផ្អាកខ្លះៗ តែទោះជាយ៉ាងណា បន្លែសុវត្ថិភាព ក៏ដូចជាបន្លែសរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រពាំងស្រស់បំព្រងនេះ នៅតែដាំជាបន្តបន្ទាប់ និងបន្តចែកចាយទោះបីជាមានតម្លៃធ្លាក់ចុះបន្តិចក៏ពិតមែន ។

លោក ប្រធានមន្ទីរ បានបន្តទៀតថា ការចងក្រងជាសហគមន៍នេះគឺមានចំនួន ៦៣ គ្រួសារ ដែលដាំបន្លែចម្រុះមាន ស្ពៃ សាឡាត់ ខាត់ណា ត្រប់ ត្រសក់ ម្ទេស ជាដើម ដែលដាំដុះនៅលើផ្ទៃដីប្រមាណជា ៥ហិកតា ហើយនៅរដូវប្រាំង ប្រជាពលរដ្ឋគាត់អាចដាំបាន ពី ២០ ទៅ ៣០ ហិកតាបន្ថែមទៀត ។ ចំពោះទួលនេះផងដែរគឺដាំបានខួបប្រាំងខួបវស្សា ដោយមិនមានបញ្ហាទឹកលិចនោះទេគឺអាចផ្គត់ផ្គង់ទីផ្សារពេញមួយឆ្នាំៗតែម្ដង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner