ក្រុមបាល់ទាត់នារី នឹងបង្ហាញខ្លួនជាលើកដំបូង សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី នឹងបង្ហាញខ្លួនជាលើកដំបូង សម្រាប់ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង ។យោងតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឲ្យដឹងថា នេះជាការត្រៀមខ្លួនបង្កើនគុណភាពបច្ចេកទេសរបស់ក្រុមបាល់ទាត់នារីកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ ។

ដើម្បីពង្រឹងសមត្ថភាពអត្តពលិកកម្ពុជា ត្រៀមសម្រាប់ព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសហការពីរដ្ឋាភិបាលចិន តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងបញ្ជូនកីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានរាយនាមក្នុងបញ្ជី ទៅហ្វឹកហាត់នៅចិនរយៈពេល៩០ថ្ងៃ ។ ក្រុមជម្រើសជាតិនារីនឹងត្រូវធ្វើដំណើរទៅហ្វឹកហាត់នាចុងខែកញ្ញានេះ ក្រោយពន្យារពេលមួយរយៈដោយសារវិបត្តជំងឺឆ្លងកូវីដ-១៩ ។

ចំពោះសមាសភាពក្រុមនារី ដែលត្រៀមចេញហ្វឹកហាត់នៅប្រទេសចិននេះមានចំនួន២២នាក់ ក្នុងនោះមកពីក្លិបមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៍ ៧នាក់, ភ្នំពេក្រោន ៧នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ក្លិបបាល់ទាត់សៀមរាប ២នាក់, មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ២នាក់។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា «យើងមានសុទិដ្ឋិនិយមចំពោះក្រុមបាល់ទាត់នារី ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយការហ្វឹកហាត់នៅប្រទេសចិននេះ គឺក្រុមនារីមានឱកាសបានហ្វឹកហាត់សមជាមួយក្រុមនារីនៅចិន ពីព្រោះនៅចិនមានក្រុមបាល់ទាត់នារីច្រើន។ វាជាការហ្វឹកហាត់ត្រៀមបានល្អប្រសើរជាងនៅក្នុងស្រុក ដោយសារយើងមានក្រុមបាល់ទាត់នារីតិចតួច។ កាលណាការប្រមូលផ្តុំហ្វឹកហាត់ បូកផ្សំនឹងការគោរពវិន័យផងនោះ យើងជឿជាក់ថា ក្រុមបាល់ទាត់នារីក៏អាចបង្កើនបានសិទ្ធផលកាន់តែខ្ពស់ទៅតាមនោះដែរ»។ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc មានប្រសាសន៍ថា ក្រុមបាល់ទាត់នារីកម្ពុជាចំនួន២២នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់នៅចិន គឺស្ថិតនៅក្នុងចំណោមក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា សរុប ១៣៥នាក់ នៃ១២ប្រភេទកីឡា ។ គម្រោងហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងចេញទៅនាចុងខែកញ្ញា ឬខែតុលា ឆ្នាំ២០២១ ដែលនេះគឺជាជំនួយឥតសំណងមួយផ្នែករបស់ចិន ក្រៅពីអំពីជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ គម្រោងហ្វឹកហាត់នៅប្រទេសចិន មានរយៈពេលវែង ពីចុងឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣ ដែលព្រះរាជាណាក្រកម្ពុជាកំពុងត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ក្នុងការទទួលរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

នៅក្នុងពេលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ ក្រុមជម្រើសជាតិកម្ពុជាដែលហ្វឹកហាត់នៅចិននឹងត្រឡប់មកចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម នេះ ហើយក្រោយបញ្ចប់ ទើបក្រុមជម្រើសជាតិទាំងអស់នឹងបន្តទៅហ្វឹកហាត់នៅចិនបន្ថែម រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង៕ រូបភាព FFC & PPC

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner