ស្រាទំពាំងបាយជូ និងស្រាស សញ្ញា មាស ហុងបានចំនួនជាង១ពាន់ដប ដែលមានសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ត្រូវបានសមត្ថកិច្ចប្រមូល ដើម្បីកម្ទេចចោល

បន្ទាប់ពីបានស្រាវជ្រាវរកឃើញនូវមូលហេតុ ដែលបណ្តាលឱ្យមនុស្សចំនួន៣នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញនិងបន្ទាប់ពីបានចុះត្រួតពិនិត្យ ,ឆែកឆេរទីតាំងផលិត និងចែក ចាយ ស្រានានា មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ នៅថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានបន្តនីតិវិធី ចុះត្រួតពិនិត្យ និងប្រមូលត្រឡប់មកវិញនូវផលិតផលស្រាទំពាំង បាយជូ និងស្រាស សញ្ញាមាស ហុង នៅបណ្តាទីតាំងចែកចាយ និងកន្លែងលក់ស្រាក្នុងរាជធានីភ្នំពេញ។

ផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុង ត្រូវបានមន្ទីរពិសោធន៍ បានរកឃើញមានវត្តមានសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ ដែលអាចបង្កឱ្យស្លាប់បាត់បង់ជីវិត ប្រសិនបើបរិភោគស្រានេះក្នុងកម្រិតកំណត់មួយ។

មន្រ្តីជំនាញ បានរកឃើញនិងប្រមូល ស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុងបានចំនួន ១ពាន់២៥៣ដប ស្មើនឹង៦២៧ លីត្រ មករក្សាទុកដើម្បីកំទេចចោល។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដើម្បីការពារអាយុជីវិត សូមបញ្ឈប់ជាបន្ទាន់ការបរិភោគស្រាដែលគ្មានប្រភពច្បាស់លាស់ ពិសេសស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង និងអំពាវនាវដល់អាជីវករទាំងអស់សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូនិងស្រាសសញ្ញាមាស ហុង និងសូមទាក់ទងប្រគល់ជូនសមត្ថកិច្ចនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ដើម្បីធ្វើការកំទេចចោល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner